ខ្សែប្រយុទ្ធ Danny Welbeck បានដណ្តើមយកប្រៀបលើការធ្វេសប្រហែសក្នុងតំបន់ការពារ ដើម្បីដណ្តើមយកជ័យជម្នះក្នុងលទ្ធផល 1-០ សម្រាប់ក្រុម Arsenal នៅលើទឹកដីក្រុម Sporting Lisbon ក្នុងក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប 7សម័យកាល AC Milan បានចាញ់លើទឹកដីខ្លួនឯង ក្រោមស្នាដៃក្រុម Real Betis។
ក្រុមកាំភ្លើងធំរបស់លោក Unai Emery បច្ចុប្បន្នបានកត់ត្រាជ័យជម្នះ 11លើកជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ ដែលជាកំណត់ត្រាដ៏ល្អបំផុតរបស់ក្លិបនេះចាប់តាំងពីឆ្នាំ2007 ខណៈដែលជ័យជម្នះនេះ បានធ្វើឱ្យពួកគេខិតចូលកាន់តែកៀកក្នុងការឈានទៅវគ្គ 32ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League។
ស្របពេលជាមួយគ្នានេះ AC Milan របស់លោក GennaroGattuso បានបាត់បង់ពិន្ទុជាលើកទី1 របស់ពួកគេ ក្នុងពូល F ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ Antonio Sanabria និង Giovani Lo Celso ដែលខ្ចីជើងពីក្លិប Paris Saint-Germain មកនោះបានជួយឱ្យក្រុម Betis ដណ្តើមបានជ័យជម្នះ 2-1 ក្នុងប្រទេសអ៊ីតាលី។
ក្នុងការប្រកួត 1គូទៀតក្នុងទីក្រុងឡុងដ៍ឯណោះវិញ ខ្សែបម្រើ Ruben Loftus-Cheekបានបង្ហាញថ្វីជើងនៅថ្ងៃនៃការបង្ហាញខ្លួនក្នុងជម្រើសដំបូងដ៏កម្រសម្រាប់ក្រុមChelsea តាមរយៈការស៊ុតបាល់បញ្ចូលទី 3គ្រាប់ក្នុងពេលពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 3-1 លើក្រុម BATE របស់បេឡារុស ក្នុងការប្រកួតក្របខ័ណ្ឌEuropa League ស្របពេលដែលក្រុម Arsenal បន្តកំណត់ត្រាឈ្នះជាប់ៗគ្នារបស់ពួកគេរហូតដល់ទៅ 11លើកនៅលើទឹកដីក្រុម Sporting Lisbon។
Loftus-Cheek ដែលជាសមាជិកនៃក្រុមជម្រើសជាតិអង់គ្លេស ក្នុងយុទ្ធនាការWorld Cup នៅរុស្ស៊ីបានចូលលេងក្នុងជម្រើសទាំង 11នាក់ដំបូងជាលើកទី2 នៅរដូវកាលនេះក្រោមការដឹកនាំរបស់លោកMaurizio Sarri និងស៊ុតបាល់បញ្ចូលទីបាន 2គ្រាប់ក្រោយពីលេងបានត្រឹមតែ 8នាទីដំបូង ខណៈដែលChelsea បានគ្រប់គ្រងការលេងស្ទើរតែទាំងស្រុងនៅកីឡដ្ឋាន Stamford Bridge។
ខ្សែបម្រើរូបនេះ បានបំពេញគ្រាប់បាល់ទី3 របស់គេតាមរយៈការស៊ុតបាល់ពីជ្រុងម្ខាង ខាងក្រៅប្រអប់គ្រោះថ្នាក់ នៅនាទីទី54 បើទោះបីក្រុម BATE បានរកគ្រាប់បាល់ 1គ្រាប់វិញ ក្រោយពីការស៊ុតបាល់ពិន័យពីចម្ងាយរបស់កីឡាករ Aleksei Riosក៏ដោយ៕
ប្រភពពី៖ Channel News Asia