វាប្រហែលជាមិនគ្រប់គ្រាន់ក្នុងការសង្គ្រោះលោក JulenLopetegui ឡើយ ប៉ុន្តែការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 ក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម Real Madrid លើក្រុម Viktoria Plzen កាលពីថ្ងៃអង្គារ បានបញ្ឈប់ការធ្លាក់ចុះទម្រង់លេង និងបានរក្សាការជឿជាក់ខ្លះឡើងវិញ។
ក្រុម Barcelona គឺជាក្រុមបន្ទាប់ដែលត្រូវជួបនៅកីឡដ្ឋាន Camp Nou ហើយបើទោះបីគូប្រកួតរបស់ខ្លួនអវត្តមានតារាឆ្នើម Lionel Messi ក៏ដោយ ប៉ុន្តែ Real ប្រហែលជាមិនអាចទទួលបានឱកាសល្អប្រសើរដូចពេលធ្វើជាម្ចាស់ផ្ទះ Plzen នៅកីឡដ្ឋាន Santiago Bernabeu ឡើយ។ ប៉ុន្តែ ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត 5លើកចុងក្រោយ និងការចាញ់ 3លើកជាប់ៗគ្នា ការដណ្តើមបានជ័យជម្នះពិតជាសំខាន់ណាស់ ហើយ Real ដណ្តើមបានជ័យជម្នះនោះតាមរយៈគ្រាប់បាល់បញ្ចូលទីក្នុងតង់នីមួយៗ ពីកីឡាករ Karim Benzema និង Marcelo។ ស្របពេលជាមួយគ្នានេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានអបអរការវិលត្រឡប់របស់គេទៅកាន់កីឡដ្ឋាន Old Trafford ជាមួយនឹងជ័យជម្នះមួយ ខណៈដែលក្រុម Juventus បានផ្តួលក្រុម Manchester United 1-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League។ ក្រុម Man United របស់លោក Jose Mourinho ដណ្តើមបានជ័យជម្នះត្រឹមតែ 1លើកគត់ក្នុងចំណោមការប្រកួត7លើកចុងក្រោយ ក្រោយពីពួកគេបានរងបរាជ័យនៅពេលប្រកួតជាមួយនឹងក្រុម Juventus។
បន្ទាប់ពីបានប្រឈមមុខនឹងសំណួរដ៏មិនគួរឱ្យរីករាយផ្សេងៗនៅមុនពេលការប្រកួតជុំវិញការចោទប្រកាន់លើករណីរំលោភប្រឆាំងនឹងរូបគេនៅសហរដ្ឋអាមេរិកនោះ Ronaldo បានដើរតួនាទីយ៉ាងសំខាន់នៅលើទីលានសម្រាប់ក្រុម Juventus តាមរយៈការជួយឱ្យ Paulo Dybala រកបានគ្រាប់បាល់នៅនាទីទី17៕
ប្រភពពី៖ Sport24