ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោង និងកម្មវិធីលើកិច្ចព្រមព្រៀងឥណទាន4 ដែលមានទឹកប្រាក់សរុបជិត 250លានដុល្លារ។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជាកាលពីព្រឹកថ្ងៃទី24 ខែតុលា ឆ្នាំ2018 នៅទីស្តីការក្រសួងសេដ្ឋកិច្ច។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា៖ សម្រាប់គម្រោងទាំងនេះគឺ
1-អភិវឌ្ឍទីក្រុងរបៀងនៃមហាអនុតំបន់ទន្លេមេគង្គជំហានទី4។ គម្រោងនេះនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការអភិវឌ្ឍក្រុងរបៀងអាទិភាពចំនួន3 គឺក្រុងកំពង់ចាម ក្រចេះ និងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់ទន្លេមេគង្គ។ ក្នុងនោះទឹកប្រាក់ 88,50លានដុល្លារ នឹងត្រូវប្រើប្រាស់ក្នុងការអភិវឌ្ឍនេះរួមមាន ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយបូមទឹកកខ្វក់។
2-កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី2៖ ដែលមានគោលបំណងលើកកម្ពស់គុណភាពនៃការបង្រៀន និងសមត្ថភាពស្ថាប័ននៅក្នុងការអប់រំកម្រិតវិទ្យាល័យ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ 53,50លានដុល្លារ។
3-គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី2៖ គ្រោងចំណាយថវិកាសរុបប្រមាណ 97,70លានដុល្លារសម្រាប់ការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងគម្រោងអាងទឹកទន្លេសាបដែលផ្តោតលើការគ្រប់គ្រងទឹកសំណល់នៅក្នុងទីក្រុងបាត់ដំបង សិរីសោភ័ណ និងស្ទឹងសែន។
4-គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់ទន្លេមេគង្គជំហានទី2៖ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ 30,89លានដុល្លារ ក្នុងខេត្តគោលដៅចំនួន2(កែប និងព្រះសីហនុ)។
គម្រោងនេះមានគោលបំណងបង្កើនការទាក់ទាញទេសចរណ៍ក្នុងខេត្តកែប និងក្រុងព្រះសីហនុដោយលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សេវាកម្ម បរិស្ថាននៅទីក្រុង និងសមត្ថភាពរបស់ពួកគេក្នុងការគ្រប់គ្រងនិរន្តរភាពទេសចរណ៍៕