ក្រុម Manchester United បានបំពេញការវាយបកដ៏មិននឹកស្មានដល់ ដើម្បីផ្តួលក្រុម Juventus 2-1 កាលពីថ្ងៃពុធ ដើម្បីបង្កើតឱ្យមានចំណុចផ្លាស់ប្តូរមួយក្នុងយុទ្ធនាការ Champions League របស់ពួកគេ ស្របពេលដែលខ្សែប្រយុទ្ធ Gabriel Jesus បានស៊ុតបាល់បញ្ចូលទី3គ្រាប់ដើម្បីជួយឲ្យក្រុម Manchester City ខិតកាន់តែកៀកក្នុងការឈានទៅវគ្គ16ក្រុមចុងក្រោយ។
ក្រុម Man City របស់លោក Pep Guardiola បានលត់ក្រុម Shakhtar Donetsk យ៉ាងចាស់ដៃក្នុងលទ្ធផល 6-0 នៅរាត្រីមួយដែលក្រុម Real Madrid ក៏ដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅផងដែរ ស្របពេលក្រុម Bayern Munich ខិតកាន់តែកៀកក្នុងការទៅវគ្គ16ក្រុមចុងក្រោយ។ Juventus ហាក់ស្ទើរតែបានកក់កៅអីរបស់ខ្លួនទៅវគ្គ១៦ក្រុមចុងក្រោយទៅហើយ ក្រោយពីខ្សែប្រយុទ្ធ Cristiano Ronaldo បានជួយឱ្យពួកគេមានគ្រាប់បាល់នាំមុខមុន ក្នុងទីក្រុង Turin តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អនៅនាទី ទី65។ ក្រុមម្ចាស់ផ្ទះបានស៊ុតបាល់ប៉ះទៅនឹងរបារទី2លើក នៅមុនពេលរកបានគ្រាប់បាល់នាំមុខនោះ និងគួរតែអាចរកបានគ្រាប់បាល់បន្ថែមទៀត នៅមុនពេលខ្សែបម្រើ Juan Mata បានរកគ្រាប់បាល់តាមស្មើតាមរយៈការស៊ុតបាល់ពិន័យ Free-kick នៅនាទី ទិ86។
ការប្រែប្រួលត្រូវបានបំពេញទាំងស្រុង នៅនាទី ទី90 នៅពេលដែលខ្សែការពារ Leonardo Bonucci បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ហើយលោក Jose Mourinho អ្នកចាត់ការទូទៅរបស់ Man United បានសម្តែងការរីករាយរបស់លោកតាមរយៈការដើរចូលទៅកាន់ទីលានប្រកួត ពេលបញ្ចប់ការប្រកួត ដោយការយកដៃរបស់លោកដាក់ពីក្រោយត្រចៀកម្ខាងសំដៅទៅអ្នកគាំទ្រម្ចាស់ផ្ទះ។ អតីតគ្រូបង្វឹករបស់ Inter រូបនេះ បាននិយាយថា វាជាការឆ្លើយទៅនឹងការមើលងាយរបស់អ្នកគាំទ្រ Juventus ហើយបច្ចុប្បន្ន Man United ដេញតាមពីក្រោយក្រុមអ៊ីតាលីមួយនេះ ចំនួន2ពិន្ទុក្នុងពូល H៕
ប្រភពពី៖ Channel News Asia