មជ្ឈដ្ឋានទូទៅទទួលស្គាល់ថា ទឹកដីក្នុងខេត្តនីមួយៗរបស់ប្រទេសកម្ពុជាសុទ្ធតែសម្បូរទៅដោយជីវជាតិ និងអំណោយផលពីធម្មជាតិសម្រាប់ដាំដុះដំណាំគ្រប់ប្រភេទ ប៉ុន្តែដោយសារតម្លៃទីផ្សារមិនសូវស្ថិតស្ថេរ ទើបធ្វើឱ្យដំណាំកសិផលមួយចំនួនមិនត្រូវបានកសិករដាំដុះ និងម្ចាស់ចម្ការមួយចំនួន បានស្វែងរកដំណាំណាដែលមានសក្តានុពលទីផ្សារក្នុងស្រុក និងនាំចេញខ្លាំងដើម្បីទទួលបានជោគជ័យក្នុងមុខរបរ និងទទួលបាននូវការគាំទ្រច្រើនពីប្រជាពលរដ្ឋផងដែរ។
ហេតុដូច្នេះហើយទើបក្រៅពីផ្លែឈើមួយចំនួនដែលពេញនិយម ដូចជាចេក ស្វាយ មៀន ជាដើមត្រូវបាននាំចេញទៅក្រៅប្រទេសហើយនោះ នៅមានផ្លែឈើជាច្រើនមុខទៀតក៏កំពុងត្រៀមខ្លួននាំចេញផងដែរ។ ដោយឡែក ទុរេនដែលជាដំណាំហូបផ្លែមួយដែរនោះកំពុងត្រូវបានកសិករជាច្រើន សម្រេចចិត្តដាំ ដោយសារតែដំណាំប្រភេទនេះងាយស្រួលរកទីផ្សារ ព្រោះផ្លែរបស់វាទទួលបានការពេញនិយមសម្រាប់ប្រជាពលរដ្ឋខ្មែរចូលចិត្តពិសា ដោយសាររសជាតិរបស់វាផ្អែមឆ្ងាញ់ និងក្រអូបខុសពីផ្លែឈើដទៃទៀត។
ដោយសារតែកសិករខ្មែរយើងជាច្រើនបានងាកមកដាំដំណាំទុរេនវិញនេះ ធ្វើឱ្យម្ចាស់កសិដ្ឋានបណ្ដុះកូនឈើដំណាំហូបផ្លែគ្រប់ប្រភេទម្នាក់នៅខេត្តបាត់ដំបងលក់កូនដើមទុរេនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះទទួលបានប្រាក់កម្រៃក្នុង 1ខែខ្ទង់ម៉ឺនដុល្លារ។ លោក គួន ឌឿន នៅកសិដ្ឋានកសិកម្មភ្នំព្រឹកបានរៀបរាប់ប្រាប់កាសែត ឡារ៉ែនពាណិជ្ជថា មូលហេតុដែលកសិករខ្មែរចាប់អារម្មណ៍ងាកមកដាំដំណាំទុរេននេះ គឺដោយសារកត្តាតម្លៃទីផ្សារ ព្រោះថាផ្លែទុរេននេះពេញនិយមសម្រាប់ការបរិភោគរបស់ពលរដ្ឋទូទៅ ហើយតម្លៃវាមានលក្ខណៈល្អប្រសើរ ពុំមានការធ្លាក់ថ្លៃខ្លាំង ដូចផលិតផលកសិកម្មផ្សេងទៀត ដូច្នេះទើបពួកគាត់សម្រេចចិត្តដាំដំណាំទុរេនវិញម្ដង។
អ្នកមានបទពិសោធខាងកសិកម្មរូបនេះបានរៀបរាប់ថា បច្ចុប្បន្ននៅស្រុកខ្មែរពុំទាន់មានការបណ្តុះពូជទុរេននៅឡើយទេ ព្រោះគ្រាប់ពូជបណ្តុះនៅស្រុកយើងធ្វើមិនបានល្អ។ ដូច្នោះហើយទើបយើងតែងនាំពូជពីថៃមកលក់ ដូចជាកសិដ្ឋានរបស់លោកក៏បាននាំពូជពីថៃមកលក់បន្តដែរ។ លោកបានបញ្ជាក់ថា សព្វថ្ងៃពូជទុរេនដែលនាំមកលក់មានតែ 2ប្រភេទទេដែលគេនិយមដាំ គឺពូជទុរេនថៃឈ្មោះម៉នថង និងពូជទុរេនម៉ាឡេស៊ីឈ្មោះ មូសាំឃីង។ ប្រភេទទុរេនទាំង2នេះនាំចូលមករាងធូរថ្លៃ គេនិយមដាំ ដែលយើងនាំចូលមកលក់បន្តក្នុងតម្លៃពី5$ ទៅ7$ក្នុងមួយដើម។
