នេះចាត់ទុកថាមានរាសីឡើងខ្ពស់ត្រដែត ទើបលោក ជ័យ សុវ៉ាត ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងបទ«តួចិត្តអាក្រក់»ក្រោយការបង្ហោះភ្លាមតារាចម្រៀងរបស់ផលិតកម្មសាន់ដេរូបនេះ ទទួលបានការកោតសរសើពីសំណាក់មហាជនជាច្រើននាក់ ជាពិសេសត្រង់ចំនុចរួមបញ្ចូលល្ខោនខោលខ្មែរតែម្ដង។
បទចម្រៀងថ្មីរបស់លោកត្រូវបានគេសរសើរមិនដាច់ពីមាត់ថា ជាបទនិពន្ធថ្មីដែលមានពីរោះទាំងសាច់ភ្លេង អត្ថន័យ ដោយចម្រៀងមួយបទនេះ ក៏ត្រូវនឹងសំឡេងរបស់លោក ហើយអ្វីដែលពិសេសគឺសាច់រឿងMV ជាការដកស្រង់ចេញពីវគ្គមួយក្នុងល្ខោនខោលរឿងរាមកេរ្តិ៍ ដែលតម្រូវឱ្យលោកហ្វឹកហាត់ខ្លួនឯងក្នុងការសម្ដែង។ ម្នាក់ៗបានហៅបទ«តួចិត្តអាក្រក់»របស់លោកថា ជាបទចាក់ដោតអារម្មណ៍អ្នកស្ដាប់ភាគច្រើន ជាពិសេសគឺការផលិតសាច់រឿងដោយបំផុសគំនិតស្រឡាញ់វប្បធម៌ខ្មែរ ដែលគ្រាន់តែឃើញសាច់រឿងភ្លាម ក៏ចង់ទស្សនា និងស្ដាប់បទចម្រៀងមួយនេះភ្លែតតែហ្មង។
អ្នកលេងបណ្ដាញសង្គមបាននាំគ្នាធ្វើការស៊ែរបន្ដ រហូតត្រូវគេឃើញបង្ហោះពាក្យថា ពីរោះណាស់! មានន័យណាស់! អមដោយការសរសើរថា លោក ជ័យ សុវ៉ាត គឺជាអាយដល ក្នុងចិត្តរបស់គេ ដែលកាន់តេធ្វើឱ្យបទចម្រៀងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់បន្ថែមទៀត។ នៅមិនទាន់ដឹងថា ម្ចាស់បទចម្រៀង គឺលោក ជ័យ សុវ៉ាត នឹងមានមោទកភាពចំពោះស្នាដៃមួយនេះយ៉ាងណានោះទេ ប៉ុន្តែគេជឿជាក់ថា លោកពិតជារំភើបចិត្តដែលបទ «តួចិត្តអាក្រក់»ដែលលោកសម្រិតសម្រាំងជាមួយសាន់ដេ ក្លាយជាបទដែលមានការចាប់អារម្មណ៍ភ្លាមៗនៅក្នុងបណ្ដាញហ្វេសប៊ុក និងយូធូបនាពេលនេះ៕