រឿង «កូនក្រក» និយាយពីដំណើររឿងមួយចំនួន ពាក់ព័ន្ធនឹងមហាចោរចាប់ជំរិតដ៏ល្បីរន្ទឺកាលពី19ឆ្នាំមុននោះ គឺអា រ៉ាស្មាច់។ ម៉្លោះហើយ នាយ ពាក់មី បាននិពន្ធ ក៏ដូចជាដឹកនាំសម្តែងទៅជាសាច់រឿងភាពយន្ត ដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ក្រោយចេញជាឈុតវិដេអូខ្លីប៉ុន្មានថ្ងៃមុននេះ។
បើតាមការអះអាងរបស់លោកពែកមី ដែលជាអ្នកនិពន្ធ ភាពយន្តរឿង«កូនក្រក»ដែលគ្រាន់តែស្ដាប់ចំណងជើងក៏គិតថា ពិតជារន្ធត់ និងសម្បូរឈុតសាហាវ ជាពិសេសគឺប្លង់វះពោះយកកូនក្រកនោះ បែរជាមិនសូវរន្ធត់ និងសាហាវៗ ដែលត្រូវគេអះអាងថា ជាឈុតគំរូអាក្រក់សម្រាប់អ្នកទស្សនានោះទេ។ អ្វីដែលគេកត់សម្គាល់ គឺរឿងទាំងមូលស្ទើរតែបង្កប់ដោយឈុតសំណើច និងឈុតប្រដៅទូន្មានច្រើនជាងការបង្ហាញឱ្យឃើញពីការកាប់សម្លាប់នារីមានផ្ទៃពោះ ដើម្បីទទួលបានកូនក្រក។ អ្វីជារឿងគួរឱ្យស្ដាយដែលភាពយន្តនេះ មិនត្រូវបានយូធូប និងហ្វេសប៊ុក អនុញ្ញាតិឱ្យផុសTrailer ដែលធ្វើឱ្យការផ្សព្វផ្សាយតាមផេក និងតាមបណ្ដាញសង្គមទំនើបមិនអាចពាំនាំភាពយន្តមួយនេះ ឱ្យសុះសាយបាន។
យ៉ាងណាមិញ លោកលៀក លីដា ម្ចាស់ផលិតកម្មLD បានអះអាងថាលោករំពឹងចំពោះអ្នកគាំទ្រភាពយន្តក្នុងរោង និងគាំទ្រភាពយន្តមួយនេះ ដោយលោកយល់ថាអ្នកហ៊ានទិញសំបុត្រចូលទស្សនារឿងពិតប្រាកដ ក៏ជាអ្នកចូលចិត្តមកដល់រោងកុនដោយផ្ទាល់តែប៉ុណ្ណោះ។ លោកនិយាយថា«ទោះជាយើងមិនអាចបង្ហោះTrailer ឱ្យបងប្អូនយើងបានឃើញ តែខ្ញុំនៅតែជឿថារឿងកូនក្រកនេះ នឹងមានមនុស្សមើលច្រើន ព្រោះអ្នកចំណាយលុយមើលកុន គាត់គង់តែមកអ៊ុតមើលរឿងហើយទិញសំបុត្រមើលដដែលទេ បើទោះយើងមិនអាចបង្ហោះTrailer បានដូចមុនៗ!»។ ក្នុងនោះលោកក៏បានបញ្ជាក់ថារសជាតិថ្មី នៃការឆ្លុះបង្ហាញពីជំនឿលើកូនក្រក និងពីលទ្ធផលនៃអំពើអាក្រក់របស់ម្ចាស់កូនក្រក ដែលនឹងប្លែកពីរឿងខ្មោច និងរឿងកំប្លែងសុទ្ធសាធនារបស់ផលិតករកន្លងមកផងដែរ។
គួរបញ្ជាក់ផងដែរថា ភាពយន្តរឿង«កូនក្រក»នឹងដំណើរការលក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី9 វិច្ឆិកា តទៅ។ យោងតាមការឱ្យដឹង សាច់រឿងខាងលើនេះ ពិតជាជឿជាក់ថាទស្សនិកជនជាច្រើន ត្រៀមរួចរាល់សម្រាប់ការកក់សំបុត្រទិញទស្សនា ដើម្បីចង់ដឹងថា ផ្ទៃរឿងមានភាពល្អឥតខ្ចោះបែបណាខ្លះ ពិសេសពាក់ព័ន្ធរឿងរ៉ាវរបស់មេចាប់ជំរិតដ៏ល្បីអា រ៉ាស្មាច់៕