លោក Mauricio Pochettino អ្នកចាត់ការទូទៅនៃក្លិប Tottenham Hotspur បានប្រាប់ទៅអ្នកគាំទ្ររបស់ក្រុមជុំវិញឥរិយាបថរបស់ពួកគេ នៅមុនពេលការធ្វើដំណើររបស់ពួកគេទៅកាន់ទឹកដីក្រុម PSV Eindhoven ដើម្បីធ្វើការប្រកួតក្នុងក្របខ័ណ្ឌ Champions League នៅរាត្រីនេះ តាមរយៈការអំពាវនាវសូមកុំឱ្យកើតមានទិដ្ឋភាពបែបហិង្សាម្តងទៀត ដែលកាលពីលើកមុនបានកើតឡើងម្ដងរួចមកហើយក្នុងពេលដែលក្រុមទាំង2 ជួបគ្នាជាលើកចុងក្រោយ។
Spurs បានជួបក្រុម PSV ជាលើកចុងក្រោយ ក្នុងពាន UEFA Cup កាលពីឆ្នាំ2008 ក្នុងការប្រកួតមួយដែលត្រូវបានរំខានដោយការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រទាំង 2ក្រុម។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «ការណែនាំរបស់ខ្ញុំគឺការយកចិត្តទុកដាក់លើអ្វីដែលអ្នកនឹងធ្វើ។ វាគឺជាការគាំទ្រក្រុមរបស់អ្នក ប៉ុន្តែអ្វីៗទាំងអស់ វាមានព្រំដែន និងព្យាយាមធ្វើឥរិយាបថក្នុងរបៀបដែលយើងចង់បាន និងរំពឹងទុក»។ លោក Pochettino បានបន្ថែមទៀតថា៖ «យើងចង់បានព័ត៌មានល្អៗនៅថ្ងៃស្អែកទាក់ទងនឹងអ្វីដែលកើតឡើងលើទីលានប្រកួត»។ ក្រុមទាំង2 កំពុងតែសម្លឹងរកការដណ្តើមបានពិន្ទុជាលើកទី1 របស់ពួកគេ ក្នុងពូល B ដោយដឹងថា ការបរាជ័យ នឹងស្ទើរតែបញ្ចប់ក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅវគ្គ 16ក្រុមចុងក្រោយ។
ក្រុម Barcelona និង Inter Milan ដែលមាន 6ពិន្ទុដូចគ្នាពីការប្រកួត 2លើក នឹងត្រូវជួបគ្នានៅរាត្រីនេះ ក្នុងការប្រកួត 1គូផ្សេងទៀត។ ក្រុម Spurs ដណ្តើមបានពិន្ទុជាច្រើនពីការប្រកួត 9លើកដំបូងនៃក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ ដោយឈ្នះ 7លើកក្នុងចំណោមការប្រកួតទាំងនោះ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង 11:55យប់៕
ប្រភពពី៖ Channel News Asia