បច្ចុប្បន្នមានតារាសិល្បៈជាច្រើនកំពុងតែពេញនិយមលើការប្រើប្រាស់សម្ភារទំនើប និងម៉ាកល្បីៗ ដែលពួកគេគិតថា វាអាចជួយលើកស្ទួយកិត្ដិយសពួកគេបាន។ ផ្ទុយទៅវិញសម្រាប់កញ្ញា រ៉ាបី តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ថោន បានប្រាប់ថា ការតុបតែងខ្លួនមិនមែនសុទ្ធតែត្រូវពឹងផ្អែកលើសម្ភារថ្លៃៗនោះឡើយ។
មួយរយៈចុងក្រោយបន្ទាប់ពីកញ្ញា រ៉ាប៊ី បានដកខ្លួនចេញពីការសម្ដែង ហើយបោះជំហានចូលទៅក្នុងផលិតកម្មថោន ក្នុងឋានៈជាតារាចម្រៀងអាជីពនោះ គេសង្កេតឃើញថា ការតុបតែងខ្លួនរបស់នាងហាក់ដូចជាកាន់តែមានភាពស្រស់ស្អាត និងស៊ីវីល័យជាងមុន ធ្វើឱ្យមហាជនជាច្រើនគិតថា ការតុបតែងខ្លួនស្រស់ស្អាតបែបនេះទំនងជានាងចាយលុយច្រើនក្នុងការទិញសម្ភារតុបតែងខ្លួនមិនខាន។
កញ្ញា រ៉ាបី បញ្ជាក់ថា ជាការពិតណាស់ជាតារាសិល្បៈគួរតែមានសម្លៀកបំពាក់ និងសម្ភារម៉ាកល្បីៗប្រើប្រាស់ខ្លះដែរ ប៉ុន្ដែក៏មិនគួរចំណាយប្រាក់ច្រើនពេកក្នុងការទិញសម្ភារថ្លៃៗនោះទេ ព្រោះពេលខ្លះសម្លៀកបំពាក់ថ្លៃៗមិនប្រាកដថា សុទ្ធតែស្លៀកហើយទទួលបានភាពស្រស់ស្អាតនោះទេ។
នាងបន្ថែមថា៖”សម្រាប់ខ្ញុំ ខ្ញុំមិនប្រកាន់ថា ទាល់តែសម្លៀកបំពាក់នោះមានតម្លៃថ្លៃទើបយកមកស្លៀកទេ សំខាន់ឱ្យតែវាផ្ដល់នូវសោភ័ណភាពស្រស់ស្អាតដល់រូបខ្ញុំ គឺជាការស្រេច។ វាជារឿងមួយល្អណាស់ ប្រសិនបើយើងអាចទិញសម្លៀកបំពាក់ក្នុងតម្លៃទាប ហើយស្លៀកពាក់ទៅសមនឹងខ្លួនយើង ព្រោះវាក៏ជាចំណែកមួយនៃការសន្សំសំចៃប្រាក់ដែរ។ ជួនកាលពេលខ្ញុំឡើងឆាកតន្ត្រីច្រៀងម្ដង ខ្ញុំស្លៀកសម្លៀកបំពាក់ក្នុងតម្លៃត្រឹមតែ 25 – 30ដុល្លារប៉ុណ្ណោះ”។
ទោះជាយ៉ាងណានាងក៏បានបញ្ជាក់ដែរថា ការព្យាយាមមិនចំណាយច្រើនទៅលើការទិញសម្លៀកបំពាក់ ឬសម្ភារថ្លៃៗយកមកប្រើប្រាស់នោះ ព្រោះតែនាងត្រូវការសន្សំសំចៃប្រាក់ឱ្យបានច្រើន ក្រែងលោថ្លៃណាមួយនាងមានបំណងចង់បើកមុខរបររកស៊ី នាងនឹងមានប្រាក់រួចជាស្រេច៕