ភាពស្រស់ស្អាតតាមបែបធម្មជាតិ និងភាពស្រស់ស្អាតតាមរយៈការតុបតែងមុខគឺមានភាពផ្ទុយគ្នាស្រឡះ ព្រោះសម្រស់ទាំង2ប្រភេទនេះគឺបានបង្ហាញពីភាពស្រស់ស្អាតខុសគ្នា ដែលអាចសម្គាល់ឃើញយ៉ាងច្បាស់។ ភាពស្រស់ស្អាតតាមបែបធម្មជាតិ គឺជាភាពស្រស់ស្អាតដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ព្រោះវាជាសោភ័ណភាពនៃសម្រស់ដែលមិនងាយនឹងរលាយបាត់ពីខ្សែភ្នែករបស់អ្នកផងទាំងពួង។ ចំពោះអ្នកដែលមិនបានកើតមករួមជាមួយនឹងភាពស្រស់ស្អាតពីធម្មជាតិទាំងស្រុងទេនោះ ក៏មិនមែនមានន័យថា អ្នកមិនអាចទទួលបានភាពស្រស់ស្អាតតាមបែបធម្មជាតិដែរ។ ចង់បានស្បែកស្រស់ស្អាតជាទីទាក់ទាញចិត្តនៃមនុស្សដែលនៅជុំវិញខ្លួននោះមិនមែនជាបញ្ហាធំនោះទេ ព្រោះថាមានវិធីច្រើនណាស់ដែលអាចឱ្យអ្នកយកមកប្រើដើម្បីទាញយកភាពស្រស់ស្អាតបានដោយរូមមន្តទាំង4ដូចខាងក្រោម៖
រូបមន្តទី1៖ កិនដំឡូងបារាំងឱ្យម៉ដ្ឋ រួចយកមកលាបលើផ្ទៃមុខរបស់អ្នករាល់ថ្ងៃ ដើម្បីកាត់បន្ថយសារជាតិពណ៌ខ្មៅនៅក្នុងរាងកាយ និងជួយបំបាត់ស្នាមជាំនៅលើស្បែកមុខ និងបន្ថែមភាពសស្អាតដល់ស្បែកមុខ និងស្បែកដងខ្លួនរបស់អ្នក។ អ្នកអាចអនុវត្តវិធីនេះបានទាំងចំពោះដំឡូងបារាំងឆៅ និងដំឡូងបារាំងឆ្អិន។ ប្រសិនបើ
អ្នកជ្រើសរើសប្រើដំឡូងបារាំងឆ្អិននោះ អ្នកអាចបន្ថែមទឹកដោះគោឆៅបន្តិចទៅក្នុងសាច់ដំឡូងដែលកិនរួចនោះទៀតក៏កាន់តែប្រសើរ។
រូបមន្តទី2៖ ម្សៅដែលបានមកពីដើមចន្ទន៍ក្រស្នា លាយជាមួយទឹកក្រូចឆ្មារ ទឹកប៉េងប៉ោះ និងទឹកត្រសក់ រួចយកមកលាបនៅលើស្បែកមុខ។ ទុកចោលប្រហែល15 ទៅ20នាទី សឹមលាងចេញដោយទឹកស្អាត។ ការធ្វើបែបនេះ អាចជួយឱ្យស្បែកមុខរបស់អ្នកកាន់តែសស្អាត ស្រស់ផូរផង់ថែមមួយកម្រិតទៀត។ វិធីនេះវាអាចមានការពិបាកបន្តិចសម្រាប់អ្នកក្នុងការស្វែងរកម្សៅពីដើមចន្ទន៍ក្រស្នា ប៉ុន្តែបើអាចធ្វើបានអ្នកគួរតែសាកល្បង ដើម្បីបង្អួតអ្នកដទៃនូវសម្រស់ដ៏ស្អាតផូរផង់របស់អ្នក តែបើអ្នកចង់ឱ្យស្បែកដងខ្លួនរបស់អ្នកសស្អាតដូចបំណងនោះ អ្នកក៏អាចអនុវត្តវិធីនេះជាមួយនឹងស្បែកដងខ្លួនរបស់អ្នកក៏បាន។
រូបមន្តទី3៖ យកសម្បកក្រូចទៅហាលថ្ងៃឱ្យស្ងួត រួចកិនឱ្យម៉ដ្ឋ បន្ទាប់មកយកវាមកលាយ ជាមួយទឹកដោះគោឆៅ ហើយលាបឱ្យសព្វលើផ្ទៃមុខរបស់អ្នក។ ទុកវាលើផ្ទៃមុខរហូតដល់អ្នកមើលឃើញថា វាស្ងួតបានយូរបន្ដិច សឹមជម្រះចេញដោយទឹកក្ដៅឧណ្ហ។ ប្រសិនបើអ្នកអាចអនុវត្តវិធីបែបនេះឱ្យបានរាល់ថ្ងៃ នោះអ្នកពិតជាបានឃើញពីបម្រែបម្រួលនៃសភាពស្បែករបស់អ្នកជាក់ជាមិនខាន។
រូបមន្តទី4៖ ក្រូចឆ្មារជាមួយត្រសក់ ក៏មានប្រសិទ្ធភាពខ្ពស់ណាស់ដែរ ក្នុងការជួយបន្ថែមភាពភ្លឺថ្លាទៅឱ្យស្បែក ហើយក៏ជួយសម្រួលដល់ស្បែកដែលមានបញ្ហាដោយការរលាកនៃកម្តៅថ្ងៃផងដែរ។ ទឹកត្រសក់1ស្លាបព្រា, ទឹកក្រូចឆ្មារ 1ស្លាបព្រា និងម្សៅរមៀត1ស្លាបព្រា រូបមន្តនេះសម្រាប់អ្នកដែលមានស្បែកឡើងជាតិប្រេងច្រើន ប៉ុន្តែបើអ្នកមានស្បែកស្ងួតវិញនោះ គួរបន្ថែម Glycerine 1ស្លាបព្រាទៀត។ លាយល្បាយទាំងអស់នេះចូលគ្នា រួចយកមកលាបនៅលើផ្ទៃមុខ និងក្រោមភ្នែកដោយប្រើសំឡីជាជំនួយ។ ទុកវាចោល15នាទី សឹមសម្អាតចេញជាមួយនឹងទឹកស្អាត (ទឹកត្រជាក់ធម្មតា)។ រយៈពេលមួយសប្តាហ៍ក្រោយមក អ្នកនឹងទទួលបាននូវលទ្ធផលជាទីគាប់ចិត្តមិនខាន។
សាកល្បងអនុវត្តវិធីណាមួយដែលអ្នកគិតថាល្អ និងងាយស្រួលដោយខ្លួនអ្នក ដើម្បីភាពស្រស់ស្អាតទាក់ភ្នែកដែលជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នា៕