កីឡាករប្រដាល់សកល Floyd Mayweather នឹងប្រកួតជាមួយកីឡាករប្រដាល់សេរី និងយុទ្ធគុនចម្រុះ TenshinNasukawa ក្នុងប្រទេសជប៉ុននៅថ្ងៃទី31 ខែធ្នូ ក្រោយពីបានចុះហត្ថលេខាលើកិច្ចសន្យាមួយជាមួយនឹងក្រុមហ៊ុនរៀបចំការប្រកួតយុទ្ធគុនចម្រុះ។
អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក 5ប្រភេទទម្ងន់ផ្សេងគ្នា Mayweather បានផ្តួលកីឡាករ Conor McGregor របស់អង្គភាព UFC ក្នុងការប្រកួតប្រដាល់សកលកាលពីខែសីហា ឆ្នាំ2017 ដើម្បីបន្ថែមកំណត់ត្រាឈ្នះរបស់រហូតដល់ទៅ 50លើក មិនដែលចាញ់។
រូបគេបាននិយាយកាលពីពេលថ្មីៗនេះ អំពីការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍មួយជាមួយនឹងកីឡាករ KhabibNurmagomedov របស់ UFC និងកីឡាករ Manny Pacquiao។ រូបមន្ត និងលក្ខខណ្ឌសម្រាប់ការប្រកួតរបស់គេជាមួយនឹង Nasukawa មិនទាន់សម្រេចនៅឡើយទេ។ កីឡាករសញ្ជាតិអាមេរិកវ័យ 41ឆ្នាំរូបនេះដែលមិនធ្លាប់បានប្រកួតសោះ បើគិតចាប់តាំងពីចាកចេញពីការចូលនិវត្តន៍ដើម្បីជួបជាមួយនឹង McGregor បានឱ្យដឹងថា៖ «ខ្ញុំធ្វើអ្វីដែលខុសពីគេ ខ្ញុំចង់បង្ហាញពីទេពកោសល្យរបស់ខ្ញុំនៅខាងក្រៅសហរដ្ឋអាមេរិក និងស្ថិតក្នុងការប្រកួតដ៏ពិសេស។ ខ្ញុំចង់ផ្តល់ឱ្យមនុស្សជាច្រើននូវអ្វីដែលពួកគេចង់បានដូចជា ឈាម ញើស និងទឹកភ្នែក»។
Mayweather បានបញ្ជាក់ថា ប្រភេទទម្ងន់ និងលក្ខខណ្ឌសម្រាប់ការប្រកួតនេះ នឹងត្រូវពិភាក្សានៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀត។ កីឡាករជប៉ុន Nasukawa វ័យ 20ឆ្នាំ ប្រកួតទាំងក្នុងប្រដាល់សេរី និងយុទ្ធគុនចម្រុះសម្រាប់អង្គភាព RIZIN Fighting Federation ដែលជាក្រុមហ៊ុន Mayweather បានចុះហត្ថលេខា។
Nasukawa ដែលមានកំណត់ត្រាឈ្នះ 27លើក មិនដែលចាញ់ក្នុងប្រដាល់សេរី និង៤លើកមិនដែលចាញ់នៅក្នុង MMA នោះ បានឱ្យដឹងថា៖ «វាពិតជាសំណើដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែខ្ញុំបានទទួលយកដោយគ្មានការស្ទាក់ស្ទើរឡើយ»៕
ប្រភពពី៖ BBC