ភ្នំពេញៈ តារាសម្តែងជាថៅកែស្រីវ័យក្មេងសម្អាងការ កញ្ញា លី ច័ន្ទសីហា និងគូដណ្តឹងនិស្សិតយោធាមាឌធំលោក ច័ន្ទ ថៃសេង បានដើរចែកធៀបការជាបណ្តើរៗហើយ ខណៈពិធីមង្គលការនឹងចូលក្រាបផ្ទឹមនៅក្នុងរោងជ័យ នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោយពីបានវេលាល្អ និងកំណត់យកជាផ្លូវការ ដែលបានត្រៀមរៀបចំទទួលភ្ញៀវចំនួន ១២០តុ។
ថ្លែងទាំងរូបនាងកំពុងតែជាប់ថតឈុតនៃកុនភាគរឿង «វេទមន្តស្នេហ៍» នៅឯខេត្តកំពង់ធំ តារាស្រីដែលមមាញឹកទាំងការងារអាជីវកម្មទើបពង្រីកបន្ថែមហាងថ្មី និងសិល្បៈ ខណៈថ្ងៃមង្គលការកាន់តែខិតជិតមកដល់នោះ កញ្ញា លី ច័ន្ទសីហា បង្ហើបប្រាប់ត្រួសៗពីគម្រោងនៃពិធីមង្គលការខ្លួនថា៖ «ចូលរោងការនៅថ្ងៃសុក្រទី ៥ ខែ ៥ ខាងមុខនេះ ដោយនាងខ្ញុំគ្រោងរៀបចំទទួលភ្ញៀវចំនួន ១០០ តុ ហើយក៏មានការត្រៀមទុកបន្ថែមចំនួន ២០ តុ ដែរ។ តែទីកន្លែងទទួលភ្ញៀវវិញគឺធ្វើនៅឯមជ្ឈមណ្ឌលម៉ូដែន ២ នៅឯចាក់អង្រែ ឯណោះ ដោយមិនបានរៀបចំនៅមជ្ឈមណ្ឌលកោះពេជ្រនោះទេក៏ព្រោះតែអស់កន្លែង បើទោះបីជាខំរកកក់ទុកតាំងពី ៥ ឬ ៦ ខែមុនយ៉ាងណាក្តី»។
តារាសម្តែងស្រីជាប់ងារជាតារាស្រីទឹកភ្នែក ដែលបានសម្តែងនៅក្នុងភាពយន្តរឿង «មរណមាតា» និងរឿង «កូនកតញ្ញូ» កញ្ញា លី ច័ន្ទសីហា ប្រាប់ថា៖ «សម្រាប់អ្នកសិល្បៈនាងខ្ញុំបានអញ្ជើញពួកគាត់ចោះៗ តែអ្នកស្គាល់ប៉ុណ្ណោះខ្លាំងប៉ុណ្ណោះសរុបទៅមានចំនួនទាំងអស់ប្រមាណជា ២៧ តុ ឬ ២៨ តុ។ ក្រៅពីនេះជាភ្ញៀវខាងសាច់ញាតិទាំងសងខាង និងភ្ញៀវខាងទំនាក់ទំនងរកស៊ី»។ ដោយសារតែតារាស្រីរូប គឺជាថៅកែផ្នែកសម្អាងការស្រាប់នោះ មើលទៅអាចមានការធូរស្រាលទៅលើការចំណាយផ្នែកមួយនេះមិនខានឡើយ ខណៈថ្លៃជួលផ្នែកសម្អាងការសម្រាប់ក្រុមគ្រួសារអ្នកមាន ឬក្រុមតារាល្បីៗមានតម្លៃពីរាប់ពាន់ដុល្លារទៅដល់ម៉ឺនដុល្លារឯណោះ។
តែតារាសម្តែងស្រីជាថៅកែសម្អាងការវ័យក្មេងកញ្ញា លី ច័ន្ទសីហា ដែលបានភ្ជាប់ពាក្យនឹងគូដណ្តឹងលោក ច័ន្ទ ថៃសេង តាំងកាលពីថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ២០១៦កន្លងមក ហាក់ដូចជាបានសម្តែងអារម្មណ៍ខុសប្លែកពីក្តីរំពឹងទុកថាអាចសម្រួលថតលើការចំណាយនេះទៅវិញ ដោយកញ្ញាបានពន្យល់លម្អិតថា៖ «បើតាមការពិតទៅនោះ នាងខ្ញុំយល់ថា ប្រសិនបើជានាងខ្ញុំជួលសម្អាងការគេវិញ ប្រហែលជាអស់តិចជាងសម្អាងការខ្លួនឯង។ ព្រោះតែរៀបការខ្លួនឯង និងជាម្ចាស់សម្អាងការទៀត ទើបតម្រូវឲ្យនាងខ្ញុំមានការគិតគូរត្រូវចំណាយលើការទិញសម្លៀកបំពាក់គឺសុទ្ធតែថ្មីៗទាំងអស់គ្រប់គ្នាទាំងកូនក្រមុំ កូនកម្លោះ និងអ្នកកំដរ រួមទាំងសម្ភារៈផ្សេងៗទៀត។ ដូច្នេះនាងខ្ញុំយល់ថា មហាជនជាអតិថិជនក៏ចាំរំពៃមើលឈុតរៀបអាពាហ៍ពិពាហ៍របស់នាងខ្ញុំផងដែរ បើមិនស្អាតទេ គឺពួកគាត់ក៏នឹងមិនចាប់អារម្មណ៍ជួលសម្អាងការខ្ញុំនោះឡើយ»៕