ប៉ុន្មានថ្ងៃមុននេះ បានធ្លាយដំណឹងថា ប៊ុត សីហា ពិតជាមិនកែចរឹតធ្វើឱ្យអ្នកដឹកនាំកម្មវិធីប៉ុស្តិ៍អាស៊ីអាគ្នេយ៍គឺ លោកចា រិទ្ធី ហួសចិត្តយ៉ាងខ្លាំង ដោយសារតែតារាចម្រៀងរូបនេះ ដល់ម៉ោងឡើងច្រៀងហើយនៅតែបាត់ស្រមោល រហូតដល់លេចឮថា ជាមនុស្សមិនគោរពពេលវេលា ដូចកាលនៅហង្សមាសអ៊ីចឹងដែរ។ ដំណឹងទាំងនេះ បានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តយ៉ាងចំពោះលោក សីហា ។
តែយ៉ាងណាមិញ លោក ចា រិទ្ធី ផ្ទាល់ទើបតែបានឃើញនូវព័ត៌មានមួយនោះ ហើយបានសរសេរបកស្រាយ និងផ្ដាំទៅលោក ប៊ុត សីហា ថា « សួស្ដីប្អូនប្រុសប៊ុតសីហាជាស្រលាញ់ បងទើបបានឃើញតាមរយៈបណ្ដាញសង្គមFacebook គេចុះពីបញ្ហាប្អួននិងបង ពេលបងបានអានហើយ បងមានអារម្មណ៍អាណិតប្អូនណាស់ មិនគួរណារឿងតូចសោះបែរក្លាយទៅជារឿងធំ ហើយម្យ៉ាងទៀតបងខ្លាចប្អូនយល់ច្រឡំថារឿងនេះត្រូវបានធ្លាយចេញពីបង។ បងសូមប្រាប់ប្អូនថា រឿងប្អូនមកច្រៀង ឬមិនមកច្រៀងវាជារឿងតូចណាស់សម្រាប់រូបបង ព្រោះកន្លងមកបងតែងតែជួបរឿងបែបនេះជារឿយៗ គឺមានតារាចម្រៀងខ្លះដល់ម៉ោងផ្សាយផ្ទាល់ហើយទើបតេមកប្រាប់ថាឈឺមកមិនបាន អ្នកខ្លះខលមកថាជាប់ចរាចរណ៍ អ្នកខ្លះថាធ្វើសក់មិនទាន់ អ្នកខ្លះមកយឺតចង់ហួសម៉ោងផ្សាយផ្ទាល់ហើយទើបមកដល់»។
អ្នកដឹកនាំកម្មវិធីរូបនេះ បានបន្ដទៀតថា « បញ្ហាទាំងអស់នេះបងតែងតែអធ្យាស្រ័យហើយដោះស្រាយបញ្ហាចំពោះមុខបានយ៉ាងល្អ ហើយមិនឱ្យប៉ះពាល់ដល់កិត្តិយសតារាចម្រៀងណាម្នាក់ទេ រឿងដែលកើតឡើងកន្លងមកនេះមិនមែនបងតាំងចិត្តធ្វើជាមិនខឹងនោះទេ តែបងជាមនុស្សអីចឹង ជួបបញ្ហាបងត្រូវតែដោះស្រាយ បងមិនអង្គុយរអ៊ូទេ ហើយម្យ៉ាងទៀតកន្លងមកបងតែងតែជួយបើកឱកាសឱ្យប្អូនៗទាំងអស់គ្នា គឺមិនដែលបានបិទរឺបំផ្លាញកិត្តិយសតារាចម្រៀងណាម្នាក់ឡើយ។ តែចំណែករឿងរបស់ប្អូនវិញសូម្បីមួយម៉ាត់ក៏បងមិនបាននិយាយហើយទុកក្នុងចិត្តដែរ តែបងមិនដឹងថា ហេតុអីបានជាមានរឿងបែបនេះកើតឡើងចំពោះប្អូន ឱ្យបងសូមទោសហើយចូលរួមសោកស្ដាយផង ពីបងចារិទ្ធីដែលនៅតែអាណិតនិងស្រឡាញ់ប្អួន»៕