ខ្សែប្រយុទ្ធ Raheem Sterling បានស៊ុតបាល់បញ្ចូលទី 2គ្រាប់ ក្រោយពីបានយល់ព្រមបន្តកុងត្រាថ្មីរយៈពេល 5ឆ្នាំជាមួយនឹងក្លិប Manchester City ខណៈដែលក្រុមម្ចាស់ការពារតំណែងជើងឯកមួយនេះ បានផ្តួលក្រុម Southampton យ៉ាងចាស់ដៃក្នុងលទ្ធផល 6–1 កាលពីថ្ងៃអាទិត្យ ដើម្បីវិលទៅកាន់កំពូលតារាងនៃក្របខ័ណ្ឌ Premier League វិញ។
ខ្សែប្រយុទ្ធ Sergio Aguero ដែលរកបានគ្រាប់បាល់ក្នុងការប្រកួតលីកចំនួន 150គ្រាប់ David Silva និង Leroy Sane ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលក្រុមរបស់លោក Pep Guardiola បានរក្សាការមិនស្គាល់ចាញ់របស់ខ្លួនក្នុងការការពារពានរបស់ពួកគេ។ ខណៈដែលលោកបានបញ្ជាក់ថា នឹងមានការអភិវឌ្ឍទៅកាន់កម្រិតមួយទៀតពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស។
លោក Guardiola បានប្រាប់បណ្តាញសារព័ត៌មាន BBC ថា៖ «យើងលេងបានយ៉ាងល្អឥតខ្ចោះ ដោយគ្មាន និងពេលមានបាល់»។ ស្របពេលជាមួយគ្នានេះ លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ក្រុម Chelsea ជឿជាក់ថា Alvaro Morata អាចនឹងក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចដែលក្រុមរបស់លោកត្រូវការ ក្រោយពីបានស៊ុតបាល់បញ្ចូលទី 2គ្រាប់ក្នុងពេលពួកគេយកឈ្នះលើក្រុម Crystal Palace 3–1 កាលពីថ្ងៃអាទិត្យ។
លោក Sarri បានឱ្យដឹងថា៖ «រូបគេមានភាពទន់ខ្សោយបន្តិចទៅលើស្មារតី ប៉ុន្តែ រូបគេនៅវ័យក្មេង ដែលខ្ញុំគិតថា គេអាចអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស។ ខ្ញុំគិតថា Alvaro ក៏មានសក្តានុពលដ៏អស្ចារ្យលើផ្នែករាងកាយ និងបច្ចេកទេសផងដែរ»៕
ប្រភពពី៖ Sport24