ការធ្វើជាភ្នាក់ងារអចលនទ្រព្យ អ្នកខ្លះគេអាចរកប្រាក់កម្រៃបានច្រើន ប៉ុន្តែអ្នកខ្លះមិនអាចរកកម្រៃជើងសាបានទាល់តែសោះក៏មានដែរ ដោយសារតែអ្នកធ្វើការប្រភេទនេះមួយចំនួនមិនបានចូលរៀនវគ្គបណ្តុះបណ្តាលដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនជាមុន ពោលគឺធ្វើតាមៗគ្នាតាមទម្លាប់បែបសម័យបុរាណប៉ុណ្ណោះ។ ដូច្នេះតើធ្វើដូចម្តេចទើបការងារប្រភេទនេះទទួលបានប្រាក់កម្រៃជើងសាខ្ពស់ត្រឡប់មកវិញ?
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL មានប្រសាសន៍ថា ដើម្បីធ្វើការជាភ្នាក់ងារអចលនទ្រព្យដែលអាចរកប្រាក់កម្រៃជើងសាបានច្រើន លុះត្រាតែបុគ្គលម្នាក់ៗខិតខំអភិវឌ្ឍខ្លួនជាមុនតាមរយៈការចូលរួមវគ្គបណ្តុះ-បណ្តាលជំនាញក្នុងវិស័យអចលនទ្រព្យនេះ។ បន្ទាប់ពីមានសមត្ថភាពហើយនោះ ត្រូវធ្វើការឱ្យមានលក្ខណៈ Professional មានន័យថា ត្រូវមានចំណេះដឹង ជំនាញវិជ្ជាជីវៈពិតប្រាកដទើបមានការទុកចិត្តពីអតិថិជនក៏ដូចជាម្ចាស់ផ្ទះ ឬម្ចាស់ដីដែលចង់លក់ចេញនោះដែរ។
ជាឧទាហរណ៍ បើសិនជាអតិថិជនម្នាក់មកសួរយើងអំពីផលិតផល ឬសួរអំពីដី/ផ្ទះដែលយើងកំពុងដាក់លក់ ហើយយើងឆ្លើយមិនបានច្បាស់លាស់ ពេលខ្លះគេសួរនាំអំពីសក្តានុពលទីតាំងដី ឬផ្ទះនោះ យើងឆ្លើយមិនរួច សួរនាំអំពីប្រព័ន្ធផ្លូវច្បាប់ យើងឆ្លើយរួចខ្លះ មិនរួចខ្លះ នោះគេហៅថា ជាអ្នកកួកជេដែលមិនមានជំនាញវិជ្ជាជីវៈច្បាស់លាស់ និងដែលចេះតែលក់តៗគ្នាតាមទម្លាប់ពីបុរាណ ដែលការធ្វើបែបនេះ អ្នកខ្លះអាចលក់បាន តែអ្នកខ្លះទៀតលក់មិនបាន នាំឱ្យខាតបង់ទាំងការចំណាយចាយវាយប្រចាំថ្ងៃ ខាតបង់ពេលវេលា បាក់ទឹកចិត្តលែងចង់ប្រកបរបរនេះ និងថែមទាំងដើរនិយាយប្រាប់គេកុំឱ្យធ្វើការផ្នែកនេះទៀតផងក៏មានដែរ។
លោកថា ភ្នាក់ងារអចលនទ្រព្យមិនមែនរង់ចាំតែលក់ដើម្បីគ្រាន់តែទទួលបានកម្រៃជើងសាមកវិញតែមួយមុខនោះទេ ប៉ុន្តែខ្លួនគេត្រូវមានសមត្ថភាពក្នុងការរកប្រាក់ចំណេញទៅឱ្យម្ចាស់អចលនទ្រព្យ ម្ចាស់ដី ម្ចាស់ផ្ទះខុនដូ ឬរកប្រាក់ចំណេញទៅឱ្យអតិថិជនវិញផងដែរ។ ជាឧទាហរណ៍ បុរសម្នាក់គាត់មានដីទំហំប្រហែល10ហិកតា ហើយក្នុងមួយម៉ែត្រការ៉េតម្លៃ 1,000ដុល្លារ ជាដីនៅក្នុងក្រុងដែលគាត់លក់យូរឆ្នាំមកហើយ តែលក់មិនចេញសោះ ដោយសារមានតម្លៃថ្លៃពេក សរុបជាទឹកប្រាក់រហូតដល់ទៅ100លានដុល្លារឯណោះ ពិបាករកម៉ូយដាក់ណាស់។ ប៉ុន្តែសម័យនេះ នៅពេលមានដីធំ គឺកាន់តែមានសក្តានុពលខ្លាំងក្នុងការធ្វើផ្ទះលក់ និងទទួលបានផលចំណេញច្រើនជាងលក់ដីនោះទាំងមូលទៀតផង។ ដូច្នេះក្នុងនាមជាអ្នកលក់ យើងត្រូវផ្តល់យោបល់នេះទៅឱ្យម្ចាស់ដី អំពីការសាងសង់នេះជាមួយនឹងគម្រោងផែនការច្បាស់លាស់ដែលអាចជឿទុកចិត្តបាន ដូច្នេះម្ចាស់ដី នឹងបង្វែរពីការលក់ដីមកជាសាងសង់ផ្ទះលក់វិញមិនខាន ព្រោះទទួលបានកម្រៃ ឬប្រាក់ចំណេញច្រើនជាងលក់ដីទៀតផង ហើយនៅពេលដែលម្ចាស់ដីរកប្រាក់ចំណេញបានច្រើន ប្រាកដជាម្ចាស់ដីផ្តល់ប្រាក់កម្រៃដល់យើងកាន់តែច្រើនលើសពី3% ដែលយើងចង់បានទៅតាមផ្លូវច្បាប់នោះផងដែរ។ ហើយនៅពេលម្ចាស់គម្រោងទទួលបានប្រាក់ចំណេញ គាត់នឹងនឹកឃើញយើងរហូតនៅពេលដែលគាត់មានគម្រោងថ្មីៗទៀត គាត់ប្រាកដជារត់មករកយើង ព្រោះយើងជាអ្នករកលុយឱ្យគាត់។
មួយវិញទៀត ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យក៏ត្រូវចេះឆ្លាតដើម្បីប្រយោជន៍ខ្លួនឯងផងដែរ ឧទាហរណ៍ថា នៅពេលដែលយើងលក់ដីឡូតិ៍ ឬលក់ផ្ទះបានមួយល្វែងទៅឱ្យអតិថិជនម្នាក់ យើងប្រាកដជាបានកម្រៃជើងសាពីម្ចាស់ដីឡូតិ៍ ឬផ្ទះល្វែងនោះមិនខានប៉ុន្តែនៅពេលដែលអតិថិជនដដែលនាំបងប្អូនកូនក្មួយមកទិញបន្ត ហើយគេទាររកកម្រៃជើងសាដែរនោះ តើយើងត្រូវធ្វើដូចម្តេចបើយើងជាឈ្មួញកណ្តាលនាំផលិតផលទៅលក់ឱ្យគេនិងនាំគេមកទិញផលិតផលដដែលនោះ? ដូច្នេះយើងត្រូវរៀបចំឱ្យមានប្រព័ន្ធស្តង់ដារដែលអាចជឿទុកចិត្តបានទាក់ទងនឹងកម្រៃជើងសាអ្នកនាំមកផ្ទាល់បានប៉ុន្មានភាគរយ និងអ្នកនាំមកប្រយោលបានប៉ុន្មានភាគរយចែកគ្នាឱ្យច្បាស់ ឱ្យបានផលចំណេញទាំងអស់គ្នានោះប្រាកដជាអាចធ្វើការស្វែងរកប្រាក់កម្រៃជើងសារជាមួយគ្នាបានយូរ មានទំនុកចិត្តលើគ្នា និងមានចិត្តរីករាយជាមួយគ្នាទៀតផង។
ពាក់ព័ន្ធករណីថៅកែសង់ផ្ទះល្វែងលក់ ឬពុះដីឡូតិ៍លក់ ត្រូវគិតពីប្រយោជន៍របស់អតិថិជន គិតពីកេរ្តិ៍ឈ្មោះខ្លួនឯង កុំគិតតែពីប្រាក់ចំណេញតែមួយមុខខ្លាំងពេក។ បើសិនជាមានគម្រោងផ្ទះល្វែងលក់ ឬពុះដីឡូតិ៍លក់ត្រូវគិតទៅដល់ភាពសុខដុមរមនា គិតទៅដល់ផាសុកភាពក្នុងការរស់នៅរបស់អតិថិជន ដូចជាទុកចំណីផ្លូវធំទូលាយ មានផ្លូវសម្រាប់ថ្មើជើងចែកដាច់ដោយឡែកពីផ្លូវបើកបររថយន្ត មានដាំដើមឈើសម្រាប់ផ្តល់ម្លប់ត្រជាក់ និងបរិស្ថានបៃតង មានទីតាំងសម្រាប់សង់រោងបុណ្យ ឬរោងការ មានទីធ្លាសម្រាប់ហាត់ប្រាណ និងសាងសង់សួនច្បារសម្រាប់កុមារលេងឱ្យបានធំទូលាយ ហើយនៅពេលដែលយើងគិតគូរពីប្រយោជន៍របស់អតិថិជនយើងហើយ យើងនឹងបានផលប្រយោជន៍មកវិញតាមរយៈការផ្តល់ទំនុកចិត្តពីសំណាក់អតិថិជន ហើយអតិថិជននឹងមកទិញគម្រោងយើងវិញ តាមរយៈការបង្កើតគម្រោងគំរូខាងលើ។ បើសិនជាធ្វើដូច្នោះបាន នោះគម្រោងយើងនឹងមានកេរ្តិ៍ឈ្មោះបោះសំឡេង បង្កើតគម្រោងលក់ក្រោយៗទៀតនឹងមិនខ្វះអ្នកទិញនោះទេ។
លោកថា មកទល់ពេលនេះ មានម្ចាស់គម្រោងផ្ទះល្វែងមួយចំនួនធ្វើដូចខាងលើខ្លះៗហើយ ប៉ុន្តែមិនទាន់មានគ្រប់គ្រាន់នោះទេ ពោលគឺមានត្រឹមតែសួនច្បារ ឬទីតាំងហាត់ប្រាណប៉ុណ្ណោះ មិនទាន់មានទីតាំងសម្រាប់សង់រោងការ ឬរោងបុណ្យរួមនៅឡើយ ហើយករណីនេះលោកបានជំរុញដល់ម្ចាស់គម្រោងគួរគិតគូរធ្វើឡើងដើម្បីធ្វើជាគំរូសម្រាប់ដល់គម្រោងក្រោយៗធ្វើតាមទៀត ដែលជាគោលដៅប្រកួតប្រជែងដែលអាចនាំឱ្យចំណេញទាំងអស់គ្នា ចំណេញទាំងម្ចាស់គម្រោង ចំណេញទាំងអតិថិជនរស់នៅក្នុងគម្រោងបុរីនោះផងដែរ៕