ដើម្បីអភិវឌ្ឍប្រទេសប្រកបដោយចីរភាព អ្នកធុរកិច្ចសហគមន៍អឺរ៉ុបបានស្នើដល់ក្រុមហ៊ុនឯកជននានា រួមទាំងដៃគូពាក់ព័ន្ធទាំងអស់គួរគិតគូរចូលរួមគ្នាអភិវឌ្ឍប្រទេសបែបសេដ្ឋកិច្ចបៃតង ដើម្បីលើកកម្ពស់សោភណភាព សុខុមាលភាព និងបរិស្ថានក្នុងប្រទេសឱ្យមានភាពកាន់តែប្រសើរឡើង។
លោក Andeol Cadin ប្រធានគណៈកម្មាធិការធុរកិច្ចបៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុបមានប្រសាសន៍ថា ផ្អែកលើបទពិ-សោធដែលធ្លាប់ឆ្លងកាត់នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន ពិសេសប្រទេសក្នុងសហគមន៍អឺរ៉ុបផ្ទាល់ឃើញថា ការប្រកួតប្រជែងពាណិជ្ជកម្មដែលមិនគិតគូរអំពីបរិស្ថាន បានធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពប្រជាជនជាខ្លាំង ដូច្នេះដើម្បីលើកកម្ពស់សុខភាពនិយោជិត និងប្រជាជនក្នុងប្រទេសកម្ពុជាលោកអំពាវនាវឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលគួរសហការគ្នាចូលរួមអភិវឌ្ឍប្រទេសតាមបែបសេដ្ឋកិច្ចបៃតង។
លោកថា សេដ្ឋកិច្ចបៃតង គឺផ្តោតលើការប្រើប្រាស់វត្ថុធាតុដើមក្នុងប្រទេស ឬសម្ភារនាំចូលពីក្រៅប្រទេស ដូចជាសាច់ក្រណាត់ច្នៃសម្រាប់ការកាត់ដេរជ័រប្លាស្ទិកសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ ផលិតជាកាបូប ឬស្បែកជើងជាដើម មិនគួរប្រើសារធាតុគីមីនោះទេ ព្រោះថា វាអាចនាំឱ្យប៉ះពាល់ដល់សុខភាពកម្មករអ្នកផលិត់ និងអ្នកប្រើប្រាស់ផ្ទាល់។ មួយវិញទៀតការផលិតចំណីអាហារក៏មិនត្រូវប្រើសារធាតុគីមីរក្សាគុណភាពឱ្យបានយូរនោះដែរ ត្រូវធ្វើតាមគោលការណ៍ណាមួយដែលវាមិនបង្កផលប៉ះពាល់ដល់សុខភាព។
លោកថា នៅក្នុងបណ្ដាប្រទេសអឺរ៉ុប គេខ្លាចខ្លាំងណាស់ចំពោះការទទួលទានម្ហូបអាហារ ទាំងឡាយណាដែលមិនបានផលិតឡើងតាមគោលការណ៍ធម្មជាតិ ឬជាអាហារដែលមានសារធាតុគីមី ដោយសារតែវាបានបង្កផលប៉ះពាល់ដល់សុខភាពប្រជាជននាំឱ្យកើតមានជំងឺឈឺដង្កាត់ផ្សេងៗ បាត់បង់កាយសម្បទាការងារ និងត្រូវចំណាយប្រាក់ព្យាបាលដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ។ នៅពេលដែលប្រជាជនបាត់បង់កាយសម្បទាបំពេញការងារក្រុមហ៊ុនសហគ្រាសក៏ខាតបង់ដូចគ្នា ដោយសារបាត់បង់បុគ្គលិក ឬកម្មករជំនាញ ក្នុងការបំពេញការងារក្នុងក្រុមហ៊ុន។
លោកថា កន្លងមកគណៈកម្មាធិការធុរកិច្ចបៃតងបានសហការជាមួយប្រជាពលរដ្ឋ សហគមន៍ និងសហគ្រាសក្នុងស្រុកមួយចំនួនដើម្បីបណ្តុះបណ្តាលឱ្យពួកគាត់ប្រើប្រាស់ ឬកែច្នៃធនធានដែលមានស្រាប់នៅក្នុងស្រុក អនុវត្តតាមគោលការណ៍សេដ្ឋកិច្ចបៃតងមុននឹងនាំចូលវត្ថុធាតុដើមពីក្រៅប្រទេស ដែលភាគច្រើនសម្បូរដោយសារធាតុគីមី។
