ការវិវឌ្ឍនៃវិស័យសំណង់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បន្ទាប់ពីវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដោយវិស័យសំណង់ និងអចលនទ្រព្យមានតម្លៃទុនវិនិយោគប៉ាន់ស្មានប្រមាណជាជិត 5ពាន់លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ឯកឧត្តម ឡៅ ទិព្វសីហា បានថ្លែងឱ្យដឹងថា ក្នុងរយៈពេល9ខែ ឆ្នាំ2018 វិស័យសំណង់ និងអចលនទ្រព្យ អាជ្ញាធរថ្នាក់ជាតិ និងរាជធានី-ខេត្តបានផ្ដល់លិខិតអនុញ្ញាតសាងសង់សរុប 2,541គម្រោង មានផ្ទៃក្រឡាសរុបជាង 10លានម៉ែត្រការ៉េ ហើយមានតម្លៃទុនវិនិយោគប៉ាន់ស្មានក្នុងវិស័យសំណង់ប្រមាណជា 4,820លានដុល្លារ។
ជាមួយគ្នានេះក៏មានការវិនិយោគរបស់វិស័យឯកជនមកពីបរទេសចំនួន 33គម្រោង ដែលមានផ្ទៃក្រឡាសំណង់ជាង 1លានម៉ែត្រការ៉េ និងមានតម្លៃទុនវិនិយោគប៉ាន់ស្មានជាង 484លានដុល្លារ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះបញ្ជីក្រុមហ៊ុនសិក្សាគម្រោងប្លង់ និងសាងសង់ នៅមានសុពលភាព 1,070ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនសិក្សាគម្រោងប្លង់ មាន 42ក្រុមហ៊ុន ក្រុមហ៊ុនសាងសង់មាន 1,028ក្រុមហ៊ុន។
ឯកឧត្តមក៏បានបញ្ជាក់ដែរថា ក្នុងនោះក៏មានក្រុមហ៊ុនសិក្សាគម្រោងប្លង់មកពីបរទេសដែលនៅមានសុពលភាពនៅឡើយមានចំនួន 366ក្រុមហ៊ុន។ ក្រសួងក៏បានចុះបញ្ជីរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ស្ថាបត្យកម្ម ក៏ដូចជាប្លង់គ្រឿងផ្គុំសំណង់ ដែលមានចំនួន 140នាក់ផងដែរ។ នៅក្នុងនោះមានស្ថាបត្យករចំនួន 86រូប ដែលមានជនបរទេស 3រូប និងមានវិស្វករ 46រូប មានបរទេស 1រូប។
ដោយឡែករយៈពេល 9ខែ ឆ្នាំ2018នេះ គណៈស្ថាបត្យករកម្ពុជា បានដំណើរការចុះបញ្ជីបាន57រូប និងមានបរទេសចំនួន 2រូប។ បើគិតចាប់ពីឆ្នាំ2014 រហូតមកដល់9ខែ ឆ្នាំ2018នេះ គណៈស្ថាបត្យករកម្ពុជា បានចុះបញ្ជីសវនករបានចំនួន 713រូប។
ឯកឧត្តមបន្តថា ចំពោះសំណង់បុរីលំនៅឋាន និងសំណង់អគារខ្ពស់ៗ ក្នុងរយៈពេល9ខែនេះ គឺមានបុរីលំនៅឋានចំនួនសរុប 41ទីតាំង។ ហើយគិតរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺមានបុរីលំនៅឋាន ឬក៏លំនៅឋានលក្ខណៈបុរីចំនួន 228ទីតាំង និងមានអ្នកស្នាក់នៅពី 65 ទៅ75% ដែលបានស្នាក់នៅក្នុងបុរីលំនៅឋានទាំងនោះ។ ចំពោះអគារខ្ពស់ៗចាប់ពី5ជាន់ មាន 92អគារ។ ហើយគិតចាប់ពីឆ្នាំ2005មកដល់ពេលច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានអគារខ្ពស់ពី 5ជាន់ឡើងទៅចំនួន 1,084អគារ។
បើតាមរបាយការណ៍ វិស័យសំណង់នេះក៏បានរួមចំណែកផ្តល់ការងារជូនពលរដ្ឋខ្មែរយ៉ាងច្រើនផងដែរ បើគិតជាមធ្យមពី 20ម៉ឺននាក់ទៅ 22ម៉ឺននាក់ក្នុង1ថ្ងៃ។ ដោយឡែកនៅភ្នំពេញមានកម្មករសំណង់បំពេញការងារជាមធ្យមចន្លោះ 9ម៉ឺនទៅ 10ម៉ឺននាក់ក្នុង1ថ្ងៃ។ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ2017 ការងារក្នុងវិស័យសំណង់នេះបានផ្តល់ការងារជូនពលរដ្ឋខ្មែរកើនឡើងដល់ទៅ120%។
របាយការណ៍បានគូសបញ្ជាក់ថា កម្មករគ្មានជំនាញអាចទទួលប្រាក់ឈ្នួលពី35,000 ទៅ40,000រៀលក្នុង1ថ្ងៃ។ កម្មករមានជំនាញ និងមេជាងទទួលបានប្រាក់ឈ្នួល50,000រៀល ទៅ7,5000រៀលក្នុង 1ថ្ងៃ។ ចំពោះវិស្វករ ស្ថាបត្យករ និងអ្នកជំនាញផ្សេងទៀតអាចទទួលបានប្រាក់ឈ្នួលចន្លោះពី400ដុល្លារទៅ 2,500ដុល្លារក្នុងមួយខែ៕