ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានលើកឡើងពីគម្រោងធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីនៅទូទាំងប្រទេស ដែលការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីនេះមានគោលបំណងកំណត់តម្លៃគិតពន្ធលើអចលនទ្រព្យឱ្យបានត្រឹមត្រូវតាមតម្លៃទីផ្សារស្របពេលតម្លៃដីធ្លីនៅតាមរាជធានី-ខេត្តបានឡើងថ្លៃជាបន្តបន្ទាប់។
ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងថា ការធ្វើបច្ចុប្បន្នភាពតម្លៃដីធ្លីនេះ គឺនឹងត្រូវធ្វើនៅគ្រប់ភូមិបាលដីធ្លីទូទាំងប្រទេស ហើយប្រធានមន្ទីរខេត្ត-ក្រុងនីមួយៗជាអ្នកទទួលបន្ទុកលើកិច្ចការងារនេះ “យើងធ្វើបច្ចុប្បន្នភាពផ្ទៃដីដែលស្ថិតនៅក្នុងភូមិសាស្ត្រនៃការគ្រប់គ្រងរបស់អស់លោកជាប្រធានភូមិបាលនៅតាមបណ្ដាខេត្តក្រុង ការខកខានមិនបានធ្វើបច្ចុប្បន្នភាពលើតម្លៃដីធ្លីបានធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងសន្ធឹកសន្ធាប់”។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ការកំណត់ពន្ធដី ឬពន្ធប្រថាប់ត្រាត្រូវបានសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង និងរំឭកទៅកាន់អគ្គនាយកពន្ធដារថាបច្ចុប្បន្ន ពន្ធប្រថាប់ត្រាចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យសព្វថ្ងៃត្រូវបានកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានរយៈពេលច្រើនឆ្នាំមកហើយៗមកទល់នឹងពេលនេះតម្លៃផ្ទះសំបែងបានហក់ខ្ពស់ឡើងជាលំដាប់ដែលត្រូវធ្វើការសិក្សាកំណត់តម្លៃពន្ធនេះសាជាថ្មីឡើងវិញ។
សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា“ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយពន្ធប្រថាប់ត្រាលើការកំណត់ថ្លៃដីតាំងពី3-4ឆ្នាំមុនមកម៉្លេះ ប៉ុន្តែតម្លៃអត្រាទីផ្សារបច្ចុប្បន្នមិននៅអ៊ីចឹងទៀតទេ…កាលពី 3ឆ្នាំមុន តម្លៃដី 1ម៉ែត្រការ៉េ ថ្លៃ200ដុល្លារ ប៉ុន្តែឥឡូវតម្លៃវាគឺ 1ម៉ែត្រការ៉េ 1000ដុល្លារ”។
ដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទនៃការចាប់ផ្ដើមនៅពេលណានោះ ឯកឧត្ដម ជា សុផារ៉ាបានឱ្យដឹងថា នេះគឺជាគោលដៅមួយដែលអាចធ្វើឱ្យចំណូលរដ្ឋកើនឡើង1គុណជា2 ខណៈគម្រោងធ្វើបច្ចុប្បន្នភាពនេះនឹងអាចធ្វើមួយឆ្នាំម្ដង ដើម្បីឱ្យស្របទៅតាមតម្លៃដីតាមទីផ្សារ។ អ៊ីចឹងនៅពេលយើងធ្វើការយកពន្ធ បើធ្វើបានអាចឱ្យចំណូលរដ្ឋកើនឡើង 1គុណនឹង2ដែរ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានទទួលស្គាល់ ថាបច្ចុប្បន្នតម្លៃដីធ្លី ផ្ទះសំបែង ពិតជាមានតម្លៃខ្ពស់មែន ហើយលោកគាំទ្រចំពោះការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ប៉ុន្តែយ៉ាងណាក៏ដោយ លោកស្នើឱ្យរដ្ឋាភិបាលគួរតែធ្វើការសិក្សាអំពីស្ថានភាពដីធ្លីឱ្យល្អិតល្អន់ស្របទៅតាមសភាពដីប្រភេទនីមួយៗ និងតាមតំបន់ផងដែរ ចៀសវាងការកំណត់តម្លៃមិនត្រឹមត្រូវទៅតាមស្ថានភាពជាក់ស្តែងនៃតម្លៃអចលនទ្រព្យនោះ។
លោក គីម ហ៊ាង មានប្រសាសន៍ថា ខ្ញុំគាំទ្រការដំឡើងពន្ធនេះ ព្រោះប្រទេសណាក៏គេយកពន្ធដែរតែបារម្ភថា វាអាចប៉ះពាល់ដល់សតិអារម្មណ៍សាធារណជន និងអ្នកវិនិយោគលើវិស័យដីធ្លី។ ម្យ៉ាងវិញទៀត តើវាជាពេលវេលាសមស្របក្នុងការដំឡើងពន្ធឬនៅ? ហើយតើត្រូវដំឡើងរបៀបណា? តើវាមានតុល្យភាពការរីកចម្រើនរបស់សង្គមឬទេ? វាអាចត្រូវការពេលវេលាមួយចំនួនទៀត បើតាមខ្ញុំ គឺយើងត្រូវការពេលវេលា “ការដំឡើងពន្ធដី ឬពន្ធប្រថាប់ត្រា គួរតែត្រូវធ្វើក្នុងរយៈពេល 2-3ឆ្នាំខាងមុខទៀត ទើបជាការល្អប្រសើរ ព្រោះវាមិនធ្វើឱ្យប៉ះពាល់ដល់សាធារណជន”។
លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុនពិគ្រោះយោបល់ (EMC) បានបញ្ជាក់ថា បើតាមខ្ញុំយល់ អត្រា4%នេះ គឺជាការកំណត់តម្លៃដីនៅតាមតំបន់នីមួយ។ ប៉ុន្តែការដំឡើងនោះ គឺដំឡើងអត្រាមូលដ្ឋាននៃពន្ធ ឧទាហរណ៍ដូចជាដីស្រែពីមុនតម្លៃ 1$ ឥឡូវតម្លៃ 2$ ដូច្នេះគេយកតម្លៃនោះគុណនឹងអត្រា4%នោះ។
លោកថា ជាការសមហេតុសមផលដែរ ដែលរដ្ឋាភិបាលបច្ចុប្បន្នមានគម្រោងដំឡើងតម្លៃអត្រាពន្ធលើតម្លៃដី និងតម្លៃផ្ទះនេះ។ លោក ង៉ែត ជូ យល់ថា ការដំឡើងពន្ធលើតម្លៃដី និងផ្ទះជាការល្អ ប៉ុន្ដែគួរកុំដំឡើងថ្លៃពន្ធខ្ពស់តាមដីតម្លៃដីពេក ព្រោះដីខ្លះបានឡើងថ្លៃតៗគ្នា គ្មានមូលដ្ឋានច្បាស់លាស់ទេ។លោកថា តម្លៃពន្ធប្រថាប់ត្រានៅតំបន់ខ្លះ មិនបានចូលរដ្ឋទាំងអស់ទេ ព្រោះមានការកិបកេងពីមន្ត្រីពន្ធដារមួយចំនួនទើបធ្វើឱ្យបាត់បង់ចំណូលពន្ធ។ ដូច្នេះរដ្ឋាភិបាលគួរតែសិក្សាដែរពីអ្វីដែលលោកចង់បង្កើនចំណូលពន្ធ តែត្រូវធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តក្នុងការចូលរួមចំណែកផង។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation appraisal (KFA) បានមានប្រសាសន៍ស្រដៀងគ្នានេះដែរថា មិនមែនជាការដំឡើងពន្ធប្រថាប់ត្រាទេ តែជាការពាក់ព័ន្ធ និងអត្រា Rate នៃពន្ធ ដែលយើងបានកំណត់ជាច្រើនឆ្នាំមកហើយ វាជាអត្រាពន្ធយោងទៅតាមទីផ្សារ។
លោកឧកញ៉ាបានបញ្ជាក់ថា ចំពោះលោកគ្មានបញ្ហាទេ ចំពោះអត្រាពន្ធនេះ ព្រោះបើនិយាយពីភាពអនុគ្រោះពន្ធរបស់រដ្ឋាភិបាលវិញ មានការប្រមូលពន្ធជាច្រើនប្រភេទ មានពន្ធប្រចាំឆ្នាំជាដើម ផ្ទះដែលមានពន្ធក្រោម 100លានរៀល មិនតម្រូវឱ្យបង់ពន្ធទេ។ ពោលគឺស្ថិតនៅលើការយោគយល់ និងការអនុគ្រោះពន្ធថែមទៀត ឯរឿងពាក់ព័ន្ធអចលនទ្រព្យ អ្នកចំណេញដោយសារពន្ធក៏មានច្រើនមកហើយដែរ។
ដូច្នេះពាក់ព័ន្ធនឹងការយកពន្ធឱ្យត្រូវអត្រាទីផ្សារនេះ ជារឿងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទាំងអស់ត្រូវតែធ្វើ ក្នុងករណីរាជរដ្ឋាភិបាល ឬខាងពន្ធដារចុះតម្លៃ (Discount)ប៉ុន្មាននោះ គឺជាការលើកទឹកចិត្តបន្ថែមជូនដល់ប្រជាពលរដ្ឋ៕