ក្រុមហ៊ុន ហ្គ្រីន លីឌើរ (Green Leader)ដែលជាក្រុមហ៊ុនវិនិយោគលើរោងចក្រកែច្នៃម្សៅដំឡូងមី និងជីវឥន្ធន:អេតាណុល នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះបានឱ្យដឹងថាក្រុមហ៊ុនកំពុងសាងសង់ប្រមាណជាបាន70% ហើយ ដោយរោងចក្រកែច្នៃនេះនឹងមានសមត្ថភាពផលិតម្សៅដំឡូងមីបានប្រមាណជា 1លានតោនក្នុងមួយឆ្នាំ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ និងឈានទៅដល់ការដាក់ឱ្យដំណើរការកែច្នៃដំឡូងមីនៅដើមឆ្នាំក្រោយ។
លោក Tse Michael Nam នាយកក្រុមហ៊ុន ហ្គ្រីន លីឌើរ (Green Leader) បានឱ្យដឹងថា យោងតាមគម្រោងផែនការដែលបានគ្រោងទុក ការសាងសង់រោងចក្រកែច្នៃដំឡូងមី ដែលបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី1 ខែមេសា ឆ្នាំ2018កន្លងទៅបានសម្រេច70%ហើយ។ នេះបើតាមសេចក្ដីរាយការណ៍ស្ដីពីវឌ្ឍនភាពនៃការកសាងរោងចក្រកែច្នៃដំឡូងមី កាលពីថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2018ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីលោក Gao Hua នាយកប្រតិបត្តិក្រុមហ៊ុន ហ្គ្រីន លីឌើរ ផងដែរ ។
សូមបញ្ជាក់ថាក្រុមហ៊ុន Green Leaderនឹងបន្តសាងសង់រោងចក្រ 3កន្លែង (នៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តស្ទឹងត្រែង) បន្ថែមទៀតក្នុងចំណោម 10រោងចក្រនៅទូទាំងប្រទេសកម្ពុជា ដែលរួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
ក្រសួងកសិកម្មបានឱ្យដឹងថា តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក (International Center for Tropical Agriculture, CIAT) បានបង្ហាញថា កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីរហូតដល់ទៅជាង 67ម៉ឺនហិកតា ជាមួយនឹងទិន្នផលប្រមាណ 14.8លានតោនដែលទទួលបានក្នុងឆ្នាំ2017។ បច្ចប្បន្នកម្ពុជាជាប្រទេសផលិតដំឡូងមីលំដាប់ទី8 លើពិភពលោក និងលំដាប់ទី4 ក្នុងតំបន់អាស៊ីអាគ្នេយ៍។
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា កាលពីឆ្នាំ2017កន្លងទៅ ការនាំចេញផលិតផលចំណិតដំឡូងមីស្ងួតទៅកាន់ទីផ្សារបរទេសមានប្រមាណជាង 2.3លានតោន ខណៈដែលការនាំចេញដំឡូងមីស្រស់មានចំនួនជាង 75ម៉ឺនតោន ក្នុងនោះប្រទេសថៃ និងវៀតណាមត្រូវបានចាត់ទុកថាជាទីផ្សារធំបំផុតក្នុងការនាំចេញ ខណៈទីផ្សារនាំចេញទៅប្រទេសចិនផ្ទាល់ ហាក់មានតិចតួចនៅឡើយ។
សូមបញ្ជាក់ថា ក្រោមគម្រោងកិច្ចសហការរវាងទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិUNDP ប្រចាំកម្ពុជា និងក្រុមហ៊ុន Green Leader លើការបង្កើតមូលនិធិរួមគ្នាដែលមានទឹកប្រាក់សរុប 80ម៉ឺនដុល្លារសហរដ្ឋអាមេរិក គឺសម្រាប់អនុវត្តគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា ស្របតាមយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម និងគោលនយោបាយអភិវឌ្ឍន៍វិស័យដំឡូងមីកម្ពុជា៕