កីឡាករ Lewis Hamilton ត្រូវបានបង្ខំឱ្យរង់ចាំសម្រាប់ការឈ្នះពានពិភពលោកជាលើកទី5 នៅពេលដែលរូបគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ3 ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្ត US Grand Prix កាលពីថ្ងៃអាទិត្យ ខណៈដែលកីឡាករ Kimi Raikkonen របស់ក្រុម Ferrari ដណ្តើមបានជ័យជម្នះជាលើកទី1ក្នុងរយៈពេលច្រើនជាង 5ឆ្នាំ។
គូប្រជែងដណ្តើមពាន Sebastian Vettel របស់ក្រុម Ferrari បានស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ដែលមានន័យថា ការប្រជែងពានពិភពលោក នឹងត្រូវកាត់សេចក្តីក្នុងប្រទេសម៉ិកស៊ិក នៅចុងសប្តាហ៍ក្រោយជំនួសវិញ។ បច្ចុប្បន្ន Hamilton កំពុងនាំមុខលើ Vettel ចំនួន 70ពិន្ទុ ហើយស្របពេលដែលមានពិន្ទុនៅសល់ចំនួន 754ពិន្ទុទៀតដែលត្រូវដណ្តើមយកក្នុងការប្រណាំង 3លើកចុងក្រោយ រូបគេអាចឈ្នះពានពិភពលោកជាលើកទី5 តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ7 នៅប្រទេសម៉ិកស៊ិក ប្រសិនបើ Vettel ទទួលជ័យជម្នះ។ ប្រសិនបើ Vettel មិនអាចដណ្តើមបានជ័យជម្នះទេនោះ Hamilton នឹងក្លាយជាម្ចាស់ជើងឯក។ កីឡាករ Max Verstappen របស់ក្រុម Red Bull បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ2 កាលពីថ្ងៃអាទិត្យ ក្រោយពីចេញដំណើរពីលេខរៀងទី18។
Hamilton ដែលបានចាប់ផ្តើមប្រណាំងដោយចេញដំណើរពីលេខរៀងទី1 និងសម្លឹងរកការឈ្នះជាលើកទី6 របស់គេនៅលើផ្លូវ Circuit of the Americas បានឱ្យដឹងថា៖ «សូមអបអរសាទរចំពោះ Kimi និងអបអរដល់ Max ផងដែរ។ នេះគឺជាការប្រណាំងដ៏ល្អបំផុតដែលយើងអាចធ្វើបាននៅថ្ងៃនេះ ហើយវាពិតជាអស្ចារ្យណាស់ដែលយើងត្រូវតែធ្វើការប្រណាំងដ៏ស្វិតស្វាញ»។ Raikkonen ដែលការឈ្នះជាលើកចុងក្រោយរបស់គេ បានកើតឡើងក្នុងព្រឹត្តិការណ៍ Australian Grand Prix ឆ្នាំ2013 នោះ មិនបានបង្ហាញពីការរំភើបខ្លាំងឡើយ៕
ប្រភពពី៖ Channel News Asia