ដើម្បីចូលរួមកែលម្អសោភណភាព លើកកម្ពស់បរិស្ថាននៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងក្រុមហ៊ុនដ៏ធំរបស់ចិនមួយគ្រោងបោះទុនវិនិយោគក្នុងទឹកប្រាក់ 86លានដុល្លារអាមេរិកដើម្បីកែច្នៃសំរាមនៅកម្ពុជាឱ្យទៅជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងសង្គមទាំងមូល។
តំណាងក្រុមហ៊ុន Shandong Wangeng Energy Technology Co.,LTD បានលើកឡើងថា ក្នុងគម្រោងផែនការទុនវិនិយោគដែលក្រុមហ៊ុនគ្រោងចំណាយខាងលើ មានបំណងកែច្នៃសំរាមនៅកម្ពុជាឱ្យក្លាយទៅជាកម្លាំងថាមពលប្រើប្រាស់ជាប្រយោជន៍សង្គមទាំងមូល ដែលអាចបង្កើត ថាមពលអគ្គិសនីដោយកង្ហារខ្យល់ថាមពលអគ្គិសនីដោយជីវឧស្ម័ន ថាមពលអគ្គិសនីដោយជីវម៉ាស់ជាដើម។
អ្នកតំណាងខាងលើបានបន្តថា ក្រុមហ៊ុនក៏បានលើកឡើងអំពីការដុតសំរាមដោយប្រើបច្ចេកវិទ្យាក្នុងការកែច្នៃធនធានដែលមានការគិតគូរពីបរិស្ថាន និងអាចមានលទ្ធភាពបន្ថយឈានដល់ចំណុចសូន្យ ចំពោះផលប៉ះពាល់ឧស្ម័នបញ្ចេញចោលទៅបរិយាកាស ដើម្បីចៀសវាងឱ្យបាន100% កុំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ក៏ដូចជាភាវៈមានជីវិតនៅលើផែនដីដែរ ដោយគោលដៅក្នុងការបង្កើតក្រុមហ៊ុនកែច្នៃសំរាមនេះគ្រោងធ្វើនៅក្នុងខេត្តចំនួន2 ក្នុងប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ និងខេត្តសៀមរាប។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងគាំទ្រគម្រោងខាងលើ ដោយបានលើកឡើងថា ការគិតគូរពីការងារគ្រប់គ្រងសំរាម និងកាកសំណល់ និងការកែច្នៃ គឺជាគោលដៅសំខាន់ដែលក្រសួងត្រូវជំរុញឱ្យមានការអនុវត្តស្របតាមបច្ចេកវិទ្យាទំនើបដែលជាលទ្ធភាពយើងអាចធ្វើបាន។ ឯកឧត្តមក៏បានស្នើឱ្យមានការគិតគូរអំពីតម្លៃនៃការលក់ថាមពលដែលបំប្លែងពីសំរាម និងអគ្គិសនីដែលផលិតបានមកត្រូវលក់នៅកន្លែងណា ព្រោះវាជាផ្នែកមួយដើម្បីចូលរួមក្នុងវិស័យបរិស្ថាន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបរិស្ថានបាន និងកំពុងយកចិត្តទុកដាក់កម្រិតគោលនយោបាយក្នុងការរៀបចំកែលម្អប្រព័ន្ធគ្រប់គ្រងសំណល់រឹង សំរាម ការរៀបចំក្រុង ការរៀបចំទីលានចាក់សំរាម ជំរុញការកែច្នៃ និងការប្រើប្រាស់ឡើងវិញតាមរយៈការសហការជាមួយក្រុមហ៊ុនទទួលទិញអេតចាយក្រុមហ៊ុនវិនិយោគ និងដៃគូអភិវឌ្ឍន៍នានាដើម្បីធ្វើយ៉ាងណាឱ្យ សុខភាព សោភណភាពនៃការអនុវត្តប្រកបដោយប្រសិទ្ធភាព និងការរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរឡើង។
ពាក់ព័ន្ធករណីនេះលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ ក្រុមហ៊ុនមិនទាន់មានផែនការជាក់លាក់នៅឡើយទេក្នុងជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ដោយសារក្រុមហ៊ុនទើបចូលជូបពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាជាលើកដំបូងប៉ុណ្ណោះ មិនទាន់សុំច្បាប់វិនិយោគជាផ្លូវការនៅឡើយ៕