កាន់តែកក្រើកនិងលេចធ្លោរនូវការបង្ហាញសមត្ថភាពច្រៀងរបស់ប្អូនប្រុស ទេព ពិសិដ្ឋ នារាត្រីថ្ងៃទី20 ខែតុលា ឆ្នាំ2018 ក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី2 ក្នុងវគ្គ Live Show សប្ដាហ៍ទី 1 នេះ ។
មកដល់វគ្គនេះ គេកត់សម្គាល់ឃើញថា បេក្ខភាពដែលប្រកួតប្រជែងសុទ្ធសឹងតែមានសមត្ថភាពខ្ពស់ក្នុងការបកស្រាយបទចម្រៀងក្រោមការបង្ហាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹករៀងៗខ្លួន។ ដោយឡែកកុមារា ទេព ពិសិដ្ឋ បានឡើងមកបញ្ចេញសមត្ថភាពលើឆាក ក្នុងវគ្គ Live Show បកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា «Sorry មួយលានដង» ដែលជាសំនៀងដើមរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ធ្វើឱ្យអង្រួនអារម្មណ៍ទស្សនិកជន និងគណៈកម្មការស្លុងតាមបទចម្រៀងព្រោះតែសម្លេងដ៏ពិរោះរណ្ដំរបស់ក្មេងប្រុសម្នាក់នេះ។
កុមារមានវ័យ 14ឆ្នាំ រូបនេះ ត្រូវបានអ្នកគាំទ្រមើលឃើញពីសមត្ថភាពច្រៀងតុងខ្ពស់បានល្អ និងការរក្សាសំឡេងឱ្យនៅតែមានទឹកដមមិនប្រែប្រួល ទើបជាហេតុនាំឱ្យគ្រប់គ្នាទស្សទាយថា ក្មេងប្រុសរូបនេះ ច្បាស់ជាក្លាយជាអ្នកលើកពានរង្វាន់ The Voice Kids Cambodia រដូវកាលទី2 ជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ទេព ពិសិដ្ឋ ជាកូនក្រុមរបស់គ្រូបង្វឹក ឱក សុគន្ធកញ្ញា និងរំពឹងថា ប្អូនទទួលបានសារគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់មហាជនគ្រប់រូប៕