លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានសម្ដែងការមិនសោកស្តាយជុំវិញការមិនបានទិញចូលកីឡាករថ្មីក្នុងក្រុមរបស់លោកក្នុងពេលបិទរដូវកាល តាមរយៈការបញ្ជាក់ថា ការចាប់ផ្តើមយ៉ាងល្អរបស់ក្រុមរបស់លោកក្នុងក្របខ័ណ្ឌ Premier League បង្ហាញថា ការសម្រេចចិត្តនេះពិតជាត្រឹមត្រូវ។
Spurs ដែលបានក្លាយជាក្រុមដំបូងគេក្នុងការមិនទិញចូលកីឡាករថ្មីសូម្បីតែម្នាក់ បើគិតចាប់តាំងពីទីផ្សារដោះដូរកីឡាករត្រូវបានបង្កើតឡើងនោះ បានតាមស្មើទៅនឹងកំណត់ត្រាដ៏ល្អបំផុតរបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League តាមរយៈការរកបាន 18ពិន្ទុពីការប្រកួត 8លើក។
លោក Daniel Levy ប្រធានប្រតិបត្តិក្លិបបានបង្ហើបឱ្យដឹងនៅសប្តាហ៍នេះក្នុងកិច្ចប្រជុំមួយជាមួយនឹងអ្នកគាំទ្ររបស់ក្លិប Tottenham ថា លោកមានការរីករាយចំពោះសកម្មភាពនារដូវក្តៅរបស់ក្លិប ហើយលោក Pochettino ក៏បានយល់ស្របបែបនោះដែរ។
លោក Pochettino បានឱ្យដឹងថា៖ «វាពិតជាលំបាកណាស់ក្នុងការទទួលបានកីឡាករថ្មីដែលយើងត្រូវការ វាមិនអាចទៅរួចឡើយ តែខ្ញុំពិតជារីករាយ និងពេញចិត្តជាមួយនឹងក្រុមដដែលរបស់ខ្ញុំ ពោលគឺកីឡាករទាំង 25នាក់»។
គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «យើងមិនមានការសោកស្តាយឡើយ ប៉ុន្តែ យើងពិតជារីករាយណាស់ នៅពេលដែលយើងបានចាប់ផ្តើមរដូវកាលនេះ ជាមួយនឹងការប្រកួត 3លើកដែលយើងឈ្នះ ហើយយើងបានស្ថិតនៅលើកំពូលតារាង ដែលនាំឱ្យមនុស្សជាច្រើននិយាយផ្សេងៗគ្នាថា ក្រុម Tottenham ពិតជាឆ្លាតវៃណាស់ ពីព្រោះពួកគេរក្សាទុករាល់កីឡាករពីរដូវកាលមុនទាំងអស់»។
លោក Pochettino បានបន្ថែមទៀតថា៖ «ក្រោយពីយើងបានចាប់ផ្តើមចាញ់ការប្រកួតប៉ុន្មានលើកមក ការបារម្ភផ្សេងៗបានចាប់ផ្តើមបង្កើតឱ្យមានឥទ្ធិពលដ៏ធំមួយក្នុងទស្សនៈនោះ។ ប៉ុន្តែ ខ្ញុំត្រូវតែរំឭកអ្នកគ្រប់គ្នាថា នេះគឺជាការចាប់ផ្តើមយ៉ាងល្អបំផុតរបស់យើង ក្រោយពីការប្រកួត 8លើក»៕
ប្រភពពី៖ Sport24