កសិករមួយចំនួនដែលរស់នៅក្នុងឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានងាកមកចាប់យករបរថ្មីមួយទៀតហើយ គឺដាំខ្ទឹមយកពូជលក់ និងទុកសម្រាប់ដាំដុះខ្លួនឯងនៅជំនាន់ក្រោយៗជាជាងចំណាយប្រាក់ទិញពូជពីប្រទេសជិតខាង ដើម្បីកុំឱ្យចំណាយប្រាក់ច្រើនក្នុងគ្រួសារ នៅពេលមានតម្រូវការដាំដុះលើកក្រោយៗទៀត។
លោក ហង់ ម៉េងហួរ កសិករដាំខ្ទឹមម្នាក់នៅភូមិលេខ3 ឃុំត្រើយសា្ល ស្រុកស្អាង ខេត្តកណ្តាលបានប្រាប់ឱ្យដឹងថាក្រៅពីដាំខ្ទឹមយកស្លឹកលក់ហើយគ្រួសារលោកក៏ដូចជាកសិករមួយចំនួនទៀតដែរបានឆ្លៀតដាំទុកធ្វើពូជលក់ និងសម្រាប់ទុកដាំបន្តនៅពេលក្រោយៗទៀតផងដែរ ព្រោះពូជលក់បានថ្លៃ និងចំណេញច្រើនជាងលក់ស្លឹក។ គ្រួសារលោកបានចាប់យករបរដាំខ្ទឹមទុកធ្វើពូជនេះអស់រយៈពេលជាង 5ឆ្នាំមកហើយ នៅលើដីចំនួន 2កន្លែងមានទំហំជិតមួយហិកតាកន្លះ ក្នុងនោះពាក់កណ្តាលដាំសម្រាប់លក់គល់ និងស្លឹក និងពាក់កណ្ដាលទៀតដាំសម្រាប់ទុកធ្វើពូជលក់ និងសម្រាប់ទុកដាំបន្តខ្លួនឯង។
លោកបានបន្តថា មូលហេតុដែលលោកដាំយកស្លឹកលក់ពាក់កណ្តាល និងដាំទុកសម្រាប់ធ្វើពូជលក់ពាក់កណ្តាលនេះ គឺដើម្បីជួយយឹតយោងតម្លៃគ្នាទៅវិញទៅមក មានន័យថាប្រសិនបើស្លឹកខ្ទឹមធ្លាក់ថ្លៃ បានខ្ទឹមពូជជួយទប់មិនឱ្យខាតខ្លាំង ព្រោះពូជខ្ទឹមមិនចេះខាតទេហើយក៏មិនបាច់ទៅដើររកទិញពូជរបស់គេមកដាំដែរ ប្រសិនបើតម្លៃខ្ទឹមស្លឹកបានថ្លៃដូចសព្វថ្ងៃ 1គីឡូក្រាម 4,000 ទៅ5,000រៀល យើងអាចលក់ពូជបាន 1គីឡូក្រាមរហូតដល់ទៅ12.000 ទៅ15.000រៀលឯណោះ ហើយបើស្លឹកខ្ទឹមបានថ្លៃជាងនេះ ការលក់ពូជខ្ទឹមកាន់តែបានថ្លៃទៅទៀតតាមហ្នឹងដែរ ដែលមានពេលខ្លះយើងអាចលក់បាន 1គីឡូក្រាមដល់ទៅ 25.000 ឬ30.000រៀលក៏មានដែរ និយាយរួមខ្ទឹមពូជមិនចេះខាតទេ។
ចំណែកឯលោក សុខ លន់ ជាមន្ត្រីនគរបាល និងជាអ្នកដាំខ្ទឹមពូជជាង 20ឆ្នាំមកនៅក្នុងភូមិទួលអំពិលលាស់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង បាននិយាយដែរថា លោកតែងឆ្លៀតពេលទំនេរពីការងារជាមន្ត្រីនគរបាលរដ្ឋបាលប៉ុស្តិ៍ក្រាំងយ៉ូវមកជួយដាំខ្ទឹមភរិយាយកពូជលក់ដែរ ដែលរបរនេះអាចជួយឱ្យជីវភាពគ្រួសាររបស់លោកកាន់តែប្រសើរឡើង។ អ្នកជំនាញដាំខ្ទឹមពូជរូបនេះបានបន្តថា លោកមានដីជាងកន្លះហិកតាសម្រាប់ដាំខ្ទឹម ប៉ុន្តែមិនដាំយកស្លឹកនោះទេ គឺដាំទុកធ្វើពូជលក់ ព្រោះបានចំណេញច្រើនជាង។
ជាមួយគ្នានេះដែរ លោកក៏បានប្រាប់ឱ្យដឹងអំពីវិធីសាស្ត្រក្នុងការដាំផងដែរថា ការដាំខ្ទឹមយកស្លឹក និងដាំខ្ទឹមយកពូជលក់នេះមិនខុសគ្នាទេ គ្រាន់តែការដាំខ្ទឹមទុកធ្វើពូជត្រូវប្រើរយៈពេលយូរជាងគឺចាប់ពី 2ខែកន្លះ ទៅ3ខែទើបគេដក ដែលខុសពីដាំខ្ទឹមយកស្លឹកលក់ គេប្រើរយៈពេលតែ 1ខែកន្លះ ទៅ 1ខែ 20ថ្ងៃប៉ុណ្ណោះ គឺគេអាចដកលក់បានហើយ។
លោក សុខ លន់ បានបន្ថែមដែរថា ក្រោយពីដករួច គេត្រូវយកវាទៅហាលថ្ងៃ និងសំដិលទុកឱ្យស្ងួតទើបយកទៅរក្សាទុកដើម្បីការពារកុំឱ្យវារលួយ។ ក្រោយពីរក្សាទុកបានប្រមាណ 1ខែកន្លះ ទៅ2ខែ គឺអាចយកទៅដាំជាថ្មីបានហើយ។ លោកបានបញ្ជាក់ប្រាប់ផងដែរថា ពូជខ្ទឹមនេះ កាលពីដើមឡើយគឺកសិករយើងនាំចូលពីប្រទេសជិតខាង ពិសេសពីប្រទេសថៃ និងប្រទេសវៀតណាម ហើយពេលខ្លះត្រូវឈ្មួញក្រឡុកតម្លៃស្រេចតែចិត្តគេទៀតផង ដូច្នោះហើយទើបធ្វើឱ្យលោកងាកមកដាំខ្ទឹមទុកធ្វើពូជសម្រាប់លក់ឱ្យកសិករក្នុងស្រុកដើម្បីកាត់បន្ថយការនាំចូល និងសម្រួលដល់ការលំបាករបស់បងប្អូនកសិករក្នុងស្រុក កុំឱ្យពិបាកទៅទិញឆ្ងាយ ហើយវាថែមទាំងជួយឱ្យជីវភាពគ្រួសាររបស់លោកកាន់តែប្រសើរឡើងផងដែរ។
លោក អ៊ុក សុខគុណ ប្រធានការិយាល័យកសិកម្មស្រុកស្អាងមានប្រសាសន៍ថា ស្រុកស្អាង គឺជាតំបន់ធ្វើកសិកម្មផលិតដំណាំកសិផលច្រើនជាងគេនៅក្នុងខេត្តកណ្តាលសម្រាប់ផ្គត់ផ្គង់បន្លែក្នុងស្រុក និងនាំចេញទៅលក់នៅលើទីផ្សារនានា ពិសេសទីផ្សារក្នុងក្រុងភ្នំពេញតែម្តង ដែលបន្លែទាំងអស់នោះមានដូចជាស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្តោប ស្លឹកគូឆាយ ត្រសក់ ននោង ត្រឡាច មើមខ្ញី ម្រះ និងខ្ទឹមជាដើម។ តែទោះជាយ៉ាងនេះក្ដី ក៏កសិករនៅក្នុងភូមិមិនទាន់មានផែនការច្បាស់លាស់ក្នុងការដាំដុះដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារនៅឡើយ ភាគច្រើននៅពេលដំណាំបន្លែណាមួយបានថ្លៃខ្ពស់ គឺពួកគាត់នាំគ្នាដាំដំណាំនោះស្ទើរគ្រប់គ្នា ជួនកាលប្រមូលផលដំណាលៗគ្នាក្នុងពេលតែមួយ ធ្វើឱ្យបន្លែនោះជន់ច្រើននៅលើទីផ្សារលក់មិនដាច់ នាំឱ្យតម្លៃធ្លាក់ចុះខ្លាំង និងភ្លាមៗតែម្ដង។
ដោយឡែករបរដាំខ្ទឹមនេះ កន្លងមកកសិករតែងចំណាយថវិកាទិញពូជពីប្រទេសជិតខាងដូចជាថៃ និងវៀតណាមសម្រាប់យកមកដាំយកស្លឹក និងគល់លក់ ប៉ុន្តែបច្ចុប្បន្នពួកគាត់ចេះទុកពូជសម្រាប់ដាំខ្លួនឯងខ្លះៗហើយ។ លោកបញ្ជាក់ថា ការដាំទុកពូជនេះកសិករមិនមានផែនការ និងជំនាញច្បាស់លាស់នៅឡើយទេ នៅពេលណាស្លឹកខ្ទឹមធ្លាក់ថ្លៃខ្លាំង គឺគាត់ទុកពូជតែម្តង ដែលនេះជាកត្តាធ្វើឱ្យពូជខ្ទឹមមិនសូវសម្បូរសម្រាប់យកទៅដាំបន្តនៅជំនាន់ក្រោយៗទៀត។ លោកថា យកល្អកសិករត្រូវចេះដាំដាច់ដោយឡែកចេញពីគ្នា បើដាំសម្រាប់យកដើម ឬស្លឹកលក់ គេមិនចាំបាច់ថែទាំច្រើនទេ តែបើដាំយកពូជត្រូវមានការថែទាំច្បាស់លាស់ រាប់ចាប់តាំងពីការធ្វើដី ធ្វើស្មៅ ការប្រើប្រាស់ជី ធ្វើយ៉ាងណាឱ្យខ្ទឹមលូតលាស់ល្អមានដើម ឬមើមធំៗ ទើបទុកធ្វើពូជយកទៅដាំនៅជំនាន់ក្រោយៗទៀតបានល្អ៕