ពិតជារងការរិះគន់មិនស្ទើរទេ បន្ទាប់ពីតារាចម្រៀងថ្មីម្នាក់ បានបញ្ចេញបទ«ឈឺណាស់»ដោយក្នុងបទនោះ គឺនាងចម្លងសំលេងថ្ងូរយ៉ាងស្រើបស្រាល តាមលំនាំតារាចម្រៀងថៃ ដែលនៅប្រទេសថៃគឺបទមួយនេះត្រូវបានប្រកាសបិទ ដោយតារាចម្រៀងដែលបានចេញច្រៀងបទនោះ ក៏រងបណ្ដឹងជុំវិញថាបានផលិតបទដែលខ្វះសីលធម៌ ធ្វើឱ្យមានប្រតិកម្ម។
លោក ម៉ៃ សុគន្ធ បានរិះគន់បទចម្រៀងខ្មែរមួយបទនេះ ដោយលោកសរសេរថា «បើជ្រុលចម្លងបទចម្រៀងរបស់គេមកច្រៀង មិនមិនចម្លងបទដែលល្បីក្នុងផ្លូវល្អៗ ថីមកចម្លងបទចម្រៀងដែលក្នុងសង្គមថៃគេប្រកាសបិទចោល ស្របគ្នាម្ចាស់ចម្រៀងត្រូវគេដាក់បណ្ដឹង»។ អ្វីដែលលោករិះគនគឺថាហេតុអ្វីមិនចម្លងតែសាច់ភ្លេង និងខ្លឹមសារ ចាំបាច់ចម្លងដល់ទៅស្ទីលថ្ងូរដែលមិនខុសពីធ្វើរឿងអាម៉ាស់ក្នុងវិស័យចម្រៀងរបស់ខ្មែរបែបនេះ។
គួរបញ្ជាក់បន្ថែមថា តារាចម្រៀង គ្រីប លក្ខិណា ដែលជាម្ចាស់បទត្រូវគេមើលឃើញសំឡេងអ្នកជេរប្រទិចចំពោះនាងពាសពេញហ្វេសប៊ុក ជាពិសេសស្ទីលថ្ងូរយ៉ាងស្រើបស្រាលរបស់នាងនៅក្នុងបទចម្រៀងទាំងមូល។ បទចម្រៀង«ឈឺណាស់» ដែលទើបតែចេញបង្ហោះនៅលើយូធូបក្ដៅៗនេះ គឺជាបទចម្លងទាំងស្រុងពីបទ«ថ្ងូរហៅឈ្មោះបង» ដែលនៅប្រទេសថៃ គេឃើញមានការប្រកាសបិទចោលដោយក្រសួងរដ្ឋ ហើយម្ចាស់បទ និងអ្នកនិពន្ធត្រូវរងបណ្ដឹង។ អ៊ីចឹងហើយទើបម្នាក់ៗមានការភ្ញាក់ផ្អើលមិនតិចទេ ដែលចម្រៀងស្អុយកក្រើកសង្គមថៃមួយនេះ ត្រូវបានតារាចម្រៀងចម្លងយកមកច្រៀង ហើយចម្លងទាំងស្ទីលថ្ងូរ ដែលស្ដាប់ហើយធ្វើឱ្យទើសត្រចៀកអ្នកស្ដាប់ភាគច្រើននោះ៕