ចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ មិនមែនជារឿងលំបាកនោះទេ ប៉ុន្តែរឿងដែលលំបាក គឺនៅពេលចូលប្រឡូកការងារនេះហើយ តែមិនអាចរកអតិថិជនទៅទិញដី ឬផ្ទះបាន ដោយសារតែខ្វះបទពិសោធ ឬខ្វះជំនាញវិជ្ជាជីវៈ។
លោកឧកញ៉ាបានលើកឡើងថា កាលពីអំឡុងពេលជាង 20ឆ្នាំមុន ភ្នាក់ងារអចលនទ្រព្យមិនបានរៀនជំនាញវិជ្ជាជីវៈនោះទេ ចេះធ្វើតៗគ្នា បើសិនជាភ្ញៀវមករកទិញ ហើយមានដី ឬផ្ទះលក់ទៅឱ្យគេ នោះនឹងទទួលបានកម្រៃជើងសា តែបើភ្ញៀវមិនមករកទេ ក៏មិនមានកម្រៃជើងសាដែរ ហើយការងារប្រភេទនេះបានបាត់ទៅវិញបន្តិចម្តងៗ ឬបាត់បង់ទាំងស្រុងតែម្ដងមកទល់សព្វថ្ងៃ។ ដូច្នេះដើម្បីឱ្យក្លាយជាភ្នាក់ងារអចលនទ្រព្យដែលជោគជ័យក្នុងអាជីព មុននឹងចូលប្រឡូកក្នុងកិច្ចការនេះ ត្រូវរៀនឱ្យចេះជំនាញវិជ្ជាជីវៈច្បាស់លាស់ជាមុន ទាំងជំនាញលក់និងជំនាញវាយតម្លៃ។
ឧទាហរណ៍ថា បើសិនជាយើងចេះវាយតម្លៃដី យើងដឹងពីតម្លៃទីផ្សារ ហើយមានគេលក់ក្រោមទីផ្សារ យើងរកអតិថិជនមកទិញ នៅពេលអតិថិជនមកទិញ ហើយលក់ចេញ ទទួលបានប្រាក់ចំណេញច្រើន ថ្ងៃក្រោយនៅពេលគេចង់ទិញ គេច្បាស់ជាមកពឹងយើងឱ្យជួយរកដី រកផ្ទះឱ្យគេទៀតមិនខាន។ ចំណែកអ្នកលក់នៅពេលដែលគេលក់ឆាប់ដាច់ ថ្ងៃក្រោយគេប្រាកដជាមកពឹងយើងឱ្យលក់បន្តឱ្យគេទៀតមិនខាន ដូច្នេះការងារជាភ្នាក់ងារអចលនទ្រព្យដែលមានជំនាញ មិនចេះរីងស្ងួតនោះទេ។
លោកថា ដើម្បីផ្តល់ជាបទពិសោធ និងផ្តល់ជំនាញវិជ្ជាជីវៈដល់ភ្នាក់ងារអចលនទ្រព្យទូទាំងប្រទេស ក្រុមហ៊ុនCPL នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមួយនៅព្រឹកថ្ងៃសៅរ ទី27 ខែតុលា ឆ្នាំ2018នេះ ដែលមានសាស្ត្រាចារ្យមានជំនាញច្បាស់លាស់ និងបទពិសោធយូរឆ្នាំចូលរួមផ្ទេរចំណេះដឹងរបស់ពួកគាត់ទៅដល់ភ្នាក់ងារជំនាន់ក្រោយៗឱ្យកាន់តែក្លាយជាអ្នកជំនាញច្បាស់លាស់បន្ថែមទៀត៕