លោកបានឱ្យដឹងទៀតថា កាលពីប៉ុន្មានខែមុនកសិដ្ឋានលោកបានបណ្ដុះកូនចេកអំបូងលឿងលក់ទៅឱ្យក្រុមហ៊ុនចិនយកទៅដាំនៅឯកសិដ្ឋានធំៗជាច្រើននៅបណ្តាខេត្តមួយចំនួន ប៉ុន្តែមកដល់បច្ចុប្បន្ននេះលោកបាននាំចូលកូនដើមទុរេនមកលក់វិញម្ដង ដោយក្នុង 1ខែលោកអាចលក់បានយ៉ាងតិចបំផុតក៏ 1ម៉ឺន(10,000)ដើមដែរ។ ឯការចំណាយដើមទុនវិញគឺប្រមាណជា2 ទៅ3ម៉ឺនដុល្លារពេលទៅយកកូនពីថៃម្តងៗដែលរួមទាំងការដឹកជញ្ជូនផង(ក្នុង1ម៉ឺនដើម) ដូច្នេះបើគិតត្រឹមតែ 1ដើមចំណេញតែ1$នោះ ក្នុង1ខែគាត់អាចចំណេញបាន1ម៉ឺនដុល្លារដែរ។
លោក ឌឿន បានឱ្យដឹងទៀតថា ចំពោះខេត្តដែលបានទិញកូនដើមទុរេនពីលោកយកទៅដាំមានដូចជាខេត្តរតនគិរី មណ្ឌលគិរី កំពង់ចាម កំពង់ធំ កំពត ត្បូងឃ្មុំ និងសៀមរាបជាដើម ដែលកសិដ្ឋាននៅក្នុងបណ្តាខេត្តទាំងនោះមានចំនួនពី5 ទៅ10កសិដ្ឋាន ហើយក្នុងកសិដ្ឋាននីមួយៗមានពី10 ទៅ20ហិកតា ចំណែកការដឹកជញ្ជូន គឺលោកដឹកទៅដល់គោលដៅតែម្តងដោយទូទាត់តម្លៃតាមការចរចា។
លោកបានប្រាប់ថា ក្នុងការនាំចូលកូនដើមទុរេនពីថៃយកមកលក់នេះ គឺយើងបានបង្រៀនពីបច្ចេកទេសដាំដុះដល់កសិករដោយពុំបានឱ្យប្រើជីគីមីទេ គឺប្រើតែជីធម្មជាតិដោយមានអ្នកបច្ចេកទេសមកពីប្រទេសថៃមកពន្យល់ពីការដាំដុះ និងថែទាំ។ លោកបន្តថា ថ្វីដ្បិតតែទុរេនមិនងាយស្រួលដាំប៉ុន្មានមែន តែរយៈពេលតែ 4ឆ្នាំប៉ុណ្ណោះ ទុរេននឹងចាប់ផ្ដើមឱ្យផលហើយ។ លោកបន្ថែមថា ក្នុងរយៈពេលដែលទុរេនចាប់ផ្ដើមឱ្យផលដំបូងនេះ អ្នកដាំទទួលបានផលតិចតួចនៅឡើយទេ តែចាប់ពីឆ្នាំទី6ឡើងទៅទើបទុរេនចាប់ផ្ដើមឱ្យផលពេញទំហឹង ដោយក្នុង1ដើមបានប្រមាណជា100 ទៅ200គីឡូក្រាម ហើយវាក៏អាចកើនឡើងបន្ថែមទៀតដែរនៅពេលដើមកាន់តែចាស់ទៅ។
លោក ឌឿន បានឱ្យដឹងថា បើតាមម្ចាស់ចម្ការទុរេន1កន្លែងដែលមានផ្ទៃដីដាំដុះចំនួន 5ហិកតា ស្មើនឹងទុរេន 200ដើម ស្ថិតក្នុងភូមិជ្រី សង្កាត់យក្សឡោមក្រុងបានលុង ខេត្តរតនគិរីបានឱ្យដឹងថា បច្ចុប្បន្នចំពោះផ្ទៃដី 5ហិកតារបស់គាត់នេះ គាត់អាចរកប្រាក់ចំណូលបានប្រមាណជា 2ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុង 1ឆ្នាំៗ ដោយលក់បានក្នុង 1គីឡូតម្លៃចន្លោះពី1ម៉ឺន7ពាន់រៀល ទៅ2ម៉ឺន2ពាន់រៀល។
លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរថា សុំឱ្យបន្តការគាំទ្រកសិផលធម្មជាតិរបស់កូនខ្មែរ ព្រោះថា ប្រជាកសិករយើងបានងាកមកចាប់ផ្ដើមដាំដំណាំទុរេនជាបន្តបន្ទាប់នៅក្នុងឆ្នាំ2018 នេះ បើទោះជាពូជនាំចូលពីប្រទេសជិតខាង និងកសិផលមានតម្លៃខ្ពស់ជាងបន្តិចបន្តួចបើធៀបជាមួយកសិផលនាំចូលពីប្រទេសជិតខាងក៏ដោយ៕