ខ្សែប្រយុទ្ធ Romelu Lukaku នឹងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងយកចិត្តទុកដា នៅពេលដែលរូបគេប៉ះជាមួយនឹងអតីតក្លិបរបស់គេ Everton នៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ ដោយសម្លឹងរកចាប់ផ្តើមរដូវកាលមួយ ដែលកំពុងតែផ្តល់ការខកចិត្តដល់រូបគេ និងក្រុម Manchester United របស់គេ។
ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះ ត្រូវបានរិះគន់យ៉ាងខ្លាំង ក្រោយពីក្រុម Man United បានរងបរាជ័យក្នុងលទ្ធផល 1-0 នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Juventus កាលពីពាក់កណ្តាលសប្តាហ៍នេះ ដើម្បីការមិនអាចរកគ្រាប់បាល់បញ្ចូលទីរបស់គេរហូតដល់ទៅ៨ប្រកួត។
Lukaku វ័យ 25ឆ្នាំ ដែលត្រូវបានទិញដោយក្លិប Man United ពីក្លិប Everton ក្នុងតម្លៃខ្លួន 75លានផោន (ស្មើនឹង 96លានដុល្លារអាមេរិក) កាលឆ្នាំ2017 នៅតែស្ថិតក្នុងភាពមុតស្រួចក្នុងការប្រកួតអន្តរជាតិ ក្រោយពីការស៊ុតបាល់បញ្ចូលទី5 គ្រាប់សម្រាប់ប្រទេសរបស់គេ ក្នុងការប្រកួតអន្តរជាតិ4 លើកនៅរដូវកាលនេះ។
ក្នុងដំណាក់កាលដូចគ្នានេះ កាលពីរដូវកាលមុន រូបគេបានស៊ុតបាល់បញ្ចូលទី5 គ្រាប់ ក្នុងការប្រកួត3 លើកសម្រាប់ក្រុមជម្រើសជាតិបែលហ្ស៊ិក ប៉ុន្តែរូបគេក៏បានស៊ុតបាល់បញ្ចូល 11គ្រាប់ក្នុងការបង្ហាញខ្លួន 13លើកសម្រាប់ក្លិបរបស់គេផងដែរ។ គ្រាប់បាល់របស់ Lukaku សម្រាប់ក្រុម Man Utd បានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅរដូវកាលនេះ ក្រោយពីរូបគេរកបានត្រឹមតែ4គ្រាប់គត់ក្នុងការប្រកួត 13លើកសម្រាប់ក្រុមរបស់លោក Jose Mourinho។
លោក Mourinho បានទទួលស្គាល់ក្រោយពីការប្រកួតជាមួយនឹងក្រុម Juventus ថា Lukaku ពិតជាធ្លាក់ចុះទម្រង់លេង ប៉ុន្តែ កាលពីថ្ងៃសុក្រ ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួតរបស់លោក លោកបានលើកទឹកចិត្តឲ្យ Lukaku ស្វែងរកទម្រង់លេងដ៏ល្អរបស់គេត្រឡប់មកវិញ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 11យប់៕
ប្រភពពី៖ Channel News Asia