ជាទូទៅមនុស្សគ្រប់គ្នាលើពិភពលោក តែងតែឃើញសហរដ្ឋអាមេរិកស្ថិតនៅក្នុងលំដាប់ខ្ពស់បំផុតនៃតារាងប្រទេសដែលមានការអប់រំល្អជាងគេលើពិភពលោក តែបច្ចុប្បន្ននេះប្រទេសដែលស្ថិតនៅលំដាប់ខ្ពស់បំផុតនោះគឺហ្វាំងឡង់។
ក្នុងដំណើរនៃការកសាងសមត្ថភាព និងពង្រឹងប្រសិទ្ធភាពអប់រំរបស់ខ្លួន ប្រទេសហ្វាំងឡង់មានលក្ខណៈពិសេសជាច្រើនដែលជាមេរៀនល្អៗសម្រាប់ការអនុវត្តនៅបណ្តាប្រទេសជាច្រើនផ្សេងទៀតលើពិភពលោក។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលប្រទេស ហ្វាំងឡង់អនុវត្តទទួលបានជោគជ័យលើការអភិវឌ្ឍវិស័យអប់រំរបស់ខ្លួន។
1.គ្មានការកម្រិតសមត្ថភាពសិស្សដោយស្តង់ដារណាមួយនោះទេ
ការបង្រៀនសិស្សដោយផ្តោតតែលើបន្ទាត់ត្រង់ភ្លឹងមិនមែនជាវិធីល្អនោះទេក្នុងការបង្កើតភាពច្នៃប្រឌិតសម្រាប់យុវជនជំនាន់ថ្មីដែលរស់នៅក្នុងពិភពលោកអភិវឌ្ឍយ៉ាងលឿនជារៀងរាល់ថ្ងៃ។ វិបត្តិភាគច្រើននៃការអប់រំលើពិភពលោក គឺសិស្សពីមួយជំនាន់ទៅមួយជំនាន់ត្រូវបានកម្រិតការយល់ដឹង ឬធ្វើតាមតែអ្វីដែលបានកំណត់ទុក ហើយបង្កើតតែរឿងដដែលៗសម្រាប់សង្គម។ ហេតុនេះការបណ្តុះបណ្តាលសម័យថ្មីគឺជាការបណ្តុះបណ្តាលដែលផ្តល់ព័ត៌មានសម្រាប់ការពិចារណា និងជាការបើកច្រកច្នៃប្រឌិតសម្រាប់កុមារ ដោយការផ្តល់នូវមូលដ្ឋានគ្រឹះអប់រំសម្រាប់ជាមូលដ្ឋានដល់ពួកគេក្នុងការយល់ឃើញរឿងសំខាន់ៗជាច្រើនដែលមានប្រយោជន៍សម្រាប់មនុស្សទូទៅ។
នៅប្រទេសហ្វាំងឡង់គ្មានស្តង់ដារនៃការធ្វើតេស្តសិស្សនោះទេ ហើយសំណួរភាគច្រើនដែលដាក់ឱ្យសិស្សធ្វើ ក៏កម្រជាសំណួរបិទណាស់ មានន័យថា សិស្សអាចមានឱកាសច្រើនក្នុងការបង្ហាញពីគំនិត និងការយល់ឃើញរបស់ខ្លួនបានយ៉ាងទូលំទូលាយលើសន្លឹកកិច្ចការប្រឡងរបស់ខ្លួន ហើយគ្រូក៏ព្យាយាមទទួលយកនូវចំណុចវិជ្ជមានទាំងអស់នោះ ដោយផ្តល់ពិន្ទុទៅតាមភាពជាក់ស្តែងនៃលទ្ធផលដែលសិស្សបានធ្វើនោះ។ ការធ្វើបែបនេះគឺជាការជំរុញឱ្យមានការអភិវឌ្ឍលក្ខណៈពិសេសរៀងៗខ្លួនបានយ៉ាងល្អ ដែលកត្តាទាំងអស់នេះជំរុញឱ្យធនធានមនុស្សនៅក្នុងប្រទេសនេះមានគុណភាពខ្ពស់ ហើយអាចបម្រើការងារនៅគ្រប់វិស័យប្រកបដោយសក្តានុពលរៀងៗខ្លួន។
2. គ្រូបង្រៀនមានគណនេយ្យភាពត្រឹមត្រូវ
បញ្ហាគ្រូបង្រៀនគឺជាចំណោទមួយដែលកើតមានឡើងក្នុងប្រទេសមួយចំនួន ព្រោះមានរឿងច្រើនណាស់ដែលគេសំដៅមុខព្រួញទៅរកគ្រូបង្រៀនហើយដាក់បន្ទុកកំហុសទាំងអស់នោះទៅលើពួកគាត់ខណៈស្ថានភាពជាក់ស្តែងមានកត្តារួមផ្សំច្រើនដែលនាំឱ្យកើតមានបញ្ហាក្នុងការអប់រំ។ នៅប្រទេសហ្វាំងឡង់ គ្រូបង្រៀនត្រូវបានជ្រើសរើសយ៉ាងតឹងតែងក្នុងកម្រិតស្តង់ដារខ្ពស់ ហើយមានការតាមដានការអនុវត្តដោយប្រព័ន្ធត្រឹមត្រូវបំផុត ដើម្បីធានាថាពួកគាត់អាចមានសមត្ថភាពទូលំទូលាយសម្រាប់ផ្តល់ការអប់រំពិតប្រាកដសម្រាប់សិស្សដែលមានលក្ខណៈពិសេសរៀងៗខ្លួន។
គ្រូបង្រៀនចាំបាច់ត្រូវតែមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងមានជំនាញច្បាស់លាស់ កំណត់ដោយការធ្វើតេស្តសាកល្បងពីភាពប៉ិនប្រសប់របស់គាត់មុននឹងអនុញ្ញាតឱ្យបង្រៀន។ បន្ទាប់មកបញ្ចូលគាត់ទៅក្នុងប្រព័ន្ធនៃការបណ្តុះបណ្តាលយ៉ាងយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយកំហុសក្នុងការបង្រៀន។
3. ផ្តល់ការយកចិត្តទុកដាក់ពីភាពជាក់ស្តែងនៃចំណេះដឹងសម្រាប់ការរស់នៅ
សាលាជាច្រើនលើពិភពលោកដែលផ្តល់តម្លៃខ្លាំងលើការកើនឡើងនៃពិន្ទុប្រឡងលើមុខវិជ្ជាមួយចំនួនដូចជាគណិតវិទ្យា ឬវិទ្យាសាស្ត្រជាដើមហើយពួកគេបែរជាភ្លេចរឿងសំខាន់ៗជាច្រើនដែលជាគុណតម្លៃនៃការអប់រំពិតប្រាកដគឺសុភមង្គល ផាសុកភាព បញ្ហាសុខភាព និងការស្វែងយល់ពីបរិស្ថានជាដើម។ នេះជាបញ្ហាដែលសាលាចាំបាច់ត្រូវតែធ្វើកំណែទម្រង់ ខណៈពេលដែលប្រទេសហ្វាងឡង់បានធ្វើវារួចជាយូរយារណាស់មកហើយ។
កម្មវិធីដែលប្រទេសហំ្វាងឡង់បានដាក់ចុះសម្រាប់ប្រព័ន្ធអប់រំគឺការសិក្សាពីគុណតម្លៃនៃការរស់នៅជាក់ស្តែងរបស់មនុស្ស។ ពួកគេផ្តល់តម្លៃខ្លាំងលើការរៀបចំបរិស្ថានសាលារៀន ផាសុកភាព និងការជំរុញឱ្យសិស្សមានការពិចារណាលើបញ្ហាដែលនាំឱ្យពួកគេក្លាយជាមនុស្សម្នាក់ដែលមានគុណតម្លៃសម្រាប់អនាគតប្រទេសរបស់គេ។
តាំងពីទសវត្សរ៍ឆ្នាំ 1980 ប្រព័ន្ធអប់រំហ្វាំងឡង់បានផ្តោតការយកចិត្តទុកដាក់លើចំណុចមួយចំនួនដូចជា៖
– ការអប់រំត្រូវតែជាកន្លែងដែលធ្វើឱ្យមានតុល្យភាពក្នុងសង្គម មិនមែនវិសមភាពនោះទេ។
– សិស្សទាំងអស់ទទួលបានអាហារដោយឥតគិតថ្លៃសិស្សចាំបាច់ត្រូវមានចំណេះដឹងលើការរក្សាសុខភាព។
– មានកម្មវិធីប្រឹក្សាផ្នែកចិត្តសាស្ត្រក្នុងសាលា។
– មានការជំរុញ និងបណ្តុះបណ្តាលជាលក្ខណៈឯកជន មានន័យថា សិស្សម្នាក់ៗអាចទទួលបានការយកចិត្តទុកដាក់ដោយទទួលបានជំនួយលើការអភិវឌ្ឍនូវអ្វីដែលខ្លួនចង់ធ្វើ ឬគម្រោងផ្សេងៗដែលកើតចេញពីសមត្ថភាពផ្ទាល់ខ្លួន។
4. មានកិច្ចការផ្ទះតិច តែមានការងារខាងក្រៅច្រើន
យោងតាមរបាយការណ៍របស់ស្ថាប័ន ORCD បានបញ្ជាក់ថា សិស្សនៅក្នុងប្រទេសហ្វាំងឡង់ភាគច្រើនចំណាយពេលវេលាដើម្បីសិក្សាខាងក្រៅផ្ទះ ឬក្នុងសង្គមជាក់ស្តែងច្រើនជាងធ្វើកិច្ចការងារនៅក្នុងផ្ទះ។ បើប្រៀបធៀបជាមួយសិស្សទូទៅនៅលើពិភពលោក សិស្សនៅហ្វាំងឡង់ចំណាយពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះជារៀងរាល់យប់ដើម្បីធ្វើកិច្ចការងារផ្ទះ។
សិស្សនៅក្នុងប្រទេសហ្វាំងឡង់ភាគច្រើនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្វែងរក (explore) ហេតុផលពិតប្រាកដនៃអ្វីដែលគេកំពុងសិក្សា ហើយអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនដោយគ្មានសម្ពាធ ខណៈពួកគេមានទាំងសម្ភារ និងការតម្រង់ទិសល្អពីគ្រូបង្រៀននៅសាលា៕