សេ្ដចប្រដាល់ហ្វីលីពីន Manny Pacquiao បានបញ្ជាក់ថា ការប្រកួតនៅខែមករា នៅលើទឹកដីអាមេរិក ជាមួយនឹងកីឡាករអាមេរិក Adrien Broner មានភាពច្បាស់លាស់ស្ទើរតែទាំងស្រុងហើយ ប៉ុន្តែ រូបគេបានព្យាយាមលុបចោលពាក្យចចាមអារ៉ាមផ្សេងៗចំពោះការប្រកួតសងសឹកជាមួយនឹងកីឡាករ Floyd Mayweather។
Pacquiao វ័យ 39ឆ្នាំ បានបង្កើតឱ្យមានទំព័រថ្មីក្នុងអាជីពកីឡាប្រដាល់របស់គេ កាលពីខែកក្កដា ដែលនៅពេលនោះរូបគេបានកត់ត្រាជ័យជម្នះតាមរយៈការផ្តួលដៃគូឱ្យសន្លប់ជាលើកទី1 ក្នុងរយៈពេល 9ឆ្នាំ ក្នុងការប្រកួតជាមួយនឹងកីឡាករ Lucas Matthysse សញ្ជាតិអាហ្សង់ទីន។
ចាប់តាំងពីពេលនោះមក Pacquiao បានច្រានចោលការអំពាវនាវនានាក្នុងការចូលនិវត្តន៍ និងបានសន្យាថា នឹងប្រកួតម្តងទៀត ដែលបាននាំឱ្យមានព័ត៌មានមិនច្បាស់លាស់ទាក់ទងនឹងគូប្រកួតបន្ទាប់របស់គេ។ ប៉ុន្តែ ក្នុងកម្មវិធីសប្បុរសធម៌មួយកាលពីថ្ងៃពុធ ក្នុងទីក្រុងម៉ានីល Pacquiao បានប្រាប់អ្នកយកព័ត៌មានថា៖ «Broner, Adrien Broner»។
កីឡាកររូបនេះបានបន្ថែមទៀតថា រូបគេចង់ប្រកួតជាមួយនឹងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោក 4ប្រភេទផ្សេងគ្នារូបនេះ នៅថ្ងៃទី12 ឬថ្ងៃទី19 ខែមករា ក្នុងទីក្រុង Las Vegas។ ខណៈបន្ថែមថា ការប្រកួតនេះ មានភាពច្បាស់លាស់៩០ភាគរយនោះ Pacquiao បានឱ្យដឹងថា៖ «វាស្ទើរតែជាការប្រកួតចុងក្រោយហើយ ប៉ុន្តែវាមិនទាន់បញ្ចប់នៅឡើយទេ»។
Mayweather វ័យ 41ឆ្នាំ បានឱ្យដឹងកាលពីខែកញ្ញាថា រូបគេនឹងចាកចេញពីការចូលនិវត្តន៍ ដើម្បីជួបជាមួយនឹង Pacquiao នៅចុងឆ្នាំនេះ ក្នុងការប្រកួតសងសឹកមួយ ក្រោយពីការជួបគ្នាជាលើកទី1 កាលពីឆ្នាំ2015 ដែលកីឡាករទាំង2 នឹងរកបានចំណូលច្រើនដូចគ្នា៕
ប្រភពពី៖ Channel News Asia