Uniqlo ដែលជាក្រុមហ៊ុនចែកចាយផលិតផលដ៏ធំលើពិភពលោកបានប្រើប្រាស់គ្រឿងយន្តសម្រាប់ធ្វើការងារលើការតាមដាន និងបែងចែកមុខទំនិញនៅក្នុងឃ្លាំងរបស់ខ្លួនក្នុងទីក្រុងតូក្យូ ដើម្បីសម្រួលដល់អាជីវកម្មរបស់គេឱ្យកាន់តែមានលក្ខណៈងាយស្រួល និងឆាប់រហ័ស។
ថ្មីៗនេះក្រុមហ៊ុនដដែលនេះក៏បានផ្លាស់ប្តូរបុគ្គលិកធ្វើការក្នុងឃ្លាំងដោយដាក់ជំនួសមកវិញនូវប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនស្វ័យប្រវត្តិដោយចាប់ដៃគ្នាជាដៃគូជាមួយក្រុមហ៊ុន Daifuku ដើម្បីរៀបចំឱ្យមានប្រព័ន្ធផ្តល់ទំនិញដោយផ្ទាល់ៗតាមបច្ចេកវិទ្យា។ ចាប់ផ្តើមពីប្រព័ន្ធត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្រុមហ៊ុន Uniqlo បានកាត់បន្ថយបុគ្គលិកក្នុងឃ្លាំងរហូតដល់ទៅ 90% ស្របពេលដែលការងារផ្នែកឃ្លាំងអាចមានសមត្ថភាពធ្វើការងារពេញ 24ម៉ោងក្នុងមួយថ្ងៃ។
ប្រព័ន្ធរ៉ូបូតនេះត្រូវបានរចនាឡើង ដោយមានសមត្ថភាពគ្រប់គ្រងការជញ្ជូនផលិតផលទៅកាន់ឃ្លាំងដោយប្រើប្រាស់រថយន្តដឹកទំនិញ អានទិន្នន័យលម្អិតអេឡិចត្រូនិកដែលភ្ជាប់ជាមួយផលិតផល ផ្ទៀងផ្ទាត់ចំនួនក្នុងស្តុក និងព័ត៌មានផ្ទាល់ខ្លួនផងដែរ។ វាក៏អាចគ្រប់គ្រងព័ត៌មានសម្រាប់ការចែកចាយទំនិញទៅកាន់កន្លែងនានា ជាមួយទិន្នន័យយ៉ាងហ្មត់ចត់ ដែលប្រើប្រាស់មនុស្សតិចបំផុតដើម្បីគ្រប់គ្រង។
ការសាកល្បងកម្មវិធីប្រភេទនេះនៅទីក្រុងតូក្យូគ្រាន់តែជាជំហានដំបូងមួយនៅក្នុងគម្រោងធំ នៃក្រុមហ៊ុនទាំងអស់ដែលនៅក្រោមក្រុមហ៊ុនមេ Uniqlo។ គម្រោងនេះក៏ត្រូវបានក្រុមហ៊ុនដៃគូយុទ្ធសាស្ត្ររបស់ Uniqlo គឺក្រុមហ៊ុន Daifuku ប្រកាសផងដែរថា ខ្លួនមានគោលដៅក្នុងការធ្វើស្វ័យប្រវត្តិកម្ម (automate) ដល់ក្រុមហ៊ុនចែកចាយផលិតផលរហ័សទាំងអស់នៅក្នុងប្រទេសជប៉ុន និងនៅប្រទេសថែមទៀត។ ជាមួយគ្នានេះដែរ Uniqlo គ្រោងវិនិយោគថវិកាប្រមាណ100ពាន់លានយ៉េន គិតជាប្រាក់ដុល្លារស្មើនឹង 887លានដុល្លារ ក្នុងគម្រោងដែលគ្មានដែនកំណត់។
ក្រុមហ៊ុន Uniqlo ជឿជាក់ថាប្រព័ន្ធរបស់ខ្លួននឹងអាចជួយកាត់បន្ថយតម្លៃក្នុងការរក្សាទុកទំនិញ ការនាំចូល និងធ្វើឱ្យការដឹកជញ្ជូនទៅជុំវិញពិភពលោកមានលក្ខណៈលឿនជាងមុន។ ក្រុមហ៊ុនក៏បានកំណត់គោលដៅផងដែរថាខ្លួននឹងអាចរកចំណូលប្រចាំឆ្នាំបានប្រមាណ 3ទ្រីលានយ៉េន ឬស្មើនឹង 26.6ពាន់លានដុល្លារ៕