នៅព្រឹកថ្ងៃទី22 ខែតុលា ឆ្នាំ2018 គណៈកម្មការមហោស្រពភាពយន្តខ្លីចតុមុខ បានបើកពិធីសម្ពោធការប្រកួតមហោស្រពភាពយន្តខ្លីចតុមុខ ( CSFF ) នៅបរិវេណមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា (CFC)ដែលមានការចូលរួមពីវត្តមានវាគ្មិនកិត្តិយសដូចជា លោក លោក ជៀប សុវិជ្ជា ប្រធាន CFC និងជាគណៈកម្មការផ្តល់ពិន្ទុភាពយន្តដែលដាក់ប្រកួតនៅក្នុងមហោស្រពភាពយន្តខ្លីចតុមុខ និង លោក គាំ វុត្ថា ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ លើកទី7 ព្រមទាំង កញ្ញា អាត សុធាវី គណៈកម្មការមានបទពិសោធន៏ជាច្រើនឆ្នាំក្នុងវិស័យភាពយន្ត។
ប្រធានមហោស្រពភាពយន្តខ្លីចតុមុខ លោក គាំ វត្ថា បានថ្លែងបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មហោស្រពនឹងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេល 4ថ្ងៃ ដែលនឹងមានការចាក់បញ្ចាំងភាពយន្តចំនួន77 ចំណងជើង មកពីចំនួន 18 ប្រទេស ជុំវិញពិភពលោក។ ចាក់ បញ្ចាំងភាពយន្តដែលជាប់ជម្រើសនៅតាមទីតាំងផ្សេងៗគ្នាចំនួន7 ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី26 ខែតុលា និងបើកឱ្យទស្សនានៅថ្ងៃទី 27 ខែតុលា ដែលរួមមាន រោងភាពយន្ត Major Cineplex នៅផ្សារទំនើបសូរិយ៉ា រោងភាពយន្តLegend Cinemaបីសាខាមានដូចជា(អ៊ីឌិន, ស្ទឹងមានជ័យ និង ស៊ីធីម៉ល វិទ្យាស្ថានភាសារបារាំងនៅកម្ពុជា និង Prim Cineplex។
គួរបញ្ជាក់ផងដែរថា កុនខ្លីដែលទទួលបានទាំងអស់មានចំនួន 301 រឿង ដែលមានកុនផលិតដោយកូនខ្មែរប្រមាណ 39 រឿង។ នៅក្នុងនោះ ក៏មានការចាក់បញ្ចាំងភាពយន្តដែលជាប់ជម្រើសដល់វគ្គផ្ដាច់ព្រ័ត្រទាំង 6 រឿងរបស់ខ្មែរ ផងដែរ ។ ចូលរួមទស្សនាគឺដោយសេរី និង មិនគិតថ្លៃ (កន្លែងមានកំណត់) គ្រាន់តែទស្សនិកជនទៅទទួលសំបុត្រសម្រាប់ចូលរួមទស្សនាភាពយន្តមុនពេលចាក់បញ្ចាំងមួយម៉ោងនៅតាមបញ្ជរសំបុត្ររបស់មហោស្រព ៕