ជាមួយគ្នានេះ លោក Rogier VAN MANSVELT អនុប្រធានគណៈកម្មាធិការធុរកិច្ចបៃតងនៃសភាពាណិជ្ជកម្មអឺរ៉ុបក៏មានប្រសាសន៍ដែរថា បច្ចុប្បន្នក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ក្រុមហ៊ុនផលិតថាមពលអគ្គិសនីក៏បានបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វផងដែរ ដោយសារការផលិតស៊ីម៉ង់ត៍ត្រូវវាយយកថ្មភ្នំដែលមានលាយជាតិកាបូនច្រើនលើសលប់មកផលិត ធ្វើឱ្យប៉ះពាល់សុខភាពអ្នកផលិត និងអ្នកប្រើប្រាស់ផ្ទាល់។ លោកបន្តថា បទពិសោធនៅអឺរ៉ុប កាលពីមុនការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗតែងប៉ះពាល់ដល់បរិស្ថាន និងសុខុមាលភាពប្រជាជនរបស់គេ ប៉ុន្តែបច្ចុប្បន្នគេកែប្រែបានច្រើនហើយ តាមរយៈការពង្រឹងគុណភាព ឬការមិនឱ្យចរាចរទំនិញមិនមានគុណភាពចូលទីផ្សារ និងការហាមឃាត់ចំណីអាហារមានសារធាតុគីមីចូលក្នុងប្រទេសជាដើម។
ដោយមើលតាមបទពិសោធនេះ ក្រុមហ៊ុនមកពីសហគមន៍អឺរ៉ុបជាច្រើន ដូចជារោងចក្រផលិតទឹកក្រូច Coca-Cola នៅកម្ពុជា ក្រុមហ៊ុនផលិតទឹកដោះគោ Angkor Milk និងក្រុមហ៊ុនជាច្រើនទៀតដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងភ្នំពេញបានកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីដោយងាកមកប្រើផ្ទាំងអគ្គិសនីសូឡាជំនួសវិញក្នុងចំនួនដ៏ច្រើនដើម្បីកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនទៅលើការប្រើប្រាស់អគ្គិសនី និងចូលរួមការពារបរិស្ថាននៅកម្ពុជាផង។ ឆ្លងតាមបទពិសោធនេះ លោកចង់ឱ្យក្រុមហ៊ុនក្នុង និងក្រៅប្រទេសទាំងអស់ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាចូលរួមអភិវឌ្ឍសេដ្ឋកិច្ចបៃតងទាំងអស់គ្នាតាមរយៈការប្រើប្រព័ន្ធចរន្តអគ្គិសនីសូឡា និងផលិតចំណីអាហារ ផលិតសម្ភារប្រើប្រាស់ផ្សេងៗមិនមានសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបន្ថែមថា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហគមន៍អឺរ៉ុបដល់កម្ពុជា គឺជាគោលនយោបាយជំរុញឱ្យមានកំណើនសេដ្ឋកិច្ចក្នុងប្រទេសទាំងមូល ហើយវានឹងត្រូវបញ្ចប់ទៅវិញនៅពេលដែលប្រទេសនេះមានកំណើនសេដ្ឋកិច្ចខ្លាំងឡើង ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ប្រសិនបើសហគ្រាសក្នុងប្រទេសកម្ពុជាអនុវត្តតាមគោលការណ៍សេដ្ឋកិច្ចបៃតងនេះ ប្រទេសកម្ពុជាអាចនឹងនៅតែទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBA នាំផលិតផលរបស់ខ្លួនចួលទៅទីផ្សារសហគមន៍អឺរ៉ុបបន្តច្រើនឆ្នាំទៀត៕