សាទរប្រទេសកម្ពុជាបានបំបែកកំណត់ត្រាពិភពលោកទូកងវែងជាងគេលើពិភពលោក ដែលខណៈមុននេះបន្ដិចគណៈកម្មការវាយតម្លៃ Guinness World Records បានប្រកាសថា “អបអរសាទរកម្ពុជា អ្នកមានឯតទគ្គកម្ម ទូកងវែងជាងគេលើពិភពលោក ដែលមានប្រវែង 87.3 ម៉ែត្រ”។
លោក Pravin Patel បានបញ្ជាក់យ៉ាងដូច្នេះថា «ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង 87.3 ម៉ែត្រ ត្រូវបានបំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ»។ ពិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី និងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក «ង» វែងជាងគេនៅលើពិភពលោក ព្រមទាំងលោក លោកស្រី ជាថ្នាក់ដឹកនាំ និងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុស កញ្ញា ឱក សុគន្ធកញ្ញា និងតារាកិត្តិយសជាច្រើនរូប ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
សូមជម្រាបដែរថា ទូកនេះ មានប្រវែងរហូតដល់87.3 ម៉ែត្រ, ទទឹង1.94ម៉ែត្រ និងជម្រៅ 0.8ម៉ែត្រ ត្រូវរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះ រហូតដល់ 179នាក់ឯណោះ ដោយ100 នាក់មកពីទាហានជើងទឹក និង79នាក់ មកពីនគរបាលជើងទឹក៕