លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool សង្ឃឹមថា នឹងមិនមានការរិះគន់ផ្សេងៗទៅលើទម្រង់លេងកាលពីដើមរដូវកាលរបស់ Mohamed Salahឡើយ ក្រោយពីរូបគេបានរកគ្រាប់បាល់បញ្ចូលទី 2គ្រាប់ ក្នុងពេលពួកគេយកឈ្នះ 4-០ លើក្រុម Red Star Belgrade កាលពីថ្ងៃពុធ។
គ្រាប់បាល់បញ្ចូលទីទាំង 2គ្រាប់នោះ បានធ្វើឱ្យគ្រាប់បាល់សរុបរបស់ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះ សម្រាប់ក្លិបនេះ កើនដល់ 50គ្រាប់ហើយ។ Salah បានបញ្ចប់ការមិនអាចរកបានគ្រាប់បាល់សោះត្រឹម 4ប្រកួត តាមរយៈការរកគ្រាប់បាល់ឈ្នះនៅលើទឹកដីក្រុម Huddersfield កាលពីថ្ងៃសៅរ៍ និងហាក់បានវិលទៅរកភាពខ្លាំងរបស់ខ្លួនវិញក្នុងពេលរកបានគ្រាប់បាល់បញ្ចូលទីក្នុងតង់នីមួយៗរបស់គេ។ ខ្សែប្រយុទ្ធ Roberto Firmino និងSadio Mane ក៏បានរកគ្រាប់បាល់បញ្ចូលទីផងដែរ ខណៈដែលខ្សែប្រយុទ្ធឆ្នើមទាំង3 របស់ Liverpool ដែលបានជួយឱ្យពួកគេឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន សុទ្ធសឹងរកគ្រាប់បាល់បញ្ចូលទីបានដូចគ្នាក្នុងការប្រកួតតែ1 ជាលើកដំបូងក្នុងយុទ្ធនាការនេះ។ លោក Klopp បានឱ្យដឹងថា៖ «វាជារឿងដ៏ល្អណាស់ដែលយើងអាចឈប់និយាយអំពីបញ្ហានោះ ខ្ញុំមិនបានស្ថិតក្នុងភាពសង្ស័យឡើយ រូបគេក៏មិនបានស្ថិតក្នុងភាពសង្ស័យដែរ»។
ស្របពេលជាមួយគ្នានេះ ក្រុម Borussia Dortmund បានលត់ក្រុម Atletico Madrid យ៉ាងចាស់ដៃក្នុងលទ្ធផល 4-០ កាលពីថ្ងៃពុធ ដើម្បីខិតចូលកាន់តែកៀកឆ្ពោះទៅរកវគ្គបន្តនៃក្របខ័ណ្ឌ Champions League ខណៈដែលកីឡាករវ័យក្មេងរបស់អង់គ្លេស Jadon Sancho រកបានគ្រាប់បាល់ជាលើកទី1 របស់គេក្នុងយុទ្ធនាការនេះ។ វាជាការបរាជ័យដ៏ធំបំផុតក្នុងក្របខ័ណ្ឌ Champions League របស់លោក Diego Simeone ក្នុងរយៈពេល 7ឆ្នាំក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Atletico និងជួយឱ្យក្រុម Dortmund ឈរលើកំពូលតារាងនៃពូល A យ៉ាងរឹងមាំ៕
ប្រភពពី៖ Straits Times