នយោបាយទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋាភិបាលកម្ពុជាជាមួយនឹងប្រទេសជប៉ុនបានធ្វើឱ្យការនាំចេញទៅកាន់ប្រទេសមួយនេះកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល 9ខែនៃឆ្នាំនេះ។
យោងតាមតួលេខចុងក្រោយពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO)បានឱ្យដឹងថា ពាណិជ្ជកម្មរវាងប្រទេសទាំង2 បានកើនឡើងគួរកត់សម្គាល់ចាប់ពីខែមករា ដល់ខែកញ្ញាដោយការនាំចេញរបស់កម្ពុជាកើនឡើង23.5% និងការនាំចូលកើនឡើង12.7%។ ក្នុងនោះការនាំចេញទំនិញដែលមានតម្លៃ 1.18ពាន់លានដុល្លារត្រូវបានបញ្ជូនទៅប្រទេសជប៉ុនខណៈប្រទេសកម្ពុជាបានទិញទំនិញជប៉ុនប្រហែល 293លានដុល្លារ។
គ្រាន់តែនៅក្នុងខែកញ្ញាមួយ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើងជាង22.5% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានកើនឡើង21.9%។ ក្នុងអំឡុងខែនោះការនាំចេញមានតម្លៃ174.5លានដុល្លារ ខណៈការនាំចូលមានចំនួន37.6លានដុល្លារ។
ការនាំចេញរបស់កម្ពុជាភាគច្រើន គឺសម្លៀកបំពាក់ និងផលិតផលស្បែកជើង។ យោងតាមក្រុមហ៊ុន JETRO បានឱ្យដឹងថា ប្រទេសជប៉ុនភាគច្រើននាំចេញគ្រឿងម៉ាស៊ីនរថយន្ត និងគ្រឿងអេឡិចត្រូនិកមកកម្ពុជារួមទាំងសាច់គោ ដែក និងឱសថផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទំនាក់ទំនងទ្វេភាគីមានភាពស្និទ្ធស្នាលក្នុងគ្រប់វិស័យទាំងអស់មិនត្រឹមតែធ្វើពាណិជ្ជកម្មទេ។ តួលេខពាណិជ្ជកម្មចុងក្រោយរបស់ JETRO បង្ហាញពីទំនុកចិត្តចំពោះផលិតផលកម្ពុជា និងពង្រឹងសារៈសំខាន់នៃការធ្វើសមាហរណកម្មក្នុងតំបន់ដែលកំពុងកើនឡើង។
ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជាបានកោតសរសើរចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងរដ្ឋាភិបាលកម្ពុជា និងជប៉ុនក្នុងអំឡុងជំនួបជាមួយលោក Miyao Masahiro ប្រធានក្រុមហ៊ុន JETRO។ ឯកឧត្តមរដ្ឋមន្ត្រីបានប្រាប់លោក Masahiro ថា រដ្ឋាភិបាលកម្ពុជាមានការកោតសរសើរយ៉ាងខ្លាំងចំពោះការងាររបស់ JETRO នៅក្នុងប្រទេសកម្ពុជា។ «JETRO ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ យើងតែងតែកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការរបស់វិនិយោគិនជប៉ុនចំពោះការអភិវឌ្ឍប្រទេស»។
ឯកឧត្តមមានប្រសាសន៍ថា ក្នុងពេលកន្លងមក ក្រុមហ៊ុនជប៉ុនស្ទាក់ស្ទើរក្នុងការវិនិយោគនៅកម្ពុជាដោយលើកឡើងពីក្តីបារម្ភសុវត្ថិភាព ប៉ុន្តែលោកបានបន្ថែមថា ឥឡូវនេះពួកគេមានបំណងចង់វិនិយោគលើវិស័យផ្សេងៗគ្នា។ មានរោងចក្រជប៉ុនចំនួន 82 កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតការងារ 30.000 កន្លែង។
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យក្រុមហ៊ុនជប៉ុនបន្តវិនិយោគនៅកម្ពុជាតាមដែលអាចធ្វើទៅបាន។ ក្រសួងនឹងបន្តគាំទ្រ និងសម្របសម្រួលការវិនិយោគរបស់វិនិយោគិនជប៉ុន។
លោក Masahiro បានថ្លែងអំណរគុណដល់ក្រសួង និងរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ក្រុមហ៊ុនជប៉ុន និងវិនិយោគិន។ យើងនឹងបន្តការងារនេះដើម្បីទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជា ហើយយើងក៏នឹងខិតខំប្រឹងប្រែងផងដែរដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។
យោងតាមធនាគារជាតិនៃកម្ពុជា អ្នកទិញផលិតផលកម្ពុជាច្រើនជាងគេគឺ សហរដ្ឋអាមេរិក (21%) បន្ទាប់មកប្រទេសអង់គ្លេស និងអាល្លឺម៉ង់ដែលរួមគ្នាមានចំនួន 17.8% នៃការនាំចេញសរុប ឯជប៉ុនមាន 7.5%។
កាលពីឆ្នាំមុនប្រទេសកម្ពុជាបានទិញភាគច្រើនពីប្រទេសចិន41.7% ប្រទេសថៃ16.% និងប្រទេសវៀតណាមចំនួន11.7 % នៃការនាំចូលសរុប។ ទន្ទឹមនឹងនេះការនាំចូលពីប្រទេសជប៉ុនតំណាងឱ្យ4.2% នៃការនាំចូលទាំងអស់៕