កាលពីថ្ងៃសុក្រកន្លងទៅ គឺជាថ្ងៃខួបកំណើតកូនស្រីរបស់តារាហូលីវូដដ៏ល្បីឈ្មោះ Angelina Jolie គឺនាងតូច Shiloh ដែលឆ្នាំថ្មីនេះ នាងមានអាយុបាន ១១ឆ្នាំហើយ។ ឆ្លៀតក្នុងឱកាសនោះ តារាឯកស្រីហូលីវូដបបូរមាត់ស្អាត Angelina Jolie ក៏បាននាំកូនៗរបស់នាង ជាមួយនឹងមិត្តភក្ដិជាជនជាតិខ្មែរ ទៅលេងនៅសួនកម្សាន្ដកុមារ Disney land ផងដែរ។
តារាស្រីវ័យ ៤១ឆ្នាំខាងលើ បានដឹកដៃកូនៗ រួមជាមួយអ្នកស្រី អឹង លួង ដែលជាមិត្តិភក្តិសញ្ជាតិខ្មែរ ចូលទៅលេងឧបករណ៍កម្សាន្ដរបស់ក្មេងៗយ៉ាងសប្បាយរីករាយ ហាក់ដូចជាការរំឭកអំពីវ័យកុមារភាពរបស់នាងឡើងវិញជាមួយនឹងកូនៗនៅក្នុងសួនកម្សាន្ដកុមារ Anaheim រដ្ឋ California ។
គួររំឭកបន្តិចដែរថា វត្តមាននាងតូច Shiloh នៅលើទឹកដីប្រទេសកម្ពុជាកាលពីខែកុម្ភៈកន្លងទៅ នាងតូចបានធ្វើឱ្យប្រជាជនកម្ពុជាមានការចាប់អារម្មណ៍ និងស្រឡាញ់ចូលចិត្តនាងយ៉ាងខ្លាំងដោយសារការរៀននិយាយភាសាខ្មែរជាលើកដំបូងរបស់នាង ដោយនៅក្នុងថ្ងៃសម្ពោធរឿង «ដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នាងតូច Shiloh បាននិយាយភាសាខ្មែរយ៉ាងច្បាស់ ទៅកាន់ជនជាតិកម្ពុជាថា «ខ្ញុំឈ្មោះ ស៊ីឡូ ខ្ញុំស្រលាញ់កម្ពុជា» នេះហើយដែលសបញ្ជាក់ឱ្យឃើញថា នាងតូចមានទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងជនជាតិកម្ពុជា ដូចម្ដាយរបស់នាងដែរ៕