ការចាប់ផ្តើមអាជីវកម្មអ្វីមួយដោយខ្លួនឯង មិនមែនជាការលំបាកនោះទេ ប៉ុន្តែអ្វីដែលលំបាកនោះគឺថា ត្រូវធ្វើយ៉ាងណាឱ្យអាជីវកម្មរបស់ខ្លួនដំណើរការទៅមុខជានិច្ចនិរន្តរ៍នៅលើទីផ្សារ ចៀសវាងបើកដំណើរការបានមួយរយៈ ហើយក៏ស្រាប់តែដួលរលំទៅវិញធ្វើឱ្យខាតបង់អស់ដើមអស់ចុងប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុក្រុមគ្រួសារ។
លោកឧកញ៉ា ចិត្រ សិរីសុភ័ក្ត្រ អគ្គនាយកក្រុមហ៊ុន Luxury Smile Group ដែលមានបទពិសោធដឹកនាំក្រុមហ៊ុនផ្ទាល់ខ្លួនជោគជ័យនៅលើទីផ្សារអស់រយៈពេលជាយូរឆ្នាំមកហើយនោះបានមានប្រសាសន៍ទទួលស្គាល់ថា មានក្រុមហ៊ុនមិនតិចទេដែលបើកដំណើរការមួយរយៈហើយដួលរលំទៅវិញនោះ ដោយសារតែសហគ្រិនទាំងនោះនៅមានវ័យក្មេងពេក ឬខ្លះមានវ័យចំណាស់ដែរ ប៉ុន្តែមិនមានបទពិសោធគ្រប់គ្រាន់ក្នុងការដឹកនាំក្រុមហ៊ុន ហើយពិសេសគឺ គ្មានជំនាញច្បាស់លាស់ក្នុងការគ្រប់គ្រងស្ថាប័នពីមុន ឬមិនបានត្រៀមថវិកាហិរញ្ញវត្ថុបម្រុងទុកសម្រាប់ស្រោចស្រង់ពេលដែលក្រុមហ៊ុនស្ថិតក្នុងស្ថានភាពធ្លាក់ចុះណាមួយនៅលើទីផ្សារ។
លោកឧកញ៉ាបានបន្តថា ដើម្បីឱ្យរបរធ្វើជំនួញបានជោគជ័យ វិនិយោគិនថ្មីៗត្រូវគិតដល់ចំណុចសំខាន់ៗចំនួន4 ដែលភាសាអង់គ្លេសហៅថាThe 4’R ក្នុងនោះមានដូចជា1. Right Time មានន័យថា ការចាប់ផ្តើមតាមពេលវេលាសមរម្យណាមួយ ឬចាប់ផ្តើមនៅពេលដែលឱកាសហុចឱ្យ។ 2. Right number ទាក់ទងទៅនឹងចំនួនថវិការបស់យើងថា តើយើងមានធនធានថវិកាផ្ទាល់ខ្លួនសមល្មមនឹងបើកអាជីវកម្មកម្រិតណា(ស្តួចស្តើង ឬមានច្រើន) ហើយមានទុនបម្រុងប៉ុន្មានដើម្បីជួយស្រោចស្រង់ក្រុមហ៊ុននៅពេលដែលដំណើរការនៅលើទីផ្សារជូបឧបសគ្គដែលអាចរាំងស្ទះដល់ដំណើរការអាជីវកម្មដែលត្រូវដោះស្រាយបន្ទាន់។ 3.Right skill/ experience តើការបើកអាជីវកម្មថ្មីនោះត្រូវនឹងជំនាញដែលយើងមានស្រាប់ ឬត្រូវទៅនឹងបទពិសោធដែលយើងបានធ្វើការឱ្យគេកន្លងមកដែរឬទេ? ហើយចាំបាច់ត្រូវសួរខ្លួនឯងថា ការធ្វើការឱ្យគេកន្លងមកមានបទពិសោធ និងចំណេះដឹងប៉ុនណា? ផ្តល់ភាពជោគជ័យឱ្យគេកម្រិតណា? ហើយត្រូវត្រៀមបន្ថែមចំណេះដឹងថ្មីៗ បន្ថែមចំណេះដឹងផ្នែកអ្វីខ្លះទៀតដើម្បីឱ្យប្រាកដថាអាជីវកម្មរបស់ខ្លួននឹងដំណើរការទៅមុខ ឈរជើងរឹងមាំនៅលើទីផ្សារ និងចំណុចទី4. Right Case/Decision ពេលដំបូងវិនិយោគិនត្រូវចេះសួរខ្លួនឯងថា តើយើងស្ថិតនៅក្នុងអាជីវកម្មកម្រិតណា? និងត្រូវធ្វើសេចក្តីសម្រេចណាមួយឱ្យសមល្មមទៅនឹងធនធានដែលយើងមាន ដើម្បីឱ្យដំណើរការទៅមុខបានដោយរលូនជាជាងចាប់យកជំនួញធំពេកលើសពីធនធានដែលយើងមាន នាំឱ្យមានភាពស្ទាក់ស្ទើរក្នុងការធ្វើជំនួញមិនបានសម្រេចដូចក្តីសុបិនរបស់យើង។
ធ្វើជាអ្នកជំនួញទៀតសោត មុននឹងចាប់ផ្តើមរកស៊ីត្រូវសួរខ្លួនឯង 3ចំណុចបន្ថែមក្នុងនោះ មានទី1.ថា តើអាជីវកម្មរបស់យើងមានអតិថិជនចង់ដឹងដែរឬទេ? 2.អតិថិជនចង់ឮដែរឬទេ? 3.ហើយអតិថិជនចង់សាកដែឬទេ? ដែលកត្តាទាំង 3នេះត្រូវដើរអមទៅនឹងចំណុចសំខាន់ទាំង 4ខាងលើ គឺជាធាតុផ្សំដ៏សំខាន់ឆ្ពោះទៅរកភាពជោគជ័យ។ ដើម្បីដឹងថា ទំនិញដែលយើងគ្រោងផលិតមានតម្រូវការនៅលើទីផ្សារ ឬមិនមាននោះ?យើងក៏មិនចេះតែធ្វើដោយប្រថុយប្រថាននោះទេ ពោលគឺត្រូវធ្វើការស្រាវជ្រាវសិក្សានៅលើទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន។
ជាមួយគ្នានេះ យើងត្រូវយល់ថា បើយើងមិនដឹងពីគោលការណ៍នៃការរកស៊ី មិនដឹងពីការចាប់ផ្តើម មិនដឹងពីហានិភ័យនៃការរកស៊ីនោះ យើងប្រាកដជាជួបបញ្ហាមិនខាន ប៉ុន្តែបើយើងមើលឃើញពេលវេលាច្បាស់លាស់ ឧទាហរណ៍ថា នៅក្នុងឆ្នាំហ្នឹងមានវិស័យអ្វីដែលរីកចម្រើនជាងគេ ដូច្នេះយើងចាប់ផ្តើមរកស៊ីវិស័យនោះភ្លាម ទោះជាក្នុងកម្រិតណាមួយក៏បាន ដោយមើលទៅលើទីផ្សារនូវអ្វីដែលគេកំពុងខ្វះខាត ហើយគ្រាន់តែបញ្ជ្រៀតផលិតផលយើងចូលបន្ថែមដែលគេហៅថាThe Right Time នោះអាជីវកម្មយើងនឹងដំណើរការទៅមុខជាមិនខាន។ ដើម្បីឱ្យពេលវេលាក្លាយជាឱកាសបាន លុះត្រាតែយើងយកពេលវេលាមកធ្វើជាឱកាស តែបើឱ្យពេលវេលាបាត់បង់ទៅវិញ នោះយើងប្រាកដជាអស់ឱកាសមិនខាន។
លោកឧកញ៉ាវ័យក្មេងខាងលើក៏បានផ្តល់បទពិសោធផ្ទាល់ខ្លួនដែរថា នៅពេលលោកចេញរកស៊ីដំបូងលោកបានចាប់ផ្តើមរបរលក់ផលិតផលកែសម្ផស្សស្ត្រីដែលធ្វើការលក់ និងចែកចាយតាមប្រព័ន្ធអនឡាញដែលអំឡុងពេលនោះ គឺជាពេលវេលាសមរម្យ ឱកាសហុចឱ្យ ខណៈដែលប្រជាជនខ្មែរចាប់ផ្តើមមានទំនោរប្រើប្រាស់អុីនធើណិតកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ មកទល់សព្វថ្ងៃ អាជីវកម្មនោះនៅតែដំណើរការនៅលើទីផ្សារដដែល ហើយលោកនៅតែខិតខំធ្វើបន្តឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ដូចពាក្យចាស់លោកថា កុំភ្លេចប្រភពដើមរបស់យើង ឬកុំភ្លេចដើមកំណើតរបស់យើងហ្នឹងឯង។ ដោយសារអាជីវកម្មគ្រឿងសម្អាងនេះហើយ ទើបលោកមានចំណេះដឹងក្នុងការរកស៊ីទៅលើរបររកស៊ីលក់ទំនិញខាងលើកាន់តែខ្លាំងឡើងៗ ហើយយល់ដឹងពីស្ត្រីដែលជាអតិថិជនប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនតែម្តងដែលគេប្រាប់មកយើងវិញនូវអ្វីដែលពួកគេមានតម្រូវការពិតប្រាកដនោះ។
លោកថា មុនទទួលជោគជ័យលើអាជីវកម្មនេះ លោកបានឆ្លងកាត់ឧបសគ្គមិនតិចឡើយដែលតម្រូវឱ្យលោកយកពេលវេលា យកចំណេះដឹងទៅដោះស្រាយ ប៉ុន្តែឧបសគ្គនេះបានក្លាយជាមេរៀនសម្រាប់ដកពិសោធប្រឡូកក្នុងវិស័យផ្សេងៗទៀត ដែលមកទល់បច្ចុប្បន្ន ក្រុមហ៊ុនមានអាជីវកម្មលក់គ្រឿងក្រអូបផង លក់សម្លៀកបំពាក់ផង លក់រថយន្តផង និងអចលនទ្រព្យផងដែរ។ ជោគជ័យរបស់លោកក៏មិនមែនកើតឡើងដោយចៃដន្យនោះដែរ ពេលណាជួបបញ្ហា លោកត្រូវចេះដោះស្រាយ ហើយបន្តដំណើរទៅមុខទៀត ពេលដោះបញ្ហាបានកាន់តែច្រើន វានឹងកាត់បន្ថយហានិភ័យ និងការក្ស័យទុនកាន់តែច្រើន។ ដោយសារមនុស្សត្រូវចេះគន្លឹះរកប្រាក់ចំណេញ ហើយយើងត្រូវចេះបត់បែនតាមកាលៈទេសៈ បើសិនជាយើងចេះកែច្នៃយករឿងអាក្រក់មកធ្វើជារឿងល្អបាន នោះភាពជោគជ័យកាន់តែឡើងខ្ពស់ថែមមួយកម្រិតទៀត។
កាន់តែសំខាន់ជាងនេះទៀតយើងមិនគួរយកពេលវេលាទៅប្រជែងជាមួយគេពេកទេមានពេលទំនេរត្រូវមើលពីចំណុចខ្សោយរបស់ខ្លួន ត្រូវសិក្សាពីចំណុចខ្វះខាតរបស់យើងឱ្យបាន។ ទុកពេលវេលាគិតពិចារណាស្វែងរកឱកាសវាយលុកលើទីផ្សារ ធ្វើការប្រកួតប្រជែងត្រូវប្រើយុទ្ធសាស្ត្រជាជាងប្រកួតប្រជែងដោយប្រើកម្លាំង។ យុទ្ធសាស្ត្រទីផ្សារការនិយាយងាយស្រួលទេ ប៉ុន្តែការអនុវត្តឆ្ពោះទៅរកភាពជោគជ័យមិនមែនជារឿងងាយស្រួលឡើយ។
លើសពីនេះ ភាពជោគជ័យក៏មិនមែនអាចធ្វើតែម្នាក់ឯងបានដែរ បើយើងមានបុគ្គលិកល្អ ហើយមានបុគ្គលិកជំនាញពូកែ នោះគឺជាសំណាងយើងហើយ តែធ្វើយ៉ាងណាត្រូវមានការរៀបចំបណ្តុះបណ្តាលបំពាក់បំប៉នជំនាញបន្ថែម ដែលនេះជាទុនដ៏សំខាន់មួយហើយទុនដែលសំខាន់មួយទៀត គឺពង្រឹងចំណេះ និងជំនាញខ្លួនឯង ត្រូវចេះវិនិយោគទៅលើខ្លួនឯង បើយើងមិនចេះវិនិយោគលើខ្លួនឯងទេ យើងក៏មិនអាចវិនិយោគទៅលើអ្វីបានដែរ។ ជួនកាលយើងគ្មានថវិការកស៊ីទេ តែយើងចេះបង្កើតរបររកស៊ីមួយដោយគ្រាន់តែធ្វើផែនការប្រកបដោយទំនុកចិត្តខ្ពស់ទៅដល់ដៃគូ ដាក់ឱ្យដៃគូពិនិត្យ ជួនកាលគេអាចបោះទុនឱ្យយើងរកស៊ី ឬចាប់ដៃគូភាគហ៊ុនជាមួយយើង ក៏អាចថាបានដែលនេះគឺជាទុនផ្ទាល់ខ្លួនដែលយើងមាន៕