ជំនាញស្ថាបត្យកម្ម​កំពុងមាន​សក្តានុពល​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា

ក្រៅពី​សំណង់​ស្ថាបត្យកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​បុព្វបុរស​ខ្មែរ​ដែល​ធ្វើឱ្យមាន​ភាព​ល្បី​រន្ទឺ​ពេញ​ពិភពលោក មាន​អ្នកចេះដឹង​ខ្មែរ​មិនតិច​ទេ​ដែល​បាន​បង្កើត​ស្នាដៃ​ស្ថាបត្យកម្ម និង​ចងក្រង​ជា​ចំណេះវិជ្ជា​ផ្នែក​នេះ​សម្រាប់​អ្នកជំនាញ​ជំនាន់​ក្រោយ។

ស្ថាបត្យកម្ម ត្រូវបាន​គេ​មើលឃើញថា ជា​ជំនាញដ៏​មាន​សក្តានុពល ស្រប​ពេលដែល​សង្គម​កំពុង​ត្រូវការ​សាងសង់​សំណង់​អគារ​ជាច្រើន​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត។ ជាមួយគ្នានេះដែរ​និស្សិត​កម្ពុជា​ជាច្រើន​ក៏បាន​ទទួលជោគជ័យ​ក្នុងការ​សិក្សា ហើយ​កសាង​ស្នាដៃ​រហូត​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ទៀតផង។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​ស្ថាបត្យកម្ម កាសែត​ឡា​រ៉ែ​ន ពាណិជ្ជ បានធ្វើ​បទ​សម្ភាស​ជាមួយ​សាស្ត្រាចារ្យសុខ ខុម ព្រឹទ្ធបុរស​មហាវិទ្យាល័យ​វិស្វកម្ម និង​ស្ថាបត្យកម្ម នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ ដើម្បី​ចែករំលែក​បទពិសោធសំខាន់ៗជុំវិញ​ជំនាញ​ស្ថាបត្យកម្ម សម្រាប់​ជាការ​ពិចារណា​ដល់​សិស្ស និស្សិត និង​សាធារណជន​ទូទៅ។

1.តើ​ស្ថាបត្យកម្ម​ដើរតួនាទី​សំខាន់​ប៉ុនណា​សម្រាប់​កម្ពុជា?
តាមពិតទៅ ស្ថាបត្យកម្ម​ជា​ជំនាញ​មួយ​ដែលមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ពិភពលោក មិនមែន​សម្រាប់តែ​កម្ពុជា​នោះទេ។ ប្រទេស​ទាំងអស់​សុទ្ធតែ​មាន​ស្ថាបត្យកម្ម និង​រចនាប័ទ្ម​សម្រាប់​ខ្លួនគេរៀងៗខ្លួន។ សម្រាប់​ខ្មែរ​យើង​ក៏​ដូចគ្នា ដូនតា​យើង​បាន​បន្សល់ទុក​ស្នាដៃ​ស្ថាបត្យកម្ម​ច្រើនណាស់ ដូចជា​ស្នាដៃ​ក្នុង​វត្ត​អារាម អគារ និង​សំណង់​ជាច្រើន​ផ្សេងទៀត​ដែល​បង្កប់​ដោយ​ស្ថាបត្យកម្ម រចនាប័ទ្ម និងសិល្បៈល្អៗជាច្រើន។

ស្ថាបត្យកម្ម​គឺជា​វិទ្យាសាស្ត្រ​ដែលមាន​ក្បួនខ្នាត​ត្រឹមត្រូវ ហើយ​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា យើង​មាន​ស្ថាបត្យកម្ម​ដែល​គេ​ទទួលស្គាល់​ពេញ​ពិភពលោក។ ប្រទេស​ណា​ក៏​ស្គាល់​អង្គរវត្ត​របស់​ក​ម្ពុ​ជា​ដែរ ហើយ​ប្រាសាទ​នេះ​មាន​ក្បួនខ្នាត និង​ស្តង់ដារ​ត្រឹមត្រូវ​ដែល​មនុស្ស​អាច​សិក្សា​បាន​រហូតមកដល់​បច្ចុប្បន្ន ហើយ​ស្តង់ដារ​នេះ​ក៏ត្រូវ​នឹង​សំណង់​អគារ​នាពេល​បច្ចុប្បន្ន​នៅ​អឺរ៉ុប បើទោះបីជា​ប្រាសាទ​នេះ​សង់​ឡើង​ច្រើន​សតវត្សរ៍​មកហើយ​ក្តី។ ខ្មែរ​យើង​ក៏មាន​ស្ពានល្អៗតាំងពី​សម័យបុរាណ​មក​ដែរ ដូចជា​ស្ពាន​កំពង់ក្តី ដែលមាន​ទំហំ​ប៉ុន​ផ្លូវជាតិ​របស់​យើង​សព្វថ្ងៃនេះ។

2. សម្រាប់​សំណង់​ស្ថាបត្យកម្ម​ទំនើប​របស់​ខ្មែរ​នាពេល​បច្ចុប្បន្ននេះ តើ​ស្ថាបត្យករ​ខ្មែរ​បាន​បញ្ចូល​នូវ​រចនាប័ទ្ម​ខ្មែរ​ប្រហែលជា​ប៉ុន្មាន​ភាគរយ?
បើ​និយាយ​ពី​ទិន្នន័យ​ខ្ញុំ​មិនទាន់មាន​តួលេខ​ច្បាស់លាស់​នៅឡើយ​ថា អាចមាន​ប៉ុន្មាន​ភាគរយ តែបើ​តាម​ការសង្កេតរ​បស់​ខ្ញុំ គឺ​ឃើញ​មាន​ប្រហែលជា 70% ដែល​បញ្ចូល​ភាគច្រើន​លើដំបូល របង ក្បូរ-​ក្បាច់រចនា និង​ទំហំ​ស្តង់ដារ​ទ្វា​បង្អួច បែប​ផ្ទះ​ខ្មែរ​ជាដើម។ ខ្ញុំ​និយាយ​នេះ គឺ​សំដៅ​តែ​ផ្ទះ​ខ្មែរ​ដែល​ស្ថាបត្យករ​បាន​គូរ​យ៉ាង​ត្រឹមត្រូវ ទើប​អាចមាន​ទំហំ​ស្តង់ដារ​បែប​ខ្មែរ​ច្បាស់លាស់ តែ​អ្នក​ខ្លះទៀត​លទ្ធភាព​រប​ស់​គាត់​តិចតួចស្តួចស្តើង គាត់​មិន​ជួល​ស្ថាបត្យករ នោះ​មិនសូវ​ជា​ត្រូវ​ទៅតាម​ស្តង់ដារ​ច្បាស់លាស់​ប៉ុន្មាន​ទេ។

3. បច្ចុប្បន្ននេះ​មាន​អគារ​ទំនើប​ជាច្រើន ដូចជា​អគារខ្ពស់ប្រណីតៗជាដើម តើ​សមត្ថភាព​របស់​ខ្មែរ​យើង​ក្នុងការ​រចនា មាន​លក្ខណៈ​ប្រកួតប្រជែង​ល្អ​ប៉ុនណា ប្រសិនបើ​ប្រៀបធៀប​ជាមួយ​ស្ថាបត្យករ​បរទេស?
តាមពិតទៅ​បើ​និយាយ​ពី​សិស្សពូកែៗរបស់​ខ្មែរ​យើង ក៏មាន​សមត្ថ​ភាពមិន​ចាញ់​បរទេស​ប៉ុន្មាន​ដែរហើយ​ខុន​ដូ​ជាច្រើន​ក៏​សាងសង់ឡើង​ដោយ​កូន​ខ្មែរ​ដែរ។ មាន​ខុន​ដូ និង​សំណង់ខ្ពស់ៗមួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​មិនមែន​កូន​ខ្មែរ​ជា​អ្នក​សាងសង់ ដូចជា​ខុន​ដូរ​បស់​សិង្ហ​បុរី ឬ​ក្រុមហ៊ុនធំៗរបស់​ចិន​ជាដើម ដែល​ជួល​ស្ថាបត្យករ​បរទេស។ តែ​ទោះជា​យ៉ាងនេះ​ក្តី កូន​ខ្មែរ​ក៏​អាចមាន​សមត្ថភាព​ធ្វើបាន​ដូចគ្នា​ដែរ ហើយ​ការដែល​ក្រុមហ៊ុន​ទាំងអស់នោះ​ប្រើប្រាស់​ជនបរទេស​ដើម្បី​គូរ​ប្លង់ ដោយសារ​គេច​ង់​ប្រើប្រាស់​អ្នកចេះដឹង ឬ​ធនធានមនុស្ស​រប​ស់​ប្រទេស​គេ​ផ្ទាល់។ ម្យ៉ាងទៀត​សមត្ថភាព​របស់​ខ្មែរ​បច្ចុប្បន្ននេះ គឺមាន​លទ្ធភាព​គ្រប់គ្រាន់​ហើយ ព្រោះ​បច្ចុប្បន្ននេះ មាន​និស្សិត​ខ្មែរ​ច្រើនណាស់​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត និង​បណ្ឌិត​មកពី​អឺរ៉ុប ឬ​មកពី​ជប៉ុន​ជាដើម។

បញ្ហា​ដែល​គេ​មិនសូវ​ប្រើប្រាស់​ធនធាន​របស់​ខ្មែរ គឺ​ភាគច្រើន​មកពី​ម្ចាស់​ខុន​ដូ និង​គម្រោងធំៗដែលមាន​តម្លៃ​រាប់រយ​លាន​មិនទាន់​ទុកចិត្ត​ខ្មែរហើយ​គេច​ង់​ផ្តល់ឱកាស​ឱ្យ​ក្រុមហ៊ុន​គ្នា​គេ​ដើម្បី​ទទួល​ធ្វើ​ការងារ​ទាំងអស់នោះ។ ទោះជា​យ៉ាងនេះ​ក្តី​ក៏មាន​ក្រុមហ៊ុន​ខ្លះ (ក្នុង​ចំនួន​តិចតួច​នៅឡើយ) មិនបាន​ធ្លាប់​សាកល្បង​សមត្ថភាព​របស់​ស្ថាបត្យករ​ខ្មែរ​យើង ហើយ​ពេញ​ចិត្តនឹង​អ្វីដែល​កូន​ខ្មែរ​អាចធ្វើ​បាន​នៅឡើយ។ ខ្ញុំ​សង្ឃឹមថា នៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន​បរទេស​កាន់​តែច្រើនឡើងៗ នឹង​មើលឃើញ​ពី​សមត្ថភាព​ពិតប្រាកដ​របស់​ស្ថាបត្យករ​ខ្មែរ​យើង។

4. បើតាម​ការមើលឃើញរ​បស់​លោក​សាស្ត្រាចារ្យ ប្រសិនបើ​សំណង់​ទំនើប​របស់​ខ្មែរថ្មីៗបញ្ចូល​នូវ​រចនាប័ទ្ម​ខ្មែរ និង​មាន​លក្ខណៈ​ជា​ខ្មែរ តើ​អាច​នឹងមាន​ភាពល្អប្រសើ​រ​អ្វីខ្លះ?
តាមពិតទៅ​ការបញ្ចូល​លក្ខណៈ​បែប​ខ្មែរ​ទៅក្នុង​សំណង់​អគារធំៗពិតជា​ល្អ​ណាស់​សម្រាប់​កម្ពុជា ព្រោះ​វា​បង្ហាញ​ឱ្យដឹងថា អគារ​ប្រណីត​ទាំងអស់នោះ​ជា​របស់​ខ្មែរ។ គ្រាន់តែ​គេ​មើល​មក គឺ​គេ​ដឹងថា​ជា​របស់​ខ្មែរ នៅលើ​ទឹកដី​ខ្មែរ។ បច្ចុប្បន្ននេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានកំណត់​រួចហើយ​ថា អគារថ្មីៗគួរ​មាន​រចនាប័ទ្ម​បែប​ខ្មែរ តែ​ពេលខ្លះ​ដោយសារ​អ្នកវិនិយោគធំៗ គេ​មាន​លុយច្រើន​សម្រាប់​សាងសង់ គេ​អាច​សុំ​កែច្នៃ​ជា​លក្ខណៈពិសេស​ណាមួយ​ជាដើម។

5. តើ​ជំនាញ​ស្ថាបត្យកម្ម​មាន​សក្តានុពល​ខ្លាំង​ប៉ុនណា?
សម្រាប់​ជំនាញ​នេះ​ពិត​ជាមាន​សក្តានុពល​ខ្ពស់ព្រោះ​សំណង់​អគារ​នាពេល​បច្ចុប្បន្ននេះ​កំពុង​រីកដុះដាល​ច្រើន។ បើទោះបីជា​បច្ចុប្បន្ននេះ​មាន​និស្សិត​សិក្សា​ជំនាញ​ស្ថាបត្យកម្ម​ច្រើន​ក៏ដោយ ក៏​ថ្ងៃក្រោយ​នៅតែមាន​តម្រូវការ​ខ្ពស់​ដដែល ព្រោះ​នៅ​ទីក្រុង​យើង​នៅ​ត្រូវការ​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ទាំង​ស្ពាន អគារធំៗ និង​លំនៅឋាន​ជាដើម។ ឱ្យតែ​និស្សិត​មាន​សមត្ថភាព​ពិតប្រាកដ មិន​ខ្វះ​ទេ​ការងារ ព្រោះ​គេ​ប្រាកដជា​ត្រូវការ​យើង ជាក់ស្តែង​ស្ថាបត្យករ​ខ្មែរ​យើង​ជើងចាស់​ជាច្រើន​ត្រូវបាន​ទទួលស្គាល់ ហើយ​ត្រូវបាន​បរទេស​ជួល​ទៅធ្វើ​ការងារ​ឱ្យ​វិញ​ក៏មាន។ មាន​ស្ថាបត្យករ​ខ្លះ​មាន​ស្នាដៃ​របស់ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី នៅ​អឺរ៉ុប និង​នៅ​ប្រទេសអភិវឌ្ឍ​ន៍មួយចំនួន​ទៀតផង។ ហើយ​ចំពោះ​លោកតា វណ្ណ ម៉ូលីវណ្ណ វិញ ក៏មាន​ស្នាដៃ​នៅ​បារាំង នៅ​ប្រេ​-ស៊ី​ល និង​នៅ​ប្រទេសធំៗមួយចំនួនទៀត​ដែល​គេ​ទទួលស្គាល់​ដែរ។ ហេតុនេះ​ទីផ្សារ​ស្ថាបត្យកម្ម​នេះ​ទូលំទូលាយ​ណាស់​សម្រាប់​និស្សិត​កម្ពុជា ព្រោះ​មិនមែន​មានតែ​ទីផ្សារ​ក្នុងស្រុក​ទេ តែមាន​ទីផ្សារ​នៅ​បរទេស​ថែមទៀត​ប្រសិនបើ​មាន​សមត្ថ​ភាពខ្លាំង។

6. តើ​អ្នកសិក្សា​លើ​ជំនាញ​នេះ ត្រូវមាន​លក្ខណសម្បត្តិ​ដូចម្តេចខ្លះ? ហើយ​បុគ្គល​ប្រភេទ​ណាខ្លះ​ដែល​សម​នឹងសិក្សា​មុខវិជ្ជា​នេះ?
លក្ខណសម្បត្តិ​អ្នក​ដែល​គួរ​រៀន​ស្ថាបត្យកម្មគឺ​ត្រូវមាន​ទេពកោសល្យ​ពី​កំណើត ចូលចិត្ត​គូររូប មានចិត្ត​អំណត់ និង​មាន​ចរិតល្អ មិន​វាយឫក មិន​ក្រអឺតក្រទម ដែល​ធ្វើ​ឱ្យគេ​ចូលចិត្ត​ច្រើន ព្រោះ​ស្ថាបត្យករ​ជា​អ្នក​ដែល​ចាំបាច់​ត្រូវធ្វើ​ការទាក់ទង​ជាមួយ​អតិថិជន​ឱ្យបាន​ល្អ។ ម្យ៉ាងវិញទៀត​ពួកគាត់​ក៏ត្រូវ​មានចំណេះដឹង​ពី​វប្បធម៌​ខ្មែរ​ឱ្យបាន​ច្បាស់លាស់ ហើយ​ថែមទាំង​ដឹង​ពី​វប្បធម៌​បរទេស​ខ្លះ​ផង ព្រោះ​អតិថិជន​អាចជា​ជនជាតិ​បរទេស ស្ថាបត្យករ​ចាំបាច់​ត្រូវ​ដឹង​ពី​អ្វីដែល​អតិថិជន​ចង់បាន។ ចំពោះ​អាស៊ី​វិញ ក៏​ចាំបាច់​ត្រូវតែ​ដឹង​ដូចគ្នា ជាពិសេស​គឺ​អតិថិជន​ខ្លះ​ចង់ដឹង​ពី​ហុងស៊ុយ ឬ​និយាយ​ចេញមក​មាន​ភាព​ទាក់ទាញ ដែល​ធ្វើឱ្យ​ម្ចាស់​គម្រោង​សប្បាយចិត្ត ហើយ​មាន​ភាព​រីកចម្រើន។

ម្យ៉ាងវិញទៀត អ្នក​ដែល​សិក្សា​ស្ថាបត្យកម្ម​ក៏​គួរតែ​ជា​មនុស្ស​អាច​ទុកចិត្តបាន មាន​ភាពស្មោះត្រង់ និង​ទៀងទាត់​ពេលវេលា​ល្អ ព្រោះ​ពេលវេលា​សម្រាប់​ម្ចាស់​គម្រោង​មានតម្លៃ​ខ្លាំងណាស់ កាលណា​យើង​ធ្វើបាន​លឿន​ហើយ​ល្អ គេ​នឹង​ពេញចិត្ត ហើយ​គាំទ្រ​យើង​បន្តទៀត តែ​ប្រសិនបើ​យើង​មិន​គោរព​ពេលវេលា​នោះ​យើង​នឹង​បាត់បង់​តម្លៃ ហើយ​ពេលនោះ​ទោះ​មាន​ស្នាដៃ​ល្អ​ក៏​គេ​មិនសូវ​ចង់បាន​ដែរ។

7. តើ​ស្ថាបត្យកម្ម​សិក្សា​លើ​មុខវិជ្ជាសំខាន់ៗអ្វីខ្លះ?
ស្ថាបត្យកម្ម យើង​សិក្សា​លើ​មុខវិជ្ជា​ជាច្រើន​ដើម្បីឱ្យ​មានចំណេះដឹង​ទូលំទូលាយ និង​ភាព​ច្នៃប្រឌិត​ខ្ពស់។ នៅ​ឆ្នាំ​ទី1 និស្សិត​ត្រូវ​សិក្សា​មុខវិជ្ជា​គំនូរព្រាង គំនូរបច្ចេកទេស និង​ប្រវត្តិ​ស្ថាបត្យកម្ម​ទូទៅ​លើ​ពិភពលោក ជាពិសេស​យើង​ជា​ស្ថាបត្យករ​ខ្មែរយើង​ចាំបាច់​ត្រូវ​សិក្សា​ឱ្យបាន​ស៊ីជម្រៅ​លើ​សិល្បៈ​វប្បធម៌​ខ្មែរ។ ការសិក្សា​នេះ​មិន​ត្រឹមតែ​យើង​ត្រូវ​មើល​លើ​សំណង់​អគារ​នោះទេ តែ​យើង​ត្រូវ​សង្កេត​ឱ្យបាន​ល្អិតល្អន់​លើ​ក្បូរ​ក្បាច់រចនា និង​សម្ភារ​ប្រើប្រាស់​របស់​ខ្មែរ​ដូចជា​ផ្តិល គ្រឿងអលង្ការ និង​ក្បាច់ក្បូរ​ជាច្រើន​ផ្សេងទៀត ដើម្បី​យក​មូលដ្ឋាន​នៃ​ក្បូរ​ក្បាច់រចនា​ទាំងអស់នេះ ទៅ​ដាក់បញ្ចូល​ក្នុង​គម្រោង​អគារ​ដែល​យើង​រចនា​ឡើង។ បន្ទាប់មកទៀត ចាប់ពី​ឆ្នាំ​ទី2ទៅ យើង​សិក្សា​ប្រវត្តិ​ស្ថាបត្យកម្ម​បន្តទៀត គឺ​យើង​ឈានទៅ​សិក្សា​ពី​ប្រវត្តិ​ស្ថាបត្យកម្ម​នៃ​ប្រទេស​ដែលមាន​អរិយធម៌ខ្ពស់ៗដូចជា​ឥណ្ឌា ចិន អារ៉ាប់ និង​ប្រទេស​មួយចំនួនទៀត​នៅ​អឺរ៉ុប។ ក្រោយមក​ក៏​ចាប់ផ្តើម​រៀន​ផ្នែក​រោង​ជាង​សម្រាប់​គូរ និង​ធ្វើ​ផ្ទះគំរូ​ជាដើម មុននឹង​ឈានទៅដល់​សិក្សា​ពី​បច្ចេកវិទ្យា​ដោយ​កម្មវិធី Autocade, Sketchup ឬ 3D Max ជាដើម។ ហើយ​ក្រោយមកទៀត យើង​ក៏ត្រូវ​សិក្សា​ពីមុខ​វិជ្ជា​រចនា​ប្រកបដោយ​និរន្តរភាព (Sustainable Design) ដោយ​បញ្ចូល​នូវ​គំនិត Green ដែល Green នៅ​កន្លែង​នេះ​មិនមែន​សំដៅ​យកតែ​ភាព​បៃតង​ក្នុង​អគារ​ដោយ​ការដាក់​រុក្ខជាតិ​នោះទេ តែ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​មានការ​សន្សំសំចៃ​ខ្ពស់ មាន​ពន្លឺ​គ្រប់គ្រាន់ កាត់បន្ថយ​ការប្រើប្រាស់​អគ្គិសនី​ដែល​មិនចាំបាច់ ហើយ​ឱ្យមាន​ប្រព័ន្ធ​ខ្យល់​ចេញចូល និង​កសាង​ផាសុកភាព​ដោយ​ប្រើប្រាស់​ធម្មជាតិ។

បន្ទាប់មកទៀត​យើង​បន្ត​សិក្សា​ពី​ការរៀបចំ​សួនច្បារ (Landscape) ពី​គម្រោងតូចៗរហូតដល់​ការរៀបចំ​ទីក្រុង (urbanization) ខ្នាតធំៗ ដូចជា​ធ្វើជា​ប្លង់​ផ្លូវ ប្លង់​តំបន់​សម្រាប់​អគារ​បុរាណ អគារ​ទំនើប អគារ​ទាប អគារ​ខ្ពស់ និង​រៀបចំ​ប្រព័ន្ធ​ផ្លូវ​ឱ្យ​ល្អ មិន​ស្ទះ ហើយ​ងាយស្រួល​រស់នៅ។ ជាពិសេស​ការសិក្សា​នេះ​គឺ​គេ​មិន​ចង់​ឱ្យធ្វើ​បែបត្រង់ៗទេ តែ​ធ្វើយ៉ាងណា​គឺ​ច្នៃ​ឱ្យ​ល្អ​ទៅតាម​ធម្មជាតិ ហើយ​រក្សា​ធម្មជាតិ និង​បរិស្ថាន​ឱ្យបាន​ល្អ។ ជាពិសេស​នៅ​កម្ពុជា​យើង ក៏​នៅ​ខ្វះខាត​ដែរ​ជំនាញ​ផ្នែក​នេះ ព្រោះ​នៅ​ស្រុក​យើង​មាន​បញ្ហា​ខ្លះ​ដែល​ត្រូវ​ឈូសឆាយ​ពី​កន្លែង​មួយ​មក​កន្លែង​មួយ បន្ទាប់មក​ក៏​លុប​កន្លែង​ដែល​ជីក​នោះ ហើយ​ធ្វើ​សំណង់​វិញ ដែលនាំឱ្យ​មានការ​ខាតបង់​ច្រើនណាស់ ហើយ​សកម្មភាព​នោះ​ក៏​កើតមាន​ច្រើន​ដែរ​ដែល​ត្រូវ​ជីក​ពីមួយ​កន្លែង​លុប​មួយកន្លែង ពេល​ត្រូវប៉ាន់ ក៏​ជីកដី​ពី​កន្លែង​ផ្សេង​មក​លុប​កន្លែង​នេះ​វិញ។ តែ​នៅ​បរទេស​វិញ ជា​ឧទាហរណ៍​នៅ​ប្រទេស​បារាំង គេ​រក្សា​ធម្មជាតិ​បានល្អ ទោះ​ផ្ទះ​នៅលើ​ទួល ឬ​លើ​ភ្នំ​ក៏ដោយ ក៏​គេ​ច្នៃ​បានល្អ​ទៅតាម​ទម្រង់​ធម្មជាតិ គ្មាន​ការ​ឈូសឆាយ​ពង្រាប​ឱ្យ​ស្មើ​នោះទេ ពេល​គេ​រៀបចំ​ទៅ​គឺមាន​លក្ខណៈ​ល្អ​ប្លែក។

8. មានមតិ​ខ្លះ​លើកឡើងថា ស្ថាបត្យកម្ម​សម្រាប់តែ​បុរស មិនមែន​សម្រាប់​ស្ត្រី​ទេ។ តើ​លោក​សាស្ត្រាចារ្យ​យល់​យ៉ាងណាដែរ​ចំពោះ​បញ្ហា​នេះ?
សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា​មុខវិជ្ជា​ស្ថាបត្យកម្ម​សម្រាប់​ទាំងអស់គ្នា មិន​ថា​ស្រី ឬ​ប្រុស​នោះទេ សុទ្ធតែ​អាច​រៀន​បាន ព្រោះ​ពេលចេញ​ធ្វើការ យើង​គ្រាន់តែ​គូរ​ប្លង់​មិនមែន​សាងសង់​ដោយផ្ទាល់​នោះទេ។ សម្រាប់​និស្សិត​ស្រី បើទោះបីជា​គាត់​សិក្សា​ផ្នែក​វិស្វកម្ម​ក៏-ដោយចុះ ក៏​គាត់​មិនមែន​ទៅ​លើកដែក​ដែរ ការងារ​របស់គាត់ គឺ​គ្រាន់តែ​ធ្វើ​ប្លង់ ទៅ​ការដ្ឋាន​គ្រាន់តែ​កាន់​ប្លង់​ត្រួតពិនិត្យ​ប៉ុណ្ណោះ។ នៅ​ស្រុក​គេ​មាន​ទាំង​ស្ថាបត្យករ និង​វិស្វករ​ជា​ស្រី​ច្រើនណាស់ ហើយ​ពេលខ្លះស្រីៗអាចធ្វើ​បានល្អ​ជាង​មនុស្ស​ប្រុស​ផង។ សម្រាប់​នៅ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​នេះនិស្សិត​ស្រី និង​ប្រុស រៀន​ផ្នែក​ស្ថាបត្យកម្មមាន​ចំនួន​ប្រហែល​គ្នា ខុសគ្នា​តែ​មុខវិជ្ជា​វិស្វកម្ម​ទេ​ដែល​មនុស្ស​ប្រុស​រៀន​ច្រើនជាង។ចំពោះ​មុខវិជ្ជា​ស្ថាបត្យកម្ម​ត្រូវការ​ការសង្កេត​ច្រើន ចងចាំ​ក្បួនខ្នាត និង​ក្បាច់​ច្រើន ហេតុនេះ​ពេលខ្លះ​ក៏មាន​លក្ខណៈ​ល្អ​ផងដែរ​សម្រាប់​ស្ត្រី ប្រសិនបើ​គាត់​សិក្សា​ផ្នែក​នេះ ព្រោះ​គាត់​អាចបង្កើត​បាន​នូវ​ប្លង់​ស្ថាបត្យកម្ម​បានល្អ​ទៅតាម​ភាព​ច្នៃប្រឌិត​របស់គាត់។

9. តើ​ការសិក្សា​មុខវិជ្ជា​ស្ថាបត្យកម្ម​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ដែរឬទេ? ប្រសិនបើ​និស្សិត​មិនសូវមាន​ធនធាន​តើ​ត្រូវធ្វើដូចម្តេចខ្លះ​ដើម្បី​សិក្សា​បាន?
ការសិក្សា​មុខវិជ្ជា​ស្ថាបត្យកម្ម​ត្រូវ​ចំណាយ​ច្រើន​បន្តិច ព្រោះ​ត្រូវការ​សម្ភារ​បរិក្ខារ​ច្រើន​សម្រាប់​ធ្វើជា​ផ្ទះ​គំរូ ជា​មាត្រដ្ឋានតូចៗ ត្រូវការ​កុំព្យូទ័រ​ធំ​ជាង​កុំព្យូទ័រ​ធម្មតា និង​ត្រូវ​ការដើរ​ច្រើន​ដើម្បី​សង្កេត​ពី​ក្បូរក្បាច់​រចនា​ជាដើម។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​ដែល​មិនសូវ​សម្បូរ​ធនធាន​ក៏​អាច​សិក្សា​បានដែរ ព្រោះ​គាត់​អាច​ប្រើប្រាស់​កុំព្យូទ័រ​របស់​សាលា ឬ​ទិញ​កុំព្យូទ័រ​លើ​តុ (Desktop) សម្រាប់​អនុវត្ត​នៅផ្ទះ ក្នុងតម្លៃ​ធូរ​ថ្លៃ​ជាង Laptop សម្រាប់​រៀន​បាន។

ម្យ៉ាងវិញទៀតគាត់អាចស្វែងរកកម្ចីពីសាកលវិទ្យាល័យ ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាដើម សម្រាប់សិក្សាបាន។ ក្រោយពេលគាត់សិក្សាចប់ គាត់អាចបង់សងរំលោះវិញបាន។

ជាវិធីល្អមួយទៀតសម្រាប់និស្សិតដែលមានជីវភាពខ្សត់ខ្សោយ គាត់អាចសិក្សាផងធ្វើការជាក់ស្តែងផងនៅចុងឆ្នាំទី2។ ការធ្វើបែបនេះអាចធ្វើឱ្យគាត់ទទួលបានទាំងថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សា និងបទពិសោធន៍ការងារផ្ទាល់ ព្រោះគាត់រៀនបានប៉ុណ្ណេះគាត់អាចជួយគូរគេបាន។

10. តើ​ការសិក្សា​មុខវិជ្ជា​នេះ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ?
សម្រាប់​កត្តា​ប្រឈម​មិនមាន​ច្រើនពេក​ទេ​សម្រាប់​ការសិក្សា​មុខវិជ្ជា​នេះ អ្វីដែល​ធ្វើឱ្យ​សិស្ស​លំបាក​នោះ គឺអាច​ពាក់ព័ន្ធ​នឹង​កត្តា​ក្នុង​ខ្លួន ព្រោះ​សិស្ស​ខ្លះ​គាត់​មិនសូវ​ខិតខំស្រប​ពេលដែល​មុខវិជ្ជា​នេះ​ត្រូវអនុវត្ត​ច្រើន គាត់​អាច​តាម​មិនទាន់​គេ។ ចំពោះ​និស្សិត​ខ្លះ​គាត់​ខិតខំ​ប្រឹងប្រែង​ដែរ តែ​គាត់​មិនមាន​ទេពកោសល្យ ហេតុនេះ​គាត់​ធ្វើ​មិន​បានល្អ ខ្វះ​ការច្នៃប្រឌិត និង​គូរ​មិនសូវ​បាន​ស្អាត។ ហេតុនេះ​មុខវិជ្ជា​នេះ​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង ច្បាស់លាស់ និង​យកចិត្តទុកដាក់​ផង និង​មាន​ទេពកោសល្យ​សិល្បៈ​ផងដែរ។ កន្លងមក​ក៏មាន​សិស្ស​ខ្លះ​បោះបង់​ការរៀន​ផ្នែក​នេះដែរ តែ​តិចតួច​ខ្លាំងណាស់។ ក្នុងចំណោម​សិស្ស​រាប់រ​យ​នាក់​អាចមាន​ត្រឹមតែ 2នាក់ ឬ​ម្នាក់​ប៉ុណ្ណោះ​ដែល​ប្តូរ​ចេញ។

11. សម្រាប់សាកលវិទ្យាល័យ បៀលប្រាយ តើអ្វីជាលក្ខណៈពិសេសក្នុងការបណ្តុះបណ្តាលផ្នែកស្ថាបត្យកម្មនេះ?
សម្រាប់សាកលវិទ្យាល័យ បៀលប្រាយ យើងមានសាស្ត្រាចារ្យប្រកបដោយបទពិសោធន៍ខ្ពស់ មានទាំងសញ្ញាបត្រគុណវុឌ្ឍត្រឹមត្រូវ និងធ្លាប់ធ្វើការងារច្រើនជាមួយនឹងជំនាញតែម្តង ហេតុនេះការបណ្តុះបណ្តាលរបស់ពួកគាត់មានភាពច្បាស់លាស់ដែលអាចធ្វើឱ្យនិស្សិតចេញកមមានទាំងសមត្ថភាព និងលទ្ធភាពខ្ពស់ក្នុងការធ្វើការងារ ឬប្រកួតប្រជែងក្នុងទីផ្សារការងារនៅកម្ពុជា។

12. តើ​លោក​សាស្ត្រាចារ្យ​មានមតិ​ផ្តាំផ្ញើ​អ្វីខ្លះ​សម្រាប់​និស្សិត និង​សាធារណជន​កម្ពុជា?
សម្រាប់​ខ្ញុំ ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅប្អូនៗដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប ឬ​មិន​ជាប់​បាក់​ឌុប​ក្តី ត្រូវ​មើលឃើញថា​ស្ថាបត្យកម្ម និង​វិស្វកម្ម ជា​មុខវិជ្ជា​មួយ​ដែល​សង្គម​កំពុង​ត្រូវការ​ខ្លាំងណាស់។ យើង​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​សាងសង់​ដើម្បី​បង្ហាញ​បរទេស​ពី​ភាព​ប៉ិនប្រសប់​របស់​យើង ឱ្យគេ​មើលឃើញ​ពី​បរិស្ថាន​យើង​ល្អ និង​គុណភាព​សំណង់​ដែល​ធ្វើឱ្យ​ការរស់នៅ​របស់​យើង​មាន​ភាពល្អប្រសើរ។ នៅពេល​នោះគេ​នឹង​ចាប់អារម្មណ៍​បណ្តាក់ទុន និង​ចូលមក​កម្ពុជា​យើង​កាន់តែ​ច្រើនឡើង។

នៅ​កម្ពុជា​យើង​បច្ចុប្បន្ន យើង​នៅមាន​ចំណុច​ខ្វះខាត​ច្រើនណាស់ អគារ​យើង​នៅ​ចាញ់​គេ​នៅឡើយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង ដោយ​រាប់​ចាប់តាំងពី​អគារ ផ្លូវ ស្ពាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។ ស្ពាន​ក៏​ចាំបាច់​ត្រូវមាន​គម្រោង​ស្ថាបត្យកម្ម​ដែរ មិនមែន​ត្រូវធ្វើឡើងត្រង់ៗនោះទេ គេ​សង់​ឡើង​ដោយ​ការ​រចនា​ស្អាត ហើយ​មាន​លក្ខណៈប្លែកៗពីគ្នា។

ខ្ញុំ​សូម​លើក​ពី​រឿង​ល្អ​មួយ​នៅ​ប្រទេស​អូស្ត្រាលី ក្នុង​បុរី និង​គម្រោង​លំនៅឋាន​របស់គេ​បើ​មានផ្ទះ 500ខ្នង គេ​ធ្វើ​ម៉ូដខុសៗគ្នាបន្តិចៗទាំង 500ខ្នង​នោះ។ ពេលធ្វើ​បែបនេះ​វា​បាន​ក្លាយជា​រចនាប័ទ្ម​ប្លែក ហើយក៏​ជាការ​ជួយ​ដល់​ស្ថាបត្យករ​ផងដែរ ព្រោះ​គាត់​បាន​បញ្ចេញស្នាដៃ​រប​ស់​គាត់​សម្បូរបែប មិនមែន​គូរ​ម៉ូដ​តែមួយ​ហើយ​ធ្វើ​រាប់ពាន់​ផ្ទះ​នោះទេ។ ការលើកទឹកចិត្ត​ដល់​ស្ថាបត្យករ​បែបនេះ សំខាន់​ណាស់ ព្រោះ​វា​ធ្វើឱ្យ​តម្លៃ​នៃ​កម្មសិទ្ធិបញ្ញា​មានតម្លៃ ហើយ​អ្នកធ្វើ​ក៏មាន​ទឹកចិត្ត​ក្នុងការ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ដែរ។

ការធ្វើ​បែបនេះ ច្បាស់​ណាស់ វា​អាចធ្វើឱ្យ​តម្លៃ​លំនៅឋាន​កើនឡើង តែ​វា​មិន​កើនឡើង​ខ្លាំង​នោះទេ ព្រោះ​ផ្ទះ​បច្ចុប្បន្ន​ដែលថ្លៃៗ គឺ​ដោយសារតែ​តម្លៃ​ដី​ថ្លៃ មិនមែន​ដោយសារតែ​តម្លៃ​អគារ​នោះទេ ហេតុនេះ​តម្លៃ​កើនឡើង​តិចតួច តែ​ផ្ទះនីមួយៗមាន​លក្ខណៈពិសេសរៀងៗខ្លួន៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា