កសិករខ្មែរនៅឃុំសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមបានរួមគ្នាបង្កើតជាសហគមន៍ដាំដំណាំកសិកម្មបន្ទាប់បន្សំមួយចំនួនដែលមានដូចជា ជីរ ម្ទេស ត្រប់ឪឡឹក ចេក ម្នាស់ ស្លឹកគ្រៃ ល្ហុង ជាពិសេស ឪឡឹក ចេក និងម្នាស់ កន្លងមកត្រូវបាននាំទៅកាន់ផ្សារម៉ាក្រូ រីឯស្លឹកគ្រៃ និងល្ហុង ដែលទទួលបានផលច្រើនជាងគេនោះ ត្រូវបានសហគមន៍នៅទីនោះនាំចេញ(សរុបជាង 3តោន)មកកាន់ទីផ្សារក្រុងភ្នំពេញរៀងរាល់ថ្ងៃ។ នេះបើតាមការឱ្យដឹងរបស់សហគមន៍កសិកម្ម សំបូរមានជ័យ។
សហគមន៍កសិកម្ម សំបូរមានជ័យ បានឱ្យដឹងថា នៅពេលចាប់ផ្តើមបង្កើតចេញជាសហគមន៍នេះឡើង ដំបូងៗមានការចូលរួមពីប្រជាកសិករមិនច្រើនគ្រួសារទេ គឺមានតែចំនួន 88គ្រួសារ និងមានដើមទុនត្រឹមតែ 5លានរៀល បូករួមនឹងអំណោយរបស់អភិបាលខេត្ត 3លានរៀលផង គឺមានទុនតែ 8លានរៀលប៉ុណ្ណោះ។
លោក ឆេង ថុង អ្នកជំនាញខាងកសិកម្ម និងជាប្រធានសហគមន៍បានបញ្ជាក់ថា៖ “រហូតមកដល់ពេលនេះ សហគមន៍សំបូរមានជ័យ មានការរីកចម្រើន មានកសិករចូលរួមក្នុងសហគមន៍ជាង 200គ្រួសារហើយ និងមានដើមទុនចំនួនជាង 1,176លានរៀល និងទទួលបានភាពជោគជ័យច្រើន”។ បានន័យថា សហគមន៍កាន់តែមានការអភិវឌ្ឍឡើង ព្រោះកាលណាយើងមានគ្នាច្រើន វារឹតតែល្អ វាមិនលំបាកទេសម្រាប់ការធ្វើទីផ្សារ បើយើងមានផលិតផលច្រើនសម្រាប់សហគមន៍កសិកម្ម គឺយើងមានអាទិភាព តែបើមានគ្នាតិច យើងអាចពិបាកទៅវិញ។
លោកប្រធានសហគមន៍បានបញ្ជាក់បន្ថែមថា សហគមន៍កសិកម្មសំបូរមានជ័យ គឺជាអ្នកសិក្សាជាមុន សិក្សារកទីផ្សារ សិក្សាពីតម្រូវការទីផ្សារ និងសិក្សាថា តើគេប្រើពូជដំណាំអីបានទិន្នផលច្រើន? ខែណាដែលលក់បានថ្លៃ? ខែណាចុះថោក? យើងសិក្សារួចហើយ ទើបរៀបចំផែនការជូនកសិករដែលចូលរួម ឯទីផ្សារដែលធំសម្រាប់ស្លឹកគ្រៃ និងផ្លែល្ហុង គឺយើងនាំទៅផ្សារដើមគរ ផ្សារនាគមាស និងផ្សារថ្មីមួយទៀត គឺផ្សារបុរីអង្គរ ដែលយើងទើបនឹងទំនាក់ទំនងបាន ដោយសារផ្សារខ្លះគាត់មានដៃគូសហការរបស់គាត់រួចហើយ យើងពិបាកក្នុងការជ្រៀតចូល ដូចជាផ្សារម៉ាក្រូជាដើម យើងអាចដាក់កសិផលរបស់យើងបានតិចតួចនៅឡើយ។
លោកបានបញ្ជាក់ថា៖ “ទោះយ៉ាងណាក្តី ក៏សហគមន៍យើងអាចផលិតបាននូវកសិផលដោយទទួលបានលទ្ធផលល្អគួរសមដែរ ដូចជាការនាំចេញស្លឹកគ្រៃក្នុងមួយថ្ងៃ 3.5តោន និងផ្លែល្ហុង 2 ទៅ 3តោនក្នុងមួយថ្ងៃទៅកាន់ផ្សារបន្លែនៅផ្សារដើមគរ ខណៈការ-នាំចេញកសិផលដទៃទៀត ដូចជាផ្លែចេក យើងអាចនាំចេញក្នុងមួយខែបាន 1,000ស្ទង ឪឡឹក 5,000ផ្លែ និងម្នាស់ 500ផ្លែក្នុងមួយខែសម្រាប់ផ្សារម៉ាក្រូ គ្រប់តាមចំនួនដែលគេបានបញ្ជាទិញ”។
លោកថុងបានឱ្យដឹងថា ពីមុនមក កសិករធ្លាប់មានផ្ទៃដីនៅជុំវិញផ្ទះទំនេរ បើទោះជាមានដាំដំណាំ ក៏ជាដំណាំមិនច្បាស់លាស់ដែរ។ ឧទាហរណ៍បើដាំស្លឹកគ្រៃ ក៏ដាំរួច ទុកឱ្យងាប់ចោល ពីព្រោះមិនមានទីផ្សារនាំចេញ។ តែបច្ចុប្បន្នផ្ទៃដីទំនេរទាំងអស់នោះបានប្រែក្លាយទៅជាផ្ទៃដីដាំដំណាំស្លឹកគ្រៃ និងដំណាំផ្សេងៗទៀតដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។ បើគិតពីផ្ទៃដី យើងមានច្រើនតាមគ្រួសារនីមួយៗ និងបើគិតពីដំណាំស្លឹកគ្រៃវិញ យើងមានប្រមាណជា 3,000 ទៅ4,000គុម្ព លើផ្ទៃដីប្រមាណជា 20ហិកតា។ ឯដំណាំល្ហុងវិញ ប្រហែលជាង 10ហិកតាប្រមាណជា 20,000ដើម។
សព្វថ្ងៃសហគមន៍យើងធ្វើតាមបែបការយកកម្រៃសេវា ដោយយើងបានរៀបចំជាសហគមន៍បំផុសឱ្យពួកគាត់ដាំដំណាំបន្លែ ដូចជាស្លឹកគ្រៃ ដែលយើងបានសិក្សាអំពីទីផ្សារឱ្យគាត់ រួចដល់ពេលប្រមូលផលយើងបានប្រមូលពីគ្រួសារកសិករដែលជាសមាជិក និងយកទៅលក់នៅក្នុងទីផ្សារដែលយើងបានកំណត់គោលដៅរួចហើយនោះ ដោយយើងបានកាត់ថ្លៃសេវា 30រៀល ក្នុង 1គីឡូក្រាម។ ឯតម្លៃលក់ គឺឡើងចុះតាមតម្លៃក្នុងទីផ្សារ។
លោកក៏បានបញ្ជាក់ដែរថា ចំពោះផលចំណេញពីការដាំដុះវិញ បើធ្វើតាមការពន្យល់ណែនាំរបស់ខាងកសិកម្មណែនាំនោះ យើងនឹងបានចំណេញច្រើន ព្រោះ 1ហិកតានឹងទទួលផល 20តោន ហើយលក់ត្រឹមមួយគីឡូតម្លៃ 1,000រៀលប៉ុណ្ណោះ ដូច្នេះប្រាក់ចំណេញនឹងទទួលបាន 2លានរៀល។
លោក ឆេង ថុង បានប្រាប់ពីមហិច្ឆតារបស់លោកថា ទិសដៅទៅថ្ងៃមុខរបស់សហគមន៍របស់លោក គឺសម្រេចឱ្យបាននូវការផ្គត់ផ្គង់ស្លឹកគ្រៃឱ្យគ្រប់តម្រូវការទីផ្សារក្នុងប្រទេសសិន គឺពី3.5 ទៅ5.5តោនក្នុងមួយថ្ងៃ ដោយសារកន្លងមកសហគមន៍បានដឹងរួចមកហើយថា ទីផ្សាបច្ចុប្បន្ននៅផ្សារដើមគមានតម្រូវការស្លឹកគ្រៃប្រមាណជា 70តោនក្នុង1ថ្ងៃហើយក៏មានសហគមន៍ខ្លះបានផ្គត់ផ្គង់ដែរ តែមិនទាន់បានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ទីផ្សារនេះនៅឡើយ។
លោកបានបញ្ជាក់អំពីទិសដៅបន្តទៅទៀតរបស់សហគមន៍លោកថា លោកនឹងចាប់ផ្តើមជំរុញការដាំដំណាំបន្លែទ្រើង ដូចជាត្រឡាច ននោង ឃ្លោកជាដើម ដែលដំណាំនេះអំណោយផលសម្រាប់សហគមន៍របស់លោក ដោយលោកបានអះអាងថា “យើងមានប្រឡាយទឹកវែង ប្រវែងប្រមាណ 3,000 ទៅ 4,000ម៉ែត្រស្រាប់សម្រាប់បន្លែមួយចំនួន ដែលនេះគឺជាការងាយស្រួលសម្រាប់ការផ្គត់ផ្គង់ទឹកជាមួយការដាំដំណាំពពួកនេះ ដែលយើងអាចធ្វើជាទ្រើងតាមសងខាងបណ្តោយប្រឡាយនោះ។ យើងនឹងមិនចំណាយអ្វីច្រើនឡើយ ហើយយើងនឹងទទួលបានផលទៅតាមអ្វីដែលយើងបានគ្រោងទុកសម្រាប់ការរីកចម្រើនរបស់សហគមន៍ផង និងសម្រាប់ការរីកចម្រើនផ្នែកកសិកម្មរបស់ប្រទេសផងជាមិនខាន”៕