ប្រទេសកម្ពុជាត្រូវការពង្រឹងលើចំណុច4ជាចម្បងសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលកត្តាទាំង4 នោះរួមមាន ការពង្រឹងសមត្ថភាពគុណភាព ការផ្ដល់ប្រភពទុន និងមានទីផ្សារច្បាស់លាស់ ដើម្បីពង្រីកលទ្ធភាពចូលរួមការប្រកួតប្រជែងលើទីផ្សារក្នុង និងក្រៅប្រទេស។ នេះបើតាមការលើកឡើងរបស់នាយិការប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯប្រទេសស្វ៊ីស។
លោកស្រី អារ៉ាន់ឆា ហ្គុនហ្សាឡេស (Arancha Gonzalez) នាយិកាប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Center) បានលើកឡើងថា៖ “ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមSMEឱ្យកាន់តែរឹងមាំឡើង កម្ពុជាត្រូវគិតដល់កត្តាចំនួន 4ចម្បង”។
លោកស្រី អារ៉ានឆា លើកឡើងថា ទាក់ទងនឹងបញ្ហានេះ ដើម្បីជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរឹងមាំ កម្ពុជាត្រូវឈរលើកត្តា 4ចំណុច ក្នុងនោះទី1 ត្រូវធ្វើយ៉ាងណាឱ្យសហគ្រាស SME មានសមត្ថភាពល្អអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទី2 គុណភាពនៃផលិតផលដើម្បីនាំចេញ។ ទី3 ការទទួលបាននូវប្រភពទុន និងឥណទាន និងទី4 ទាក់ទិននឹងទីផ្សារដែលតម្រូវឱ្យមានទីផ្សារពិតប្រាកដច្បាស់លាស់ ក្នុងការទទួលយកផលិតផលដែលផលិតដោយ SME។
លោកស្រីបានបញ្ជាក់ទៀតថា នៅខែវិច្ឆិកាខាងមុខនេះ លោកស្រីនឹងអញ្ជើញ SME របស់កម្ពុជាទៅចូលរួមតាំងពិព័រណ៍នៅទីក្រុងស៊ាងហៃ ប្រទេសចិន ហើយនៅខែក្រោយនេះដែរ លោកស្រីនឹងធ្វើអង្កេតពីការប្រឈមរបស់SMEក្នុងប្រទេសកម្ពុជាថា តើនឹងមានបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីរិះរកវិធីសាស្រ្តក្នុងការជួយដល់ប្រទេសកម្ពុជា ពីព្រោះថា កម្ពុជាពិតជាមានសមត្ថភាពច្រើនក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់ខ្លួនដើម្បីពង្រីងសមត្ថភាពឱ្យកាន់តែមានភាពប្រកួតប្រជែងប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់ SME ដែលជាចលករជំរុញឱ្យវិស័យពាណិជ្ជកម្មកាន់តែខ្លាំងក្លាឡើង។
លោកឧកញ៉ា តែ តាំងប៉រ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធ្លាប់បានលើកឡើងថា SME របស់កម្ពុជា អាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ខណៈសហគ្រាសមួយចំនួនកំពុងចុះបញ្ជីទទួលស្គាល់កម្រិតស្ដង់ដារ ដើម្បីប្រកួតប្រជែងទីផ្សារក្នុងតំបន់អាស៊ាន។ លោកក៏បានស្នើឱ្យរដ្ឋាភិបាលកាត់បន្ថយការនាំចូលផលិតផលសម្រេចពីបរទេសដែលហូរចូលមកទីផ្សារកម្ពុជា និងជួយរកទីផ្សារបន្ថែមទៀតដើម្បីជួយឱ្យសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើន។
លោកជំទាវឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលីផលិតនំស្រួយបានមានប្រសាសន៍ថា ចំណុចទាំង4ដែលលោកស្រីCEOមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានលើកឡើងនោះ វាសុទ្ធតែជាកត្តាធំៗដែលពាក់ព័ន្ធនឹងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាហើយជាចំណុចដែលSME របស់កម្ពុជាខ្វះសឹងតែទាំងអស់ បើមានក៏មានក្នុងស្ថានភាពភាគរយតិចបំផុត។ បានន័យថា មានភាពទន់ខ្សោយដែលធ្វើឱ្យឧស្សហកម្មក្នុងស្រុកពិបាកក្នុងការលូតលាស់។ តែសម្រាប់ក្រុមហ៊ុនលីលី មានភាគរយនៃចំណុចទាំង4 ខ្ពស់បន្តិច ដែលធ្វើឱ្យក្រុមហ៊ុនយើងមានការលូតលាស់គួរសម។
លោកជំទាវនាយិកាបានឱ្យដឹងថា ចំណុចទី1ដែលពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពឱ្យល្អដើម្បីអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារនោះ គឺវាទាក់ទងនឹងធនធានមនុស្សដែលត្រូវការការបណ្តុះបណ្តាល។ ចំណុចទី2 ទាក់ទងនឹងគុណភាពនៃផលិតផលដើម្បីនាំចេញ គឺយើងមានការបណ្តុះបណ្តាលក្នុងការត្រួតពិនិត្យផលិតផលដែលត្រូវបានផលិតឡើងតាមស្ដង់ដារ ISO និងទទួលស្គាល់គុណភាពពីបណ្ដាអង្គការមួយចំនួនទៀតដូចជាអង្គការAPO UNIDO និង JICA ជាដើម។
លោកជំទាវឧកញ៉ា កែវ មុំ បានបញ្ជាក់បន្ថែមថាទី3 ការទទួលបាននូវប្រភពទុន និងឥណទាន វាជាការលំបាកសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រោះSMEយើងនៅមានការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ ហេតុដូច្នេះហើយទើបពួកគាត់ពិបាកនឹងរកប្រភពទុនជាកម្ចីពីធនាគារជាដើមដែលគេត្រូវការដីធ្លី ឬអចលនទ្រព្យ ឬជាសហគ្រាសមានកេរ្តិ៍ឈ្មោះ ដែលគេទទួលស្គាល់ច្រើន។ ចំណុចទី4 គឺផ្សារពិតប្រាកដក្នុងការទទួលយកផលិតផលដែលផលិតដោយ SME កម្ពុជា។ សម្រាប់ SME យើង បើខ្វះ3ចំណុចខាងលើ តើយើងនឹងបានផលិតផលបែបណាដើម្បីរកទីផ្សារ? ដូច្នេះយើងក៏ពិបាកនឹងចូលទីផ្សារដែរ។ តែសម្រាប់ក្រុមហ៊ុនលីលី និងក្រុមហ៊ុនមួយចំនួនមានភាគរយចំណុចទាំង3ខាងលើរាងខ្ពស់ជាងគេបន្តិច ទើបធ្វើឱ្យសហគ្រាសមួយចំនួននោះ រួមទាំងក្រុមហ៊ុនលីលីផងអាចរកទីផ្សារ និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសបាន។
លោកជំទាវនាយិកាបានឱ្យដឹងថា អ្វីដែលរដ្ឋាភិបាលគួរជំរុញសម្រាប់SME គឺត្រូវជួយលើ3ចំណុច(សមត្ថភាពល្អ គុណភាពនៃផលិតផល និងប្រភពទុន)ឱ្យបានខ្លាំង នោះទីផ្សារពិតប្រាកដមិនពិបាករកឡើយ តែអ្វីៗជាដំបូង និងជាសំខាន់នោះគឺសហគ្រាសទាំងអស់ត្រូវតែខិតខំពីខ្លួនឯងជាមុនសិន ហើយកែប្រែនូវចំណុចខ្វះខាតដើម្បីដើរឱ្យទាន់នូវអ្វីដែលគេខំបង្ហាញឱ្យយើងដឹងនូវចំណុចខ្វះខាត និងឱ្យសមនឹងឆន្ទៈដែលរដ្ឋាភិបាលបានជំរុញក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើនលូតលាស់៕