Skip to content

ចិន​នឹងជួយ​សាងសង់ផ្លូវ​ក្រវាត់​ក្រុង​ទី3 តម្លៃ​សរុប​ជាង ​250លាន​ដុល្លារ

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី3 ដែល​រត់​កាត់​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ពី​ផ្លូវ​ជាតិ​លេខ4 មក​ផ្លូវជាតិ​លេខ​3 ផ្លូវ​ជាតិ​លេខ​2 និង​បញ្ចប់​នៅ​ផ្លូវ​ជាតិ​លេខ1​ ជា​ជំនួយ​របស់​ចិនដែលមានតម្លៃ​សរុប259លាន​ដុល្លារ​អាមេរិក​​ គ្រោង​នឹង​សាងសង់​នៅ​ពេល​ឆាប់​ៗ ខាងមុខ​នេះ។  

មន្ត្រី​ជំនាញ​មកពី​មន្ទីរ​សាធារណការ​ក្រុង​បាន​ឱ្យ​ដឹង​ថា តាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងធនាគារ នីហរ័ណ អាហរ័ណ​ចិន បាន​យល់ព្រម​ផ្តល់​ឥណទាន​សម្បទាន ក្នុង​រង្វង់​ទឹក​​ប្រាក់​ប្រមាណ 259លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី3 នឹង​គ្រោងសាងសង់​ឆាប់​ៗ​នេះ​ហើយដែលកិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា កាល​ពី​ថ្ងៃ​ទី10 ខែ​កក្កដា ឆ្នាំ​2018កន្លង​មក​។

លោក​បាន​បញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​ សៀង​ហៃ ​ជា​អ្នក​ទទួល​ខុសត្រូវ​ក្នុង​ការងារសាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី​3 ​នេះ និង​ដោយ​មាន​ការ​ត្រួត​ពិនិត្យ​បច្ចេកទេស​ពី​ក្រុមហ៊ុន​ក្វាងចូវ វ៉ាន់អាន​មកពី​ប្រទេស​ចិន។

គម្រោង​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី3 មាន​ស្ថានភាព​បត់បែន បែក​ខ្នែង​ខ្វាត់ខ្វែង និង​មាន​ប្រវែង​សរុប​ 47,6​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ ​4គន្លង ដែល​មួយ​គន្លង មាន​ទទឹង ​3,50ម៉ែត្រ និងមាន​ទទឹង​តួ​ផ្លូវ​សរុប 25ម៉ែត្រ។ ចំណែក​ផ្លូវ​ទោចក្រ​យានយន្តមាន ​2គន្លង មួយ​គន្លង​មាន​ទទឹងប្រវែង 2,25​ម៉ែត្រ។

ផ្លូវ​នេះ​នឹង​ត្រូវ​សាងសង់ចាប់ពី​ផ្លូវជាតិ​លេខ​4 ម្តុំ​អូរ​ដឹម ត្រង់​គីឡូម៉ែត្រ​លេខ 14+105 ទៅ​ចំណុច​បញ្ចប់​ភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ​1 ត្រង់​គីឡូម៉ែត្រ​លេខ 24+840 ដោយ​ត្រូវ​កាត់​តាមផ្លូវ​ជាតិ​លេខ​3 ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​21+200 កាត់​ផ្លូវ​ជាតិ​លេខ​2 ត្រង់​ចំណុច​គីឡូម៉ែត្រ លេខ22+800និង​កាត់​ផ្លូវ​ជាតិ​លេខ​21 ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ 18+400 និងមានផ្លូវបែក​ខ្នែង​ប្រវែង5,375ម៉ែត្រ៕

តាមរយៈគម្រោងសាងសង់ផ្លូវក្រវាត់ទីក្រុងទី3 នេះ ជាការពង្រីកផ្លូវក្រវាត់ក្រុងថ្មី ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដែលកំពុងតែមានកំណើន​ខ្លាំងក្លា ទាមទារឱ្យពង្រីកទំហំក្រុងបន្ថែមទៀត ដើម្បីពង្រីកទំហំវិនិយោគ​ឱ្យកាន់​តែច្រើន។ គេក៏រំពឹងដែរថា ផ្លូវក្រវាត់ក្រុងដ៏ធំមួយនេះ នឹងជំរុញទាំងចំនួន និងតម្លៃ​អចលនទ្រព្យ​នៅ​ក្នុងតំបន់នោះឱ្យកើនឡើងថែមទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *