រយៈពេល 10ឆ្នាំ ក្រោយពីឈ្នះពាន Formula One ជាលើកទី1 របស់គេនៅលើទីលាន Interlagos ម្ចាស់តំណែងជើងឯកពិភពលោក 5សម័យកាល Lewis Hamilton បានឈ្នះក្នុងព្រឹត្តិការណ៍ Brazilian Grand Prix កាលពីថ្ងៃអាទិត្យ និងបានជួយឱ្យក្រុម Mercedes របស់គេ ឈ្នះពានផ្នែកផលិតក្នុងការប្រណាំងរថយន្ត Formula One សម្រាប់ឆ្នាំទី5 ជាប់ៗគ្នា។
វាជាជ័យជម្នះជាលើកទី10 របស់ Hamilton នៅរដូវកាលនេះ ក្រោយពីបានបញ្ចប់ដោយនាំមុខក្នុងថិរវេលា 1.4វិនាទី នាំមុខកីឡាករ Max Verstappen របស់ក្រុម Red Bull។ ប៉ុន្តែ វាគួរតែផ្តល់លទ្ធផលផ្សេងគ្នាសម្រាប់កីឡាករអង់គ្លេសរូបនេះ ដែលបានជួបបញ្ហាម៉ាស៊ីន និងកង់ ខណៈដែលរូបគេបានរង់ចាំភ្លៀងដែលមិនបានធ្លាក់មក។
ការដណ្តើមបានជ័យជម្នះជាលើកទី2 របស់ Hamilton ក្នុងទីក្រុង Sao Paulo បានកើតឡើង ក្រោយពីកីឡាករ Esteban Ocon របស់ក្រុម Force India មិនអនុញ្ញាតឱ្យ Verstappen វ៉ាក្នុងជុំទី44 ដែលនាំឱ្យរថយន្តរបស់កីឡាករទាំង2 ប៉ះទង្គិចគ្នា និងវិលជាច្រើនជុំនៅលើទីលានប្រណាំង។ ក្នុងពេលនោះ Verstappen របស់ក្រុម Red Bull បាននាំមុខលើ Hamilton រហូតដល់ទៅ 5វិនាទី។
ក្រោយពីការប្រណាំង Hamilton បានឱ្យដឹងថា៖ «ឧប្បត្តិហេតុនោះ បានធ្វើឱ្យយើងវិលទៅកាន់ការប្រជែងវិញ។ Max បាននាំមុខដាច់ ហើយវាពិតជាផ្តល់ការលំបាកដល់អ្នកតាមពីក្រោយ។ ប៉ុន្តែ ខ្ញុំពិតជាមានមោទនភាពនៅទីនេះ។ ខ្ញុំមិនខ្វល់ពីនរណាម្នាក់ឡើយ»៕
ប្រភពពី៖ Channel News Asia