ក្លិប Manchester City បានចុះហត្ថលេខាជាមួយនឹងកីឡាករ Bernardo Silva ពីក្លិប Monaco របស់បារាំងក្នុងតម្លៃខ្លួន៤៣,៦លានផោន (ស្មើនឹង៥៥,៨លានដុល្លារអាមេរិក)។ ខ្សែបម្រើដ៏មានឥទ្ធិពលរូបនេះបានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយនឹងក្លិប Man City របស់ក្របខ័ណ្ឌ Premier League ខណៈដែលក្រុមរបស់លោក Pep Guardiola ចាប់ផ្តើមជះទឹកប្រាក់ ក្រោយពីពួកគេមិនបានឈ្នះពានអ្វីសោះក្នុងរដូវកាលទើបតែបញ្ចប់នាពេលថ្មីៗនេះ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បានចាប់ផ្តើមឈានជើងចូលទៅក្នុងទីផ្សារទិញលក់កីឡាករភ្លាមៗនៅរដូវក្តៅនេះ ក្រោយពីក្រុមរបស់លោកបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ នៅលើតារាង Premier League និងមិនអាចធ្វើការប្រជែងដណ្តើមពានក្នុងស្រុកពីរផ្សេងទៀត និងក្នុងក្របខ័ណ្ឌ Champions Leagueបាន។
លោក Guardiola បានចាត់ទុកខ្សែបម្រើរបស់ក្លិប Monaco វ័យ២២ឆ្នាំរូបនេះ ជាគោលដៅមួយក្នុងចំណោមគោលដៅអាទិភាពរបស់លោក ហើយក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ខណៈដែល Silva បានធ្វើដំណើរទៅកាន់ទីក្រុង Manchester ដើម្បីពិនិត្យសុខភាព។ Silva ដែលនឹងបានពាក់អាវលេខ២០រូបនេះ បានប្រាប់គេហទំព័ររបស់ Man City ថា៖ «ខ្ញុំមានអារម្មណ៍ថាពិតជាអស្ចារ្យណាស់។ និយាយឲ្យត្រង់ទៅ ខ្ញុំបច្ចុប្បន្នកំពុងតែស្ថិតក្នុងក្រុមមួយក្នុងចំណោមក្រុមដ៏ខ្លាំងបំផុតក្នុងពិភពលោក។ ក្នុងការចូលរួមជាមួយនឹងក្រុមនេះ និងក្នុងការមានឱកាសនេះ វាពិតជាអស្ចារ្យណាស់»។ ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំពិតជារីករាយណាស់ក្នុងការក្លាយជាសមាជិករបស់ក្រុម Man City ហើយខ្ញុំកំពុងតែស្រេកឃ្លានក្នុងការប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំក្នុងការជួយឲ្យក្រុមនេះឈានដល់គោលដៅរបស់ពួកគេ។ ពិតណាស់ នៅពេលដែលអ្នកមានឱកាសក្នុងការហ្វឹកហាត់ក្រោមការដឹកនាំរបស់លោក Guardiola អ្នកមិនអាចនិយាយថា ទេបានឡើយ។ គាត់គឺជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹកដ៏ឆ្នើមបំផុត»៕
ប្រភពពី៖ The Guardian