និន្នាការនៃការប្រើប្រាស់បណ្តាញអុីនធើណិតនៅកម្ពុជាមានការកើនឡើងខ្លាំងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែយុវជនមួយចំនួនមិនបានប្រើប្រាស់សម្រាប់ជាប្រយោជន៍នោះទេ ពោលគឺបានត្រឹមប្រើប្រាស់សម្រាប់ការកម្សាន្តទៅវិញ ដែលនេះជាកត្តាធ្វើឱ្យខាតបង់ពេលវេលា និងការចំណាយថវិកាខុសគោលដៅជាដើម។
លោកបណ្ឌិត ឡាយ សុខហេង សាស្ត្រាចារ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានប្រសាសន៍ថា យោងតាមគំនូសដ្យាក្រាមបង្ហាញថា ការប្រើប្រាស់ប្រព័ន្ធអុីនធើណិតនៅកម្ពុជា ភាគច្រើននៅក្នុងស្រទាប់យុវវ័យ និងបុគ្គលិកបំពេញការងារតាមស្ថាប័ននានា ចំណែកមនុស្សដែលមានវ័យចំណាស់មិនសូវមានចំណាប់អារម្មណ៍ក្នុងការប្រើប្រាស់បណ្តាញអុីនធើណិតនេះប៉ុន្មានទេ។
លោកថា ការប្រើបណ្តាញអុីនធើណិតអាចទទួលបានគុណសម្បត្តិ និងគុណវិបត្តិត្រឡប់មកវិញដូចគ្នា ប្រសិនបើយើងមិនបានប្រើប្រាស់ដោយយកចិត្តទុកដាក់ទេនោះ។ ការប្រើប្រាស់ឱ្យកើតជាគុណប្រយោជន៍ គឺស្ថិតនៅត្រង់ថាបណ្តាញអុីនធើណិតត្រូវបានគេប្រើប្រាស់សម្រាប់ធ្វើការស្រាវជ្រាវប្រភពព័ត៌មានផ្សេងៗ ពិសេសព័ត៌មានសេដ្ឋកិច្ចដែលអាចឱ្យយើងសម្រេចចិត្តមុននឹងចាប់ផ្តើមធ្វើអាជីវកម្មណាមួយ។ សម្រាប់និស្សិត ឬសិស្សវិញ ពួកគាត់អាចប្រើប្រាស់ដើម្បីស្រាវជ្រាវឯកសារបន្ថែមលើមេរៀនរបស់ខ្លួន កសិករអាចមើលតម្រូវការទីផ្សារ មុននឹងសម្រេចចិត្តប្រកបរបរដាំដុះដំណាំណាមួយដើម្បីឱ្យច្បាស់ថាក្រោយពេលប្រមូលកសិផលរួច នឹងមានតម្រូវការប្រើប្រាស់ច្រើន។
ទន្ទឹមនឹងនេះ បើសិនជាយើងមិនបានប្រុងប្រយ័ត្នទេនោះ បណ្តាញអុីនធើណិតនឹងផ្តល់ជាគុណវិបត្តិមកយើងវិញដូចគ្នា។ ឧទាហរណ៍ថា នៅពេលឃើញព័ត៌មានសេដ្ឋកិច្ចណាមួយហើយ យើងមិនបានស្រាវជ្រាវបន្ថែមឱ្យបានច្បាស់ទាក់ទងទៅនឹងប្រភព ឬស្ថាប័នអ្នកសរសេរព័ត៌មាននោះវាជាហេតុធ្វើឱ្យយើងមិនដឹងថា តើព័ត៌មាននោះអាចគួរឱ្យទុកចិត្តបានកម្រិតណា មុននឹងយកមកពិចារណាធ្វើការវិភាគដោយខ្លួនឯងបន្ថែម។ ប្រសិនបើគ្រាន់តែឃើញព័ត៌មានហើយមិនបានវិភាគឱ្យបានច្បាស់ វាធ្វើឱ្យយើងអាចសម្រេចចិត្តខុស នាំឱ្យខាតបង់ថវិកាក្នុងការធ្វើកិច្ចការអ្វីមួយនោះបាន។ ដោយឡែកសម្រាប់យុវជន បើសិនជាគាត់មើលពីព័ត៌មានសិក្សា ព័ត៌មានរកការងារ គឺជារឿងល្អប្រសើរណាស់ ប៉ុន្តែបើគាត់បែរជាបើកមើលរឿងដែលមិនល្អ រឿងអាសអាភាសផ្សេងៗជាដើមវិញនោះ វានឹងជះឥទ្ធិពលមិនល្អដល់សីលធម៌សង្គម នាំយកឥទ្ធិពលខាងក្រៅដែលមិនល្អនោះមកបង្កជាបញ្ហាក្នុងសង្គមជាតិ។ ជួនកាលបង្ហោះរូបមិនល្អរបស់បុគ្គលណាម្នាក់ នាំឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់គេធ្ងន់ធ្ងរ រហូតដល់មានការប្ដឹងផ្ដល់គ្នា ឬបើរឿងនោះជាការពិតវិញ អាចធ្វើឱ្យបុគ្គលម្នាក់នោះលែងហ៊ានដើរចេញជួបមហាជនខាងក្រៅក៏មាន។
លោកបន្តថា នៅប្រទេសមួយចំនួន រដ្ឋាភិបាលរបស់គេហាមឃាត់ដល់ក្រុមហ៊ុនផ្តល់សេវាកម្មអុីនធើណិតមិនឱ្យបង្ហោះរឿងអាសអាភាសនោះទេ ព្រោះថា យុវវ័យតែងមានការភ្លើតភ្លើន មិនចេះពិចារណា បណ្ដាលឱ្យទៅបង្កផលអាក្រក់នៅក្នុងសង្គម ឬមានគំនិតអវិជ្ជមានផ្សេងៗក៏មាន។ ករណីនេះលោកស្នើចង់ឱ្យរដ្ឋាភិបាលគិតគូរអំពីផលប៉ះពាល់លើការប្រើប្រាស់បណ្តាញអុីនធើណិតនេះ និងបើសិនមានច្បាប់ហាមឃាត់ការបង្ហោះរូបអាសអាភាសក៏ជាការប្រសើរផងដែរ ដែលការណ៍នេះជាចំណែកនៃការលើកកម្ពស់សីលធម៌សង្គមឱ្យកាន់ល្អប្រសើរឡើង។
តាមរបាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបង្ហាញថា ក្នុងរយៈពេល8ខែនៃឆ្នាំ2018នេះ ចំនួនអ្នកប្រើប្រាស់អុីនធើណិតកើនឡើងជាង 12លាននាក់ ក្នុងចំណោមប្រជាជនខ្មែរជាង15លាននាក់ដែលធ្វើឱ្យទីផ្សារវិស័យនេះរីកធំទូលាយ និងបានរាលដាលទៅដល់តំបន់ជនបទដាច់ស្រយាល ជួយដល់ការតភ្ជាប់ទំនាក់ទំនងការងារការពង្រីកសេវាអាជីកម្ម និងការសិក្សាស្រាវជ្រាវផងដែរ។
និន្នាការនៃការកើនឡើងនៃចំនួនអ្នកប្រើប្រាស់បណ្តាញសង្គមជាពិសេស Facebook បានជំរុញឱ្យការប្រើប្រាស់ប្រព័ន្ធអុីនធើណិតកើនឡើងខ្លាំងផងដែរ ខណៈការពង្រីកបណ្តាញខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ និងការពង្រីកបណ្តាញសេវាក្រុមហ៊ុនឯកជននានា កាន់តែមានវិសាលភាពធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា នៅកម្ពុជាការប្រើប្រាស់បណ្តាញអុីនធើណិតជាមធ្យមកើនឡើងប្រមាណពី20% ទៅ25%ក្នុងឆ្នាំៗ ដែលត្រូវបានគេរំពឹងថាចំនួនអ្នកប្រើប្រាស់អុីនធើណិតនឹងកើនឡើងប្រមាណជិត 13លាននាក់នៅចុងឆ្នាំ2018៕