ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងពីការទទួលទានបន្លែមានសុវត្ថិភាព (គ្មានជាតិគីមី) ក្រសួងពាណិជ្ជកម្ម បានរៀបចំសិក្ខាសាលាមួយនៅក្នុងបរិវេណនៃសាកលវិទ្យាល័យខេត្តបាត់ដំបង ដើម្បីបញ្ជ្រាបការយល់ដឹងដល់និស្សិត ពលរដ្ឋ ក៏ដូចជាសាធារណជនទូទៅឱ្យមានការប្រុងប្រយ័ត្នចំពោះការទទួលទានអាហារ ដែលមានសារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាព។
សិក្ខាសាលានេះ ធ្វើឡើងចំពេលដែលក្រសួងកំពុងរៀបចំពិព័រណ៌ពាណិជ្ជកម្មផលិតផលខ្មែរលើកទី2 នៅទីលានបាល់ទាត់ខេត្តបាត់ដំបងចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី28 ខែឧសភា ដោយមានទំនិញជាផលិតផលកសិករខ្មែរគ្រប់ប្រភេទដាក់តាំងលក់នៅទីនោះ។
ឯកឧត្តម ប៉ាន សូស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា សិក្ខាសាលានេះមានបំណងពន្យល់សិក្ខាកាមឲ្យយល់ច្បាស់អំពីសារៈសំខាន់នៃការប្រើប្រាស់ផលិតផលខ្មែរ ការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងផ្តល់ជាពុទ្ធិទាក់ទងនឹងសុវត្ថិភាពទំនិញម្ហូបអាហារ ដែលកំពុងចរាចរលក់នៅលើទីផ្សារ សំដៅទប់ស្កាត់ និងបង្ការមិនឲ្យមានហានិភ័យ ឬផលប៉ះពាល់ផ្សេងៗដល់សុខមាលភាព។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងលើកស្ទួយផលិតផលខ្មែរ តាមរយៈការដាក់ចេញនូវយុទ្ធនាការទិញផលិតផលខ្មែរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការចរចាក្រោមក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ការចូលរួមពិព័រណ៍អន្តរជាតិ ព្រមទាំងការបង្កើតឲ្យមានមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅតាមទីក្រុងធំៗនៃប្រទេសចិនដើម្បីជំរុញការធ្វើពិពិធកម្មវិស័យនាំចេញជាដើម។
ពាក់ព័ន្ធជាមួយសុវត្ថិភាពម្ហូបអាហារ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជម្រាបជូនសិក្ខាកាមអំពីការរៀបចំសិក្ខាសាលាខ្លីៗរបស់ក្រសួងដើម្បីអប់រំសាធារណជន ជាពិសេសផលិតករ និងសហគ្រិន នូវរបៀបវេចខ្ចប់ទំនិញប្រកបដោយសោភ័ណភាព មានគុណភាព និងអនាម័យខ្ពស់ស្របតាមបទដ្ឋានស្តង់ដារជាតិ និងអន្តរជាតិដែលអាចទាក់ទាញទំនុកចិត្ត និងការគាំទ្រកាន់តែច្រើនពីអ្នកប្រើប្រាស់។
សូមជម្រាបថា បច្ចុប្បន្នបន្លែអសុវត្ថិភាពឬហៅថាបន្លែ ត្រី សាច់ ដែលមានសារធាតុគីមីត្រូវបានគេនាំចូលពីប្រទេសជិតខាង ពិសេសវៀតណាម និងថៃ ដើម្បីយកមកដាក់លក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជាដែលប្រជាជនគួរយល់ដឹង និងចេះស្វែងរកអាហារណាដែលគ្មានសារធាតុគីមី សម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ ចៀសវាងផលប៉ះពាល់សុខភាពដែលនាំឱ្យខាតបង់ថវិកាក្នុងគ្រួសារ៕