ទិន្នន័យបង្ហាញថា ការនាំចេញផលនេសាទបានចំនួនជាង 11,030តោន ក្នុងចំណោមនោះផលិតផលកែច្នៃមានចំនួន 3,970តោន ដែលធ្វើឱ្យកម្ពុជាប្រមូលប្រាក់ចំណូលពីសេវានានាក្នុងវិស័យជលផលបានជាង 32ម៉ឺនដុល្លារក្នុងរយៈពេល9ខែនៃឆ្នាំ2018។ នេះបើយោងតាមរបាយការណ៍ក្រសួងកសិកម្ម។
រដ្ឋាភិបាលកំណត់ទិសដៅនាំចេញផលិតផលនេសាទ 20,000តោនក្នុងឆ្នាំ2018។ តួលេខនៃរបាយការណ៍បានបង្ហាញថា នៅក្នុងវិស័យជលផល កម្ពុជាបាននាំចេញផលិតផលនេសាទស្រស់ជាង10,000តោន កើនឡើង 200តោន ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈរបាយការណ៍បានបង្ហាញតម្លៃនៃការប្រមូលចំណូលបានពីតម្លៃសេវាពីវិស័យជលផលបាន 321,304ដុល្លារ។
ផែនការប្រចាំឆ្នាំរបស់រដ្ឋាភិបាលនឹងត្រូវប្រមូលចំណូល 752,249ដុល្លារពីសេវានានាក្នុងវិស័យជលផល តែនៅឆ្នាំនេះបានធ្លាក់ចុះពី 315ដុល្លារធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថា ប្រាក់ចំណូលពីវិស័យជលផល គឺជាផ្នែកមួយនៃចំណូលសម្រាប់ថវិកាជាតិ ដែលបានពីការផាកពិន័យ ឬតម្លៃសេវាពីការធ្វើជំនួញនៅក្នុងវិស័យនេះ។
ក្រសួងកសិកម្មបង្ហាញថា ករណីនេសាទខុសច្បាប់បានធ្លាក់ចុះប្រហែល 12%នៅក្នុងឆមាសទី1នៃឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងការបង្ក្រាបការនេសាទខុសច្បាប់នេសាទ អួនចាប់ត្រីរាប់រយគីឡូម៉ែត្រ និងឧបករណ៍នេសាទអគ្គិសនីចំនួន 244គ្រឿងត្រូវបានរឹបអូសហើយត្រីជិត 20,000គីឡូក្រាមត្រូវបានដោះលែង។
លោកស្រី Saray Samadee អ្នកសម្របសម្រួលគម្រោងទីភ្នាក់ងារ USAID បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ច្រកទន្លេមេគង្គត្រូវបានចាត់ទុកថាជាច្រករបៀងដ៏សំខាន់មួយក្នុងការធ្វើបំផ្លាស់ទីរបស់ត្រី និងត្រូវបានគេចាត់ទុកថា នៅក្នុងនោះមានទាំងប្រភេទត្រីដែលជិតផុតពូជទៀតផង។ ការធ្វើបំផ្លាស់ទីរបស់ត្រីនៅតាមទន្លេមេគង្គជួយទ្រទ្រង់ការនេសាទទឹកសាបធំបំផុតរបស់ពិភពលោក និងចិញ្ចឹមជីវិតប្រជាជនរាប់លាននាក់។
លោកស្រីបានមានប្រសាសន៍បន្ថែមថា៖ «វិធីសាស្ត្រគ្រប់គ្រងយុទ្ធសាស្ត្រដែលមានលក្ខណៈជាយុទ្ធសាស្ត្រ គឺជាវិធីចាំបាច់ដើម្បីភ្ជាប់ការគ្រប់គ្រងទីជម្រកសំខាន់ កាត់បន្ថយការគំរាមកំហែង និងការពារធនធានជលផលដ៏សំខាន់នេះ»។
លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលបានមានប្រសាសន៍ថា បឹងទន្លេសាប គឺជាបឹងមួយក្នុងចំណោមបឹងដែលមានផលិតភាព និងចម្រុះជាងគេបំផុតនៅក្នុងពិភពលោក។ លោកមានប្រសាសន៍ថា ត្រីជិត 900ប្រភេទត្រូវបានគេកត់ត្រានៅក្នុងអាងទន្លេមេគង្គដែលក្នុងនោះមាន 165 ប្រភេទដែលជាប្រភេទត្រីដែលធ្វើការបំផ្លាស់ទី។
លោក ជាសាន មានប្រសាសន៍ថា រដ្ឋាភិបាលក៏បានដាក់ស្តុកត្រីប្រភេទដែលជិតផុតពូជនៅក្នុងតំបន់អភិរក្ស ហើយគ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យការជួញដូរខុសច្បាប់ខណៈដោយបង្កើននូវការយល់ដឹង៕