ខ្សែប្រយុទ្ធ Raheem Sterling បានប្តេជ្ញាពីអនាគតដ៏យូរអង្វែងមួយចំពោះក្លិប Manchester City ក្រោយពីបានបន្តកិច្ចសន្យារយៈពេល3ឆ្នាំទៀតជាមួយនឹងក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃសុក្រ។
Sterling បានស្ថិតក្នុងការចរចាផ្សេងៗជាមួយនឹងក្រុម Man City អស់រយៈពេលជាច្រើនខែមកហើយ ហើយទីបំផុត ខ្សែបម្រើស្លាបអន្តរជាតិអង់គ្លេសរូបនេះ បានយល់ព្រមកុងត្រាថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពីត្រូវបានទាក់ទងជាមួយនឹងការផ្ទេរមួយទៅកាន់ក្លិប Real Madrid។
បច្ចុប្បន្ន Sterling វ័យ23ឆ្នាំ នឹងត្រូវបន្តនៅជាមួយនឹង Man City រហូតដល់ឆ្នាំ2023 ខណៈដែលព័ត៌មានកាលពីដើមខែនេះ បានចេញផ្សាយថា ការបន្តកិច្ចសន្យាថ្មីរបស់គេនឹងមានតម្លៃ30ម៉ឺនផោន (ស្មើនឹង 38,9ម៉ឺនដុល្លារអាមេរិក) ក្នុង1សប្តាហ៍ ដែលនាំឱ្យរូបគេកីឡាកររកបានចំណូលខ្ពស់ជាងគេបំផុតរបស់អង់គ្លេស។
Sterling បានប្រាប់គេហទំព័ររបស់ Man City ថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការចុះហត្ថលេខា។ ការអភិវឌ្ឍរបស់ខ្ញុំនៅទីនេះ ពិតជាស្ថិតក្នុងកម្រិតដ៏មិនគួរឱ្យជឿ។ ខ្ញុំមានអារម្មណ៍តាំងពីនាទីដំបូងដែលខ្ញុំបានមកទីនេះថា វាគឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ។ វាពិតជាបានផ្តល់នូវផលតបស្នង ហើយខ្ញុំពិតជាដឹងគុណណាស់»។
Sterling បានជួបភាពជោគជ័យដ៏អស្ចារ្យ ក្រោមស្នារដឹកនាំរបស់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ Man City និងបានអភិវឌ្ឍដើម្បីក្លាយជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់ក្លិប និងប្រទេសរបស់គេ ចាប់តាំងពីផ្ទេរមកពីក្លិប Liverpool កាលពីឆ្នាំ2015។ រូបគេបានស៊ុតបាល់បញ្ចូលទី23គ្រាប់ក្នុងរាល់យុទ្ធនាការទាំងអស់កាលពីរដូវកាលមុន ខណៈដែល Man City បានឈ្នះពាន Premier League ក្នុងពិន្ទុជាកំណត់ត្រា ហើយក៏បានឈ្នះពាន League Cup ផងដែរ៕
ប្រភពពី៖ Channel News Asia