ការចាប់ផ្តើមអាជីវកម្មថ្មីមួយមិនមែនជារឿងងាយនោះទេ ពេលខ្លះវាទទួលបានជោគជ័យនៅលើទីផ្សារ តែពេលខ្លះទៀតក៏ត្រូវដួលរលំទៅវិញដែរដែលធ្វើឱ្យត្រូវខាតអស់បង់ប្រាក់ជាច្រើន ដូច្នេះដើម្បីឱ្យអាជីវកម្មរបស់លោកអ្នកដើរឆ្ពោះទៅមុខជាលំដាប់នោះ គ្រាន់តែអនុវត្តតាមចំណុចងាយៗចំនួន3 ខាងក្រោមប៉ុណ្ណោះ អាជីវកម្មរបស់លោកអ្នកប្រាកដជាមិនបរាជ័យនោះឡើយ។
លោកបណ្ឌិត តាន់ មុន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្្ធីគ្រុប មានប្រសាសន៍ថា ដើម្បីធានាឱ្យការចាប់ផ្តើមអាជីវកម្មថ្មីមួយមិនបរាជ័យនោះសហគ្រិនត្រូវអនុវត្តចំណុចសំខាន់ៗចំនួន3មានដូចជា 1.ត្រូវមានសមត្ថភាពគ្រប់គ្រាន់ 2.ត្រូវចេះមើលឱកាស និងឆក់យកឱកាស និង3.គឺត្រូវពឹងផ្អែកទៅលើអាយុរបស់ខ្លួនផងដែរ។
លោកពន្យល់អំពីចំណុចទី1ថាការចាប់ផ្តើមរបររកទទួលទាន មិនមានមុខរបរណាសំខាន់ជាងមុខរបរណាទេ សំខាន់ឱ្យតែខ្លួនយើងស្រឡាញ់ចេញពីចិត្តពិតប្រាកដ មានចំណេះដឹង មានសមត្ថភាព និងមានដើមទុនគ្រប់គ្រាន់ គឺអាចចាប់ផ្តើមសាងអាជីវកម្មមួយឱ្យដំណើរការទៅមុខបានហើយ។ តែសម្រាប់យុវជនដែលទើបរៀនចប់ពីសាលា ហើយចង់ក្លាយជាសហគ្រិនជោគជ័យនោះមិនគួរចាប់ផ្តើមធ្វើអាជីវកម្មភ្លាមៗនោះទេ ត្រូវស្វែងរកការងារធ្វើជាមុនសិន ជាពិសេសការងារណាដែលពាក់ព័ន្ធនឹងអាជីវកម្មដែលខ្លួនមានបំណងចង់បង្កើតថ្មីផ្ទាល់ខ្លួននោះដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែខ្លាំង ហើយពេលធ្វើការឱ្យគេ គឺមិនមែនធ្វើដើម្បីតែប្រាក់ខែនោះទេ តែត្រូវចេះសង្កេតមើលពីចង្វាក់ផលិតកម្ម ការដឹកនាំក្រុមហ៊ុនរបស់គេថា តើគេមានចំណុចសំខាន់អ្វីខ្លះ បានជាក្រុមហ៊ុនរបស់គេទទួលបានជោគជ័យ? ហើយត្រូវខិតខំរៀនសូត្របន្ថែមពីគេឱ្យបានច្រើន រហូតដល់គិតថា ខ្លួនយើងមានសមត្ភាពគ្រប់គ្រាន់ហើយ ពេលនោះសឹមចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ទើបវាមិនបរាជ័យទៅវិញ។
ឧទាហរណ៍ថា បើយើងចង់បើកអាជីវកម្មលក់កាហ្វេ ដូច្នេះត្រូវរកការងារផ្នែកកាហ្វេនេះ ធ្វើហើយខំប្រឹងរៀនសូត្រពីគេ សួរគេឱ្យបានច្រើន និងត្រូវចេះសង្កេតមើលគេថា តើមានកត្តាអ្វីខ្លះទើបការឆុងកាហ្វេរបស់គេមានរសជាតិឆ្ងាញ់ មានអតិថិជនច្រើនសឹងរកកន្លែងចតឡានម៉ូតូ រកកន្លែងអង្គុយមិនចង់បានផង កុំឱ្យដូចអ្នកលក់កាហ្វេខ្លះទីតាំងនៅជិតគេសោះ តែបែរជាហាងខ្លួនឯងស្ងាត់ឈឹង ចំណែកហាងរបស់គេមានមនុស្សតម្រង់ជួរចូលទិញគ្រប់ពេលឥតដាច់រកតែដៃឆុងឱ្យគេមិនទាន់។
ចំណែកចំណុចទី2 លោកពន្យល់ថា ការចាប់ផ្តើមអាជីវកម្មមិនមែនចេះតែធ្វើទៅតាមការនឹកឃើញពេលណាក៏ធ្វើបាននោះទេ ពោលគឺត្រូវចេះមើលឱកាសហុចឱ្យ រួចចាប់យកឱកាសនោះឱ្យជាប់ដើម្បីរៀបចំខ្លួនធ្វើ រួចហើយចាប់យកមកបើកជាអាជីវកម្មតែម្តង។ ឧទាហរណ៍ក្នុងយុគសម័យបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យដីធ្លី គឹជាវិស័យរីកចម្រើនខ្លាំងមូយក្នុងចំណោមវិស័យទាំង4 ដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យឧស្សាហកម្មជាដើម។ បើអ្នកដែលមានធនធានច្រើន គេអាចបើកអាជីវកម្ម ឬក្រុមហ៊ុនខ្នាតធំដើម្បីស្វែងរកប្រាក់ចំណេញច្រើនបាន។ ចំណែកអ្នកមិនសូវមានធនធានក៏អាចមានឱកាសធ្វើការលើវិស័យនេះបានដែរដូចជាធ្វើជាភ្នាក់ងារអចលនទ្រព្យ ឬឈ្មួញកណ្ដាល(កួកជេ)ក៏អាចរកកម្រៃជើងសាបានច្រើនដែរ ដោយសារវិស័យដីធ្លីនេះកំពុងមានការរីកចម្រើនខ្លាំង។ វិស័យសំណង់ក៏កំពុងមានការរីកដុះដាលខ្លាំងឡើងដែរដែលធ្វើឱ្យអ្នកជំនួញជាច្រើន មិនថាតែអ្នកជំនួញក្នុងស្រុកទេ សូម្បីតែជនបរទេសក៏ពួកគេចូលមករកស៊ីលក់គ្រឿងសម្ភារសំណង់នៅក្នុងទីផ្សារប្រទេសកម្ពុជាដែរ ដែលអ្នកណាៗក៏ដឹងដែរថា វិស័យសំណង់បានកើនឡើងខ្លាំង តម្រូវការគ្រឿងសម្ភារសំណង់ក៏កើនឡើងខ្លាំងដូចគ្នា។ លោកថា បើរកស៊ីមិនសម្លឹងមើលឱកាស ហើយចេះតែបើកតាមចិត្តចង់ទោះជាមានសមត្ថភាព មានធនធានមនុស្សគ្រប់គ្រាន់ មានថវិកាសម្រាប់ទប់ និងត្រៀមបម្រុងច្រើនប៉ុនណាក៏ដោយ ក៏អាចដួលរលំបានដែរ ឬបើដំណើរការ ក៏ទៅមុខយឺតដែរ។
ចំពោះឱកាសនេះ ក៏យើងត្រូវចេះមើលទៅលើប្រព័ន្ធច្បាប់ផងដែរ ដូចជាថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យថ្មីមួយដើម្បីលើកកម្ពស់ និងលើកទឹកចិត្តដល់សហគ្រិនដែលជាម្ចាស់សហគ្រាសខ្នាតតូច និងមធ្យម ដូចជាបញ្ចុះតម្លៃអគ្គិសនីដល់អាជីវកម្មដែលទើបបើកថ្មី មិនយកពន្ធរយៈពេល3ឆ្នាំលើប្រាក់ចំណេញ មិនយកពន្ធ 5ឆ្នាំលើប្រាក់ចំណូល បន្ថែមទឹកប្រាក់ 150ភាគរយលើគ្រឿងយន្តកសិកម្ម និងបន្ថែមប្រាក់ 200ភាគរយលើវិស័យអប់រំ ជាដើម។ គោលនយោបាយថ្មីទាំងនេះ មានគោលដៅលើកកម្ពស់ផលិតកម្មក្នុងស្រុកឱ្យបានច្រើន និងកាត់បន្ថយការនាំចូលឱ្យបានកាន់តែច្រើនផងដែរ។ ចំណែកវិស័យសំណង់ រដ្ឋនៅគិតពន្ធលើរបបម៉ៅការនៅឡើយ មិនទាន់គិតពន្ធលើរបបពិតនៅឡើយទេ ដែលនេះជាឱកាសម្រាប់សហគ្រិនស្វែងរកប្រាក់ចំណេញបានច្រើន និងធ្វើឱ្យអាជីវកម្មរបស់ខ្លួនរីកចម្រើនឆាប់រហ័ស។
ចំណែកចំណុចទី3 ទាក់ទងនឹងអាយុរបស់សហគ្រិន បើសិនជាមនុស្សនោះនៅក្មេងពេក គឺមិនទាន់អាចធ្វើអាជីវកម្មបានទេ ហើយដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ ឬហានិភ័យក្នុងអាជីវកម្ម គាត់គួររកការងារធ្វើជាបុគ្គលិកគេជាមុនសិន ទោះជាខ្លួនរៀនចប់ពីសាលាណាក៏ដោយ។ ការធ្វើដូច្នេះ គឺដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យបានខ្លាំងជាមុនសិន។ ឧទាហរណ៍យុវជនម្នាក់ចង់រកស៊ីបើកហាងអ៊ុតសក់បើសិនទើបតែរៀនចប់ ហើយនៅក្មេងផងនោះ មិនគួរបើកហាងអ៊ុតសក់ដោយខ្លួនឯងភ្លាមៗទេ ព្រោះជួនកាលខ្លួនឯងមានលុយតិចតួច រួចខំទៅខ្ចីប្រាក់បងប្អូនមកបើក…ទុនបម្រុងក៏គ្មាន បទពិសោធក៏គ្មាន ម៉ូយក៏មិនទាន់មាន បើកបានមួយរយៈ ក៏ដួលទៅវិញ ក្ស័យទុន អស់ដើម អស់ចុង។ ដូច្នេះ បើយកល្អ គួរខំប្រឹងធ្វើការឱ្យគេឱ្យបានល្អជាមុនសិន ពេលកាត់សក់ឱ្យគេល្អ គេតែងសុំលេខយើងទុកហើយៗទោះយើងទៅធ្វើការនៅទីណាក៏គេនៅតែតាមកាត់ដែរ។ និយាយដូចនេះហាក់ដូចប៉ះពាល់ក្រមសីលធម៌បន្តិច ប៉ុន្តែវាជាធាតុសត្យានុម័ត មិនមែនយើងទាញភ្ញៀវពីហាងចាស់របស់គេមកទេ តែភ្ញៀវគេស្ម័គ្រចិត្តមកតាមយើង វាជារឿងរបស់ភ្ញៀវទេព្រោះធម្មតា កន្លែងណាកាត់ល្អ គេទៅកន្លែងនោះហើយ ក្រៅពីមានសមត្ថភាព និងមានភ្ញៀវនៅក្នុងដៃស្រាប់ហើយ។ រឿងមួយទៀត គឺយើងក៏ត្រូវចេះគុណគូរការចំណាយ និងចំណូលក្នុងក្រុមហ៊ុនរបស់គេផងដែរ ដើម្បីឱ្យអាចដឹងថា គេរកស៊ីចំណេញ ឬមិនចំណេញ។
យ៉ាងណាមិញ ការចាប់ផ្តើមអាជីវកម្មថ្មីមួយ វាតែងមានគូប្រកួតប្រជែងនៅលើទីផ្សារដោយចៀសមិនរួចនោះទេ ដូច្នេះនៅពេលដែលយើងចាប់ផ្តើមក្រោយគេ យើងត្រូវធ្វើយ៉ាងណាធ្វើឱ្យបានល្អជាងគេ ទាំងគុណភាព និងតម្លៃ ដើម្បីឱ្យអតិថិជនបែរមកទទួលយកផលិតផល ឬសេវាកម្មដែលថ្មីរបស់យើងវិញ តែបើធ្វើមិនបានដូចរបស់គេទេ គួរកុំចំណាយលុយធ្វើអី វាប្រាកដជាមិនអាចជោគជ័យនៅលើទីផ្សារបានឡើយ ប៉ុន្តែដើម្បីធ្វើឱ្យប្រសើរឡើងនោះ មុននឹងចាប់ផ្តើមអាជីវកម្ម អ្នកគួរតែធ្វើការស្រាវជ្រាវទីផ្សារឱ្យបានច្បាស់ដើម្បីឱ្យដឹងថាផលិតផល ឬសេវាកម្មដែលយើងកំពុងចង់បើករកស៊ីនោះនឹងមានការគាំទ្រដែរឬទេ? ឬមានការគាំទ្រខ្លាំងប៉ុនណានៅលើទីផ្សារ?។
ជាមួយគ្នានេះលោកបណ្ឌិត តាន់ មុន្នីវណ្ណ អគ្គនាយករងក្រុមហ៊ុនម៉ុងឬទ្្ធីគ្រុប ក៏បានបង្ហាញពីបទពិសោធការបើកក្រុមហ៊ុនដំបូងរបស់លោកឱ្យដឹងដែរថា ដើមឡើយដោយសារទុកចិត្តលើសមត្ថភាពជនបរទេសដែលគេពូកែនិយាយ និងពេលខ្លះលាយឡំដោយការកុហកផងដែរនោះបានធ្វើឱ្យលោកជឿទុកចិត្តបណ្តាក់ទុនរកស៊ីជាមួយគេ ចុងក្រោយគេធ្វើរបាយការណ៍ចំណាយច្រើនជាងចំណូល នាំឱ្យក្រុមហ៊ុនរកស៊ីខាតដែលតម្រូវឱ្យយើងបន្ថែមទុនបន្ថែមដើម្បីទប់ទល់កុំឱ្យដួលរលំ ជាហេតុបណ្តាលឱ្យលោកខាតបង់លុយកាក់អស់ជាច្រើន។ ចុងក្រោយទើបរកឃើញថា គេធ្វើរបាយការណ៍បោកប្រាស់ ហើយក៏ឈប់រកស៊ីជាមួយគ្នាតទៅទៀត។ ចំណុចនេះលោកបានលើកឡើងជាអនុសាសន៍ថា បើចង់រកស៊ីចូលហ៊ុនគ្នាបើកអាជីវកម្មគួរតែប្រុងប្រយ័ត្នក្នុងការជ្រើសរើសដៃគូ ឬភាគហ៊ុនណាដែលល្អ និងមានភាពស្មោះត្រង់ ព្រោះអ្នកខ្លះគេល្អ គេស្មោះត្រង់ ខំប្រឹងធ្វើការអស់ពីសមត្ថភាព ចំណាយពេលដើម្បីធ្វើការឱ្យរីកចម្រើនទៅមុខទាំងអស់គ្នា ហើយក៏មិនខ្វះដែរសម្រាប់ដៃគូដែលមិនស្មោះត្រង់ ចង់កេងចំណេញតែពីលើយើងគ្រប់ពេលវេលានោះ ដូច្នេះមុននឹងរកស៊ីចូលហ៊ុនគ្នា គួរប្រុងប្រយ័ត្នចំពោះដៃគូរបស់ខ្លួនជាមុនដែរ៕