ក្នុងថ្ងៃប្រកាសបើកសម្ពោធកាលពីល្ងាចថ្ងៃទី24 ខែតុលា ភាពយន្តរឿង«កូនអើយម្ដាយខ្មោច»បានទទួលការកោតសរសើរយ៉ាងខ្លាំងទាំងប្លង់ ទាំងសំឡេង ជាពិសេសគឺសាច់រឿងតែម្ដង ព្រោះថារឿងនេះ ត្រូវបានសម្រិតសម្រាំងប្លង់ចេញពីរឿងនិទានរបស់អ្នកនិពន្ធ ម៉ៅ សំណាង តែមហាជនខ្មែរធ្លាប់បានអានសាច់រឿងនៅក្នុងសៀវភៅរួចមកហើយ។ កាន់តែពិសេស ភាពយន្ដខ្នាតធំនេះក៏បានរំលេចខ្លឹមសារអប់រំដោយពាក្យកាព្យមួយចំនួន និងបង្កើតនូវរសជាតិគួរអោយទាក់ទាញក្នុងរឿងទាំងមូលផងដែរ។ ភាពយន្តនេះត្រូវបានរំពឹងថានឹងមានអ្នកគាំទ្រខ្លាំង ជាពិសេសសម្រាប់អ្នកត្រូវការភាពយន្តមួយដែលមានគុនភាព ហើយមានគំនិតចង់លើកស្ទួយវិស័យភាពយន្ត។
អ្នកទស្សនាដោយផ្ទាល់ក្នុងរោងជាច្រើនបានលាន់មាត់ថាភាពយន្តរឿង«កូនអើយម្ដាយខ្មោច»មានរសជាតិថ្មី និងទាក់ភ្នែកច្រើនជាងចំណុចឆ្គាំឆ្គង បើទោះជាភាពយន្តមួយនេះត្រូវវគេកត់សម្គាល់ថាបានសម្ដែងដោយតារាថ្មីៗ ច្រើនជាងតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង។ កញ្ញា គង់ ស្រីពៅ ហៅ កញ្ញា រ៉ូស្សា ដែលជាតួឯកស្រីបានថ្លែងបញ្ជាក់ថា កញ្ញាសប្បាយចិត្តយ៉ាងខ្លាំងដែលលើកទី1ក្រោយប្រលងជាប់ក្នុងកម្មវិធី Cambodia Super Model កាលពីឆ្នាំ2016 ហើយមិនធ្លាប់ទទួលបានឱកាសសម្ដែងរឿងទាល់តែសោះ ស្រាប់ផលិតរឿង«កូនអើយម្ដាយខ្មោច» ឱ្យនាងសម្ដែងតួឯក។ កញ្ញាថាមានឈុតពិបាកច្រើនក្នុងរឿងទាំងមូល ជាពិសេសឈុតកម្សត់ ឈុតត្រូវគេរំលោភ និងឈុតត្រូវសម្ដែងជាមួយក្របី ដែលនាងខ្លាចមិនហ៊ានក្បែរតែម្ដង។ នាងរំពឹងថាភាពយន្តនេះនឹងទទួលជោគជ័យ ខណៈដែលថ្ងៃទី25 ខែតុលា ដែលជាថ្ងៃលក់សំបុត្រគ្រប់រោង មានការកក់សំបុត្រច្រើនគួរសម បើយោងតាមអ្វីដែលនាងបានដឹង។
គួរបញ្ជាក់ផងដែរថា ភាពយន្តមួយនេះសំដៅពីសង្គមខ្មែរមួយក្នុងអំឡុងឆ្នាំ1800 ដោយស្វាមីត្រូវស្លាប់ក្នុងពេលដែលចេញប្រយុទ្ធជាមួយក្រុមចោរ ដែលមកអុកឡុកភូមិស្រុក ហើយភរិយាត្រូវតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯង ប៉ុន្តែជាអកុសលភរិយាដែលស្រីស្អាតប្រចាំភូមិ ក៏ត្រូវសេដ្ឋីចិត្តពាលប្រើល្បិចចាប់រំលោភ ហើយត្រូវស្លាប់ក្នុងពេលតតាំងគ្នា។ ក្រោយទទួលមរណភាពតួឯកស្រី ក៏ត្រូវបានគ្រូអាគមចិត្តបុណ្យដោតដែកគោលអាថ័នឱ្យរស់ឡើងវិញ ប៉ុន្តែតម្រូវឱ្យនាងចេញពីផ្ទះតែពេលយប់ និងកុំឱ្យអ្នកណាដកដែលគោលលើក្បាលនាងមុនកំណត់។ យ៉ាងណាមិញ នាងត្រូវក្រុមសេដ្ឋីដដែល ដែលដឹងថានាងគឺជាខ្មោចតាមយាយីរហូតធ្វើឱ្យនាងត្រូវកូនស្រីដកដែកគោលដោយអចេតនា ទើបធ្វើអោយនាងក្លាយជាខ្មោចស្រីកាចសហាវ៕