ក្រុម Atletico Madrid ដណ្តើមបានការសងសឹកចំពោះការបរាជ័យរបស់ពួកគេក្រោមស្នាដៃក្រុម Borussia Dortmund កាលពី 2សប្តាហ៍មុន និងបានសង្គ្រោះក្តីសង្ឃឹមក្នុងការបានឈានទៅវគ្គបន្តឡើងវិញដោយការឈរលេខ1 ក្នុងពូល A តាមរយៈការផ្តួលក្រុមរបស់អាល្លឺម៉ង់មួយនេះក្នុងលទ្ធផល 2-0 នាកីឡដ្ឋាន Wanda Metropolitano កាលពីថ្ងៃអង្គារ។
ក្រុម Dortmund បានធ្វើឱ្យក្រុម Atletico រងបរាជ័យដ៏ធំបំផុតក្រោមការដឹកនាំរបស់លោក Diego Simeone តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 4-0 កាលពីរយៈពេល 13ថ្ងៃមុន ប៉ុន្តែការប្រកួតនេះមានរូបភាពដូចជាកញ្ចក់ឆ្លុះមុខអ៊ីចឹង ខណៈដែលក្រុមម្ចាស់ផ្ទះបានគ្រប់គ្រងតាំងពីនាទីដំបូងរហូតដល់ពេលបញ្ចប់ការប្រកួត។
ខ្សែបម្រើ Saul Niguez និងខ្សែប្រយុទ្ធ Antoine Griezmann បានរកគ្រាប់បាល់បញ្ចូលទី 1គ្រាប់ម្នាក់ដូចគ្នាក្នុងតង់នីមួយៗ ដើម្បីបំពេញការដណ្តើមបានជ័យជម្នះមួយដែលធ្វើឱ្យក្រុម Atletico នាំមុខ 5ពិន្ទុដាច់លើក្រុម Club Brugge និងខិតកាន់តែកៀកក្នុងការឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League។
ស្របពេលជាមួយគ្នានេះ Liverpool ប្រឈមមុខនឹងហានិភ័យនៃកីឡាករធ្លាក់ចេញពីក្របខ័ណ្ឌ Champions League វគ្គចែកពូល ក្រោយពីចាញ់យ៉ាងមិននឹកស្មានដល់ក្នុងលទ្ធផល 2-0 ក្រោមស្នាដៃក្រុម Red Star Belgrade ក្នុងរដ្ឋធានីរបស់ប្រទេសស៊ែប៊ី កាលពីថ្ងៃអង្គារ។ កីឡាករ Milan Pavkov បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងតង់ទី1 ដើម្បីជួយឱ្យក្រុម Red Star ដណ្តើមបានជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី1 របស់ពួកគេ ក្នុងរយៈពេល 26ឆ្នាំ។
ក្រុម Liverpool នៅតែនាំមុខក្នុងពូល C ប៉ុន្តែបានធ្លាក់មកឈរក្នុងចំណាត់ថ្នាក់លេខ2 ដោយសារតែមានគ្រាប់បាល់តិចជាងក្រុម Napoli ក្រោយពីក្រុមរបស់អ៊ីតាលីមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ 1-1 ក្នុងការប្រកួត1គូផ្សេងទៀតក្នុងពូលដូចគ្នានេះ៕
ប្រភពពី៖ Sport24