ទោះបីជាកំពុងរងការគំរាមកំហែងថា នឹងត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប ដែលជាទីផ្សារសំខាន់របស់ខ្លួនក៏ដោយ ក៏ការបញ្ជាទិញសម្រាប់ការនាំចេញនៅត្រីមាសចុងក្រោយឆ្នាំនេះត្រូវបានព្រមព្រៀងរួចរាល់ ធ្វើឱ្យទីផ្សារការនាំចេញផលិតផលកាត់ដេរកម្ពុជានឹងនៅបន្តកំណើនរឹងមាំរហូតដល់ដាច់ឆ្នាំនេះ។ នេះបើតាមការបញ្ជាក់ពីតំណាងឧស្សាហកម្មកាត់ដេរ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានឱ្យដឹងថា សមាគមរោងចក្រកាត់ដេរកម្ពុជានៅតែមើលឃើញកំណើនការនាំចេញដ៏រឹងមាំក្នុងអំឡុងខែតុលា ដល់ខែធ្នូ ឆ្នាំ2018 ដោយសារតែការបញ្ជាទិញនៅអំឡុងពេលនេះត្រូវបានដាក់រួចរាល់ ដែលនឹងធ្វើឱ្យទំហំការនាំចេញនៅឆមាសទី2 នេះនៅតែរឹងមាំដូចឆមាសទី1 ដែរ។
ប៉ុន្តែ លោក ម៉ូនីកា បានឱ្យដឹងថា ការព្រមានពីការបាត់បង់ប្រព័ន្ធអនុគ្រោះ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» ទៅទីផ្សារអឺរ៉ុបអាចធ្វើឱ្យមានផលប៉ះពាល់ដល់ផ្លូវចិត្ត ព្រោះព័ត៌មានទាក់ទងនឹងការព្រមាន ឬលទ្ធភាពនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកបញ្ជាទិញ ដែលអាចធ្វើឱ្យមានការស្ទាក់ស្ទើរ ឬកាត់បន្ថយបរិមាណបញ្ជាទិញ ឬអ្នកទិញអន្តរជាតិ ហើយឥទ្ធិពលរបស់វា នឹងមើលឃើញកាន់តែច្បាស់ឡើងៗ នៅឆ្នាំក្រោយ។
លោកបានថ្លែងថា៖ «សម្រាប់ការនាំចេញត្រីមាសចុងក្រោយ ការបញ្ជាទិញត្រូវបានធ្វើឡើងប្រហែល 2ខែមុនអំឡុងខែសីហា និងខែកញ្ញា ពេលមិនទាន់មានព័ត៌មានរសើបអំពី EBA នៅឡើយ»។ លោកព្យាករថា អត្រាកំណើនការនាំចេញសម្លៀកបំពាក់នៅឆមាសទី2 ឆ្នាំនេះនឹងមើលឃើញកំណើនស្រដៀងគ្នានឹងឆមាសទី1ដែរ»។
យោងតាមរបាយការណ៍ពាក់កណ្ដាលឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា (NBC) ដែលចេញផ្សាយកាលពីខែកក្កដា បានឱ្យដឹងថា ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងរបស់កម្ពុជាមានតម្លៃ 4ពាន់លានដុល្លារនៅឆមាសទី1 ឆ្នាំនេះបានកើនឡើង11% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រោងចក្រកាត់ដេររបស់កម្ពុជាបានផ្គត់ផ្គង់ដល់យីហោពិភពលោកដូចជា ក្រុមហ៊ុន Gap Inc (GPS.N) យីហោសម្លៀកបំពាក់ទាន់សម័យរបស់ប្រទេស ស៊ុយអែត H & M Hennes&Mauritz AB (HMb.ST) យីហោសម្លៀកបំពាក់កីឡា Nike (NKE.N) យីហោ Puma និងយីហោ Adidas (ADSGn.DE) និងយីហោជាច្រើនផ្សេងទៀត។
ទីផ្សារសំខាន់របស់កម្ពុជាសម្រាប់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង គឺអាមេរិក និងអឺរ៉ុប។ ការនាំចេញរបស់កម្ពុជាទៅ EU មានប្រហែល 40%ដែលមានតម្លៃ 4,3ពាន់លានដុល្លារកាលពីឆ្នាំ2017 ឬ20%នៃ GDP ហើយប្រហែល 90%ស្ថិតក្រោមប្រព័ន្ធអនុគ្រោះ EBA។
ភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានពិភពលោក Moody’s Investors Services ព្រមានថា ការបាត់បង់សក្ដានុពលអនុគ្រោះពន្ធពាណិជ្ជកម្មរបស់កម្ពុជាចូលទៅសហភាពអឺរ៉ុប នឹងធ្វើឱ្យចុះខ្សោយដល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន ហើយនឹងធ្វើឱ្យចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាស្ថិតក្នុងភាពអវិជ្ជមាន